ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
អ្នកកាន់អំណាច បន្តរងការរិះគន់ពីអ្នកប្រឆាំង ថារំលោភរដ្ឋធម្មនុញ្ញ
24, Sep 2021 , 9:59 pm        
រូបភាព
នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ គឺជាខួប២៨ឆ្នាំនៃការបង្កើតរដ្ឋធម្មនុញ្ញកម្ពុជា។ មិនខុសពីលើកមុនៗឡើយ ដោយទិវារម្លឹកខួប២៨ឆ្នាំនេះ អ្នកប្រឆាំង នៅតែរិះគន់ថា អ្នកកាន់អំណាច បានរំលោភរដ្ឋធម្មនុញ្ញ ខណៈអ្នកកាន់អំណាច អះអាងថា គោរពបានខ្ជាប់ខ្ជួន។


ក្រុមអ្នកប្រឆាំង ដែលរស់នៅឯក្រៅប្រទេស បានចេញសេចក្តីថ្លែងការណ៍ក្នុងនាមអតីតគណបក្សសង្គ្រោះជាតិ អំពីទិវារម្លឹកខួបលើកទី២៨ឆ្នាំនៃការបង្កើតរដ្ឋធម្មនុញ្ញ។ ក្នុងសេចក្តីថ្លែងការណ៍ ក្រុមអ្នកប្រឆាំង បានចោទអ្នកអំណាចថា ជាន់ឈ្លី និងបំផ្លាញស្មារតីនៃរដ្ឋធម្មនុញ្ញ។ អ្នកប្រឆាំង បន្តថា អ្នកកាន់អំណាច បានកែប្រែរដ្ឋធម្មនុញ្ញបន្តិចម្តងៗជាហូរហែ ដែលធ្វើឲ្យប៉ះពាល់ដល់គោលការណ៍នីតិរដ្ឋ សិទ្ធិមនុស្ស និងរបបប្រជាធិបតេយ្យសេរីពហុបក្ស។ 
 
ក្រុមអ្នកប្រឆាំង ចោទអ្នកកាន់អំណាចថា៖«ការជាន់ឈ្លី និងការរំលោភបំពានរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាយ៉ាងធ្ងន់ធ្ងរ និងយ៉ាងកំរោលនេះ បានធ្វើឲ្យភាពអយុត្តិធម៌សង្គម បន្តកើតមានស្ទើរគ្រប់ទីកន្លែង និងធ្វើឲ្យប្រទេសកម្ពុជា ត្រូវទទួលរងភាពអាប់ឱនកិត្តិយស និងបាត់បង់នូវកិត្យានុភាពទាំងលើឆាកជាតិ និងអន្តរជាតិ»។ 
 
សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា សរសេរលើទំព័រហ្វេសប៊ុកថា ក្នុងរយៈពេល២៨ឆ្នាំកន្លងមកនេះ រដ្ឋសភា បានបំពេញតួនាទីស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។ ប្រធានរដ្ឋសភា អំពាវនាវថា៖«សូមជនរួមជាតិគោរព ការពារ និងអនុវត្តតាមច្បាប់រដ្ឋធម្មនុញ្ញ សំដៅកសាង និងលើកកម្ពស់នីតិរដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង...»។ 
 
សម្តេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាល និងជាប្រធានគណបក្សប្រជាជនកម្ពុជា មិននិយាយថា រដ្ឋាភិបាល គោរពរដ្ឋធម្មនុញ្ញបានកម្រិតណានោះទេ ដោយគ្រាន់តែលើកឡើងពីប្រវត្តិសង្ខេបនៃការបង្កើតរដ្ឋធម្មនុញ្ញ និងគោលការណ៍ចម្បងៗនៃរដ្ឋធម្មនុញ្ញ ដែលកម្ពុជា ត្រូវគោរព។ 
 
តាមរយៈទំព័រហ្វេសប៊ុក សម្តេចនាយករដ្ឋមន្រ្តី បានរម្លឹកថា ក្រោយពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ កម្ពុជា បានចាប់ផ្តើមរៀបចំការបោះឆ្នោតជាលើកដំបូង ក្រោមការឧបត្ថម្ភរបស់អ៊ុនតាក់ (UNTAC)។ សម្តេច បន្តថា ក្រោយពីការបោះឆ្នោតរួចមក រដ្ឋធម្មនុញ្ញជាតិ ក៏ត្រូវបានបង្កើតឡើងជាប្រវត្តិសាស្ត្រ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ក្រោមឡាយព្រះហស្ថលេខាប្រកាសឲ្យប្រើប្រាស់ ដោយព្រះបាទ នរោត្តម សីហនុ អតីតព្រះមហាវីរក្សត្រកម្ពុជា។ 
 
ប្រមុខរដ្ឋាភិបាល មានប្រសាសន៍ថា៖«រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា។ ច្បាប់ និងសេចក្តីសម្រេចទាំងឡាយនៃស្ថាប័ននានារបស់រដ្ឋត្រូវស្របទៅនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត។ ចំណុចសំខាន់ៗបំផុតមួយចំនួន ដែលបានចែងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញមាន ដូចជា កម្ពុជា ត្រូវគោរពដាច់ខាតនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ របបប្រជាធិបតេយ្យសេរីពហុបក្ស។ រដ្ឋធម្មនុញ្ញកម្ពុជា បានចែងអំពីគោលការណ៍នៃការបែងចែកអំណាចដាច់ដោយឡែកពីគ្នា គឺ អំណាចនីតិបញ្ញត្តិ នីតិប្រតិបត្តិ និង តុលាការ...»។ 
 
លោក ហ៊ុន ម៉ានី តំណាងរាស្រ្តពីគណបក្សប្រជាជនកម្ពុជា បរិយាលើទំព័រហ្វេសប៊ុកថា ការដាក់ដំណើរការរដ្ឋធម្មនុញ្ញ គឺជាផ្នែកមួយ ដែលអនុញាតិឲ្យកម្ពុជាបាន បន្តស្វែងរក និងកសាងសន្តិភាពពិតប្រាកដតាមរយៈនយោបាយឈ្នះ ឈ្នះ របស់សម្តេចនាយករដ្ឋមន្ត្រី ហើយបានអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យ។ លោក ថ្លែងថា៖«រដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា បានផ្តល់ឲ្យប្រជាពលរដ្ឋមានសិទ្ធសេរីភាព ក្នុងការរស់នៅក្នុងសង្គមនៃសុខដុមភាវូបនីយកម្ម ដែលពោរពេញទៅដោយសេចក្តីសុខ សុភមង្គល និងសន្តិភាពពេញលេញពិតប្រាកដ»។
 
សូមបញ្ជាក់ថា រដ្ឋធម្មនុញ្ញកម្ពុជា មាន១៧ជំពូក​ និង១៦០មាត្រា។ ក្នុងរយៈពេល២៨ឆ្នាំមកនេះ រដ្ឋធម្មនុញ្ញកម្ពុជា ឆ្លងកាត់ធ្វើវិសោធនកម្មអស់៩លើក៕ 
 
 
 

Tag:
 រដ្ឋធម្មនុញ្ញ
  ខួប២៨ឆ្នាំ
© រក្សាសិទ្ធិដោយ thmeythmey.com