ជាតិ
សង្គមជាតិ
ក្រោយសះស្បើយកូវីដលើស៤ខែ ពលរដ្ឋ និងក្មេងអាយុចាប់ពី ៦ឆ្នាំ អាចចាក់វ៉ាក់សាំងបាន
22, Sep 2021 , 9:53 pm        
រូបភាព
កម្ពុជាបានចាក់វ៉ាក់បង្ការកូវីដ-១៩ដល់ពលរដ្ឋប្រមាណ ៧៨ភាគរយ នៃប្រជាជនសរុប១៦លាននាក់ហើយ។
កម្ពុជាបានចាក់វ៉ាក់បង្ការកូវីដ-១៩ដល់ពលរដ្ឋប្រមាណ ៧៨ភាគរយ នៃប្រជាជនសរុប១៦លាននាក់ហើយ។
ដោយ:
ភ្នំពេញ៖ ប្រជាពលរដ្ឋដែលជាសះស្បើយពីជំងឺកូវីដ-១៩ ចាប់ពី៤ខែឡើងទៅ និងមានអាយុចាប់ពី៦ឆ្នាំ អាចចាក់វ៉ាក់សាំងកូវីដ-១៩បាន។  នេះបើតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល។



ក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១  បានប្រកាសឲ្យដឹងពីលក្ខខណ្ឌចាក់វ៉ាក់សាំងសម្រាប់អ្នកដែលបានឆ្លងជំងឺកូវីដ។ ចំពោះពលរដ្ឋ និងក្មេងចាប់ពីដែលមានវ័យចាប់ពី ៦ឆ្នាំឡើង និងបានជាសះស្បើយពីជំងឺនេះ លើពី៤ខែឡើងទៅ អាចស្វែងរកការចាក់វ៉ាក់សាំង ដើម្បីបង្កើនប្រព័ន្ធភាពស៊ាំការពារពីការឆ្លងមេរោគបាន។  
 
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ពលរដ្ឋដែលស្ថិតក្នុងចំណោមលក្ខខណ្ឌខាងលើនេះ អាចទៅទទួលវ៉ាក់សាំងបានដោយស្ម័គ្រចិត្តនៅតាមទីតាំងផ្សេងគ្នាជាច្រើន។ មន្ត្រីរាជការថ្នាក់ជាតិ អាចទទួលវ៉ាក់សាំងនេះបាននៅមន្ទីរពេទ្យកាល់ម៉ែត, មន្ទីរពេទ្យព្រះអង្គឌួង, មន្ទីរពេទ្យកុមារជាតិ, មន្ទីរពេទខ្មែរ- សូវៀត និងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក។ 
 
ចំណែក មន្ត្រីរាជការថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋទូទៅ ដែលស្ថិតក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត អាចចាក់វ៉ាក់សាំង នៅមន្ទីរពេទ្យបង្អែករាជធានី- ខេត្ត និងនៅតាមបណ្ដាទីតាំងចាក់វាក់សាំងកូវីដ-១៩ មួយចំនួននៅក្នុងរាជធានី-ខេត្ត ដែលកំពុងបើកដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩។  
 
គួរជម្រាបថា កម្ពុជា បាន ចាក់វ៉ាក់បង្ការកូវីដ-១៩ដល់ពលរដ្ឋ បាន១២ ៤៣៨ ៥៨៨លាននាក់ ដែលស្មើ ៧៨ភាគរយ បើធៀបនឹងចំនួនប្រជាជន១៦លាននាក់ ក្នុងនោះមានកុមារ និងយុវវ័យ ជាង៩០៣ ២៩៧លាននាក់ និងពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើង ជាង១, ៧៣លាននាក់។  ក្នុងចំណោមនោះ  មានពលរដ្ឋ ១០,៥២លាននាក់ហើយ ដែលបានចាក់វ៉ាក់សាំងដូសទី២ និង ជាង ៨សែននាក់ បានចាក់វ៉ាក់សាំងដូសទី៣៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com