ជាតិ
នឹងមានព្រឹត្តិបត្រស្រាវជ្រាវផ្នែកច្បាប់ជាប្រចាំពីសាលាត្រាជូ
25, Sep 2021 , 4:04 pm        
រូបភាព
លោក ទី ហ្សានិត ប្រធានសមាគមសាលាត្រាជូ
លោក ទី ហ្សានិត ប្រធានសមាគមសាលាត្រាជូ
ដោយ: ថ្មីៗ
នៅថ្ងៃទី២ខែតុលាខាងមុខនេះ សមាគមសាលាត្រាជូ នឹងរៀបចំសម្ពោធព្រឹត្តិបត្រច្បាប់ លេខពិសេសទី១ជាផ្លូវការ តាមរយៈប្រព័ន្ធហ៊្សូម នារសៀលម៉ោង២។ អ្នកដែលចាប់អារម្មណ៍ព្រឹត្តិការណ៍នេះ អាចតាមដានទំព័រហ្វេសប៊ុករបស់សមាគមសាលាត្រាជូបាន។


ការសម្ពោធព្រឹត្តិបត្រស្រាវជ្រាវផ្នែកច្បាប់របស់សាលាត្រាជូ គឺជាផ្នែកមួយនៃការពង្រឹងការប្តេជ្ញាចិត្តរបស់ក្រុមអ្នកស្រាវជ្រាវផ្នែកច្បាប់របស់សមាគមសាលាត្រាជូបន្ថែមទៀត ដើម្បីពួកគេអាចចេញផ្សាយព្រឹត្តិបត្រច្បាប់យ៉ាងទៀងទាត់។ សមាជិក អ្នកស្រាវជ្រាវដំបូង អ្នកស្រាវជ្រាវជាន់ខ្ពស់ អ្នកធ្វើកម្មសិក្សារ ប្រមាណ២៥០នាក់ បានត្រៀមខ្លួនចែករំលែកអត្ថបទស្រាវជ្រាវរបស់ពួកគេនៅលើព្រឹត្តិបត្រច្បាប់សាលាត្រាជូនេះ។

ពិធីសម្ពោធព្រឹត្តិបត្រផ្លូវការនឹងត្រូវប្រារព្ធឡើងជាមួយនឹងការបោះពុម្ពកិច្ចការស្រាវជ្រាវមួយដែលទាក់ទងនឹងប្រធានបទបច្ចុប្បន្ននៃការឆ្លងរាលដាលជំងឺកូវីដតែម្តង។ «វ៉ាក់សាំងបង្ការកូវីដ-១៩ និងច្បាប់អន្តរជាតិ» គឺជាលទ្ធផលនៃការស្រាវជ្រាវដែលសរសេរដោយលោក ផល ពិសាល និងលោក រស់ សយម្ភូ។

ការបង្កើតព្រឹត្តិបត្រច្បាប់សាលាត្រាជូ មិនមែនជាសកម្មភាពថ្មីទេ នេះបើតាមការបញ្ជាក់របស់លោក ទី ហ្សានិត ប្រធានសមាគមសាលាត្រាជូ។ លោកពន្យល់ថា តាំងពីការកកើតសមាគមនេះក្នុងឆ្នាំ២០១២ ក្រុមការងាររបស់លោកបានចងក្រងព្រឹត្តិបត្របានយ៉ាងច្រើនហើយ គ្រាន់តែថា ការចងក្រងនោះនៅមិនទាន់ក្លាយជាកម្មវិធីទៀងទាត់។ លោក ទី ហ្សានិត មានប្រសាសន៍បន្ថែមថា៖«លើសពីនេះទៀត ការបង្កើតឱ្យមានព្រឹត្តិបត្រជាប្រចាំ គឺជាការលើកទឹកចិត្ត និងជំរុញការស្រាវជ្រាវផងដែរ។ បន្ទាប់មកអត្ថបទដែលត្រូវបោះពុម្ពផ្សាយទាំងនោះ នឹងក្លាយជាប្រយោជន៍ដល់សាធារណជន ដែលចាប់អារម្មណ៍អានសម្រាប់ចំណេះដឹង ក៏ដូចជាសម្រាប់ការស្រាវជ្រាវបន្តទៀតដែរ។»។

សមាគមសាលាត្រាជូបានបង្កើតសកម្មភាពជាច្រើនទាក់ទងនឹងការផ្សព្វផ្សាយចំណេះដឹងផ្នែកច្បាប់តាមរយៈការបោះពុម្ពផ្សាយ បាឋកថា វគ្គបណ្ដុះបណ្តាល និងកម្មវិធីសហប្រតិបត្តការសាលាត្រាជូ និងស្ថាប័នដៃគូជាច្រើនទាំងនៅក្នុងប្រទេស និងនៅប្រទេសបារាំង។ គិតត្រឹមឆ្នាំ២០២០ សាលាត្រាជូបានផលិតអត្ថបទស្រាវជ្រាវបានចំនួន៦៤ ជំនួយស្មារតី២៩ វិចារណកថា១៩ និងព្រឹត្តិបត្របច្ចុប្បន្នភាពគតិយុត្តប្រចាំសប្តាហ៍ចំនួន១៨១ ដោយមិនគិតពីវគ្គបណ្ដុះបណ្ដាល និងបាថកថាសាធារណៈជាច្រើន លើប្រធានបទសំខាន់ៗ និងជាបច្ចុប្បន្នភាពផ្សេងៗគ្នា៕


© រក្សាសិទ្ធិដោយ thmeythmey.com