ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
កម្ពុជា កំណត់ពេល១០ឆ្នាំ ដើម្បីធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈឲ្យល្អប្រសើរ
25, Sep 2021 , 11:29 pm        
រូបភាព
រូបភាពបង្ហាញពីសកម្មភាពប្រជាជន ដែលទៅរកសេវាសាធារណៈ នៅស្ថាប័នរដ្ឋមួយកន្លែងនាពេលកន្លងមក
រូបភាពបង្ហាញពីសកម្មភាពប្រជាជន ដែលទៅរកសេវាសាធារណៈ នៅស្ថាប័នរដ្ឋមួយកន្លែងនាពេលកន្លងមក
ដោយ: ថ្មីៗ
អ្នកតាមដានស្ថានការណ៍សង្គម បារម្ភពីការកើតមានអំពើពុករលួយ ក្នុងកិច្ចការកែទម្រង់រដ្ឋបាលសាធារណៈរយៈពេល១០ឆ្នាំនេះ ហើយធ្វើឲ្យលទ្ធផល ដែលទទួលបាន គឺមិនសូវល្អប្រសើរ និងធ្វើឲ្យខាតទាំងពេលវេលា ខាតទាំងថវិកាជាតិថែមទៀត។

 
 
គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ដែលដឹកនាំដោយលោក ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានដាក់ទិសដៅរយៈពេល១០ឆ្នាំ គឺពីឆ្នាំ២០២១ ដល់ឆ្នាំ២០៣០ ដើម្បីធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជាឲ្យកាន់តែល្អប្រសើរ។ ទិសដៅរយៈពេល១០ឆ្នាំ ក្នុងការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈនេះ គឺជាដំណាក់កាលជំហានទី១ របស់គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ។
 
លោក យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ មានប្រសាសន៍ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗថា៖«អ្វីដែលយើង គ្រោងនេះ យើង នឹងរៀបចំផែនការសកម្មភាព១០ឆ្នាំ ពីឆ្នាំ២០២១ ដល់២០៣០។ គណៈកម្មាធិការ នឹងដើរទៅដល់ពេលនុ៎ង»។ 
 
គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ដែលត្រូវបានបង្កើតឡើង នៅដើមខែមិថុនា ឆ្នាំ២០២១មក បានចាប់ផ្តើមបើកកិច្ចប្រជុំជាលើកដំបូង នៅចុងខែកញ្ញា ឆ្នាំ២០២១នេះ ដើម្បីពិភាក្សាគ្នាពីកិច្ចការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ។ 
 
បើតាមលោក យក់ ប៊ុនណា គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ នឹងរៀបចំកិច្ចប្រជុំជាបន្តបន្ទាប់ទៀត ដោយក្នុង១ខែប្រជុំម្តង។ លោក អះអាងថា កិច្ចប្រជុំលើកដំបូងនេះ បានពិនិត្យលើកិច្ចការសំខាន់ៗមួយចំនួន ដូចជា សេចក្តីព្រាងស្តីពីកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈរយៈពេល១០ និងការគ្រប់គ្រងមន្រ្តីរាជការតាមប្រព័ន្ធបច្ចេកវិទ្យា ជាដើម។ 
 
លោកបណ្ឌិត សេក សុជាតិ អ្នកតាមដានស្ថានការណ៍សង្គម សង្កេតឃើញថា កន្លងមក រដ្ឋាភិបាល តែងបង្កើតគណៈកម្មាធិការ ឬក្រុមការងារផ្សេងៗ ដើម្បីធ្វើកិច្ចការលើវិស័យអ្វី១ ហើយមិនសូវទទួលបានលទ្ធផលល្អឡើយ ដោយសារមានមន្រ្តីអសកម្ម មានអំពើពុករលួយ និង មិនមានវិធានការលើមន្រ្តីខិលខូចទាំងនោះ។ យោងតាមបទពិសោធនេះ លោក បារម្ភថា គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ អាចនឹងដើរជាន់គន្លងចាស់ ដូចគណៈកម្មាធិការ ឬក្រុមការងារ ដែលត្រូវបានបង្កើតមុនៗមក ហើយធ្វើឲ្យផែនការរយៈពេល១០ឆ្នាំ ក្នុងការកែកំណែទម្រង់រដ្ឋបាលសាធារណៈ មិនទទួលបានជោគជ័យ។

តាមរយៈកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ អ្នកតាមដានស្ថានការណ៍សង្គមរូបនេះ បង្ហាញការយល់ឃើញថា៖«បើគណៈកម្មាធិការថ្មីនេះ មានរបៀបដោះស្រាយបញ្ហានៅតែដូចដើម មិនហ៊ានវះកាត់ ដក ឬដាក់ទណ្ឌកម្មលើមន្រ្តីខិលខូចទេ ខ្ញុំ យល់ថា លទ្ធផលប្រហែលជាពិបាករំពឹងទុកណាស់ ព្រោះអ្វីដែលយើង ធ្លាប់ឃើញ គឺលទ្ធផលនៃគណៈកម្មាធិការមុនៗ គឺអត់មានប្រសិទ្ធទាំងអស់»។
 
ជាមួយគ្នានេះ លោក សេក សុជាតិ ចាត់ទុកការដាក់ផែនការដល់ទៅ១០ឆ្នាំ សម្រាប់ជំហានលើកទី១នៃការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ថាជារយៈពេលដ៏យូរ។ លោក ខ្លាចក្រែងថា ការប្រើពេលវេលាយូររហូតដល់ទៅ១០ឆ្នាំ បែរជាមិនសូវទទួលបានលទ្ធផលល្អទៅវិញ ហើយរដ្ឋាភិបាល នឹងខាតទាំងពេលវេលា ខាតទាំងថវិកា។ លោក ផ្តល់យោបល់ថា សម្រាប់ជំហានទី១នេះ គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ គួរកំណត់ត្រឹមរយៈពេល៥ឆ្នាំបានហើយ ឬបើក្រោម៥ឆ្នាំ រឹតតែល្អ។  
 
លោក ថ្លែងថា៖«បើយើង មានគោលនយោបាយ មានផែនការសកម្មភាព មានការគាំទ្រផ្នែកហិរញ្ញវត្ថុពីថ្នាក់ដឹកនាំហើយ រឿងអីដែលយើង ត្រូវប្រើប្រាស់ពេលវេលាយូរ? ខ្ញុំ គិតថា ពេលវេលា៥ឆ្នាំហ្នឹង គឺសឹងតែយូរពេកផង។ ដូច្នេះការធ្វើកំណែទម្រង់នេះ គួរតែធ្វើឲ្យបានលឿន ព្រោះយើង ដឹងហើយថា រយៈពេល១០ឆ្នាំ បើកំណែទម្រង់ហ្នឹង អត់បានល្អ រដ្ឋាភិបាល និងប្រជាជន ខាតអស់ប៉ុន្មាន?»។ 
 
មុនបង្កើតគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ រដ្ឋាភិបាលកម្ពុជា បានចំណាយពេលរាប់ទសវត្សរ៍មកហើយ ក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធរដ្ឋបាលសាធារណៈ ដើម្បីឲ្យមានភាពងាយស្រួល និង មានប្រសិទ្ធភាព ក្នុងការផ្តល់សេវាផ្នែករដ្ឋបាល ជូនប្រជាពលរដ្ឋ។ តែមកដល់បច្ចុប្បន្ន នៅតែមានការរអ៊ូរទាំថា ប្រព័ន្ធរដ្ឋបាលសាធារណៈ មានភាពស្មុគស្មាញ ពិបាកយល់ និង ពិបាកទទួលបានសេវាកម្មពីរដ្ឋ នៅពេលទៅពឹងអាជ្ញាធរម្តងៗ។ 
 
លោក សេក សុជាតិ នៅតែលើកឡើងដដែលថា ភាពអសកម្មរបស់មន្រ្តី អំពើពុករលួយ និង ការសូកប៉ាន់ ធ្វើឲ្យមានភាពយឺតយ៉ាវក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ លោក និយាយថា៖«អ្នណា មានលុយ បានលឿនទៅ អ្នកដែលមិនសូក គឺនៅហ្នឹងទៅ»។ 
 
លោក យក់ ប៊ុនណា មិនបដិសេធឡើយ ចំពោះមតិថា ការផ្តល់សេវាសាធារណៈ នៅតែមានភាពស្មុគស្មាញ និងមានភាពយឺតយ៉ាវ។ ប៉ុន្តែ លោក បកស្រាយថា កម្ពុជា ទើបតែមានឱកាសកែលម្អពេញដៃពេញជើងលើកិច្ចការរដ្ឋបាលសាធារណៈ ពីឆ្នាំ១៩៩៩មកប៉ុណ្ណោះ។ សម្រាប់លោក ជាង២ទសវត្សរ៍មកនេះ ដែលរដ្ឋាភិបាល ប្រឹងប្រែងធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ គឺជារយៈពេលខ្លីនៅឡើយទេ។ 
 
អនុប្រធានប្រចាំការនៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈរូបនេះ អធិប្បាយថា៖«ជាធម្មតា សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ មានការកើនឡើងជាលំដាប់ អ៊ីចឹងការឆ្លើយតបរបស់រដ្ឋបាល ខ្ញុំ ជឿថា វា មិនបានទាន់ចិត្តប្រជាពលរដ្ឋទាំងស្រុងទេ។ តែសម្រាប់រដ្ឋាភិបាល ការកែទម្រង់នេះ គឺជាកិច្ចការស្លាប់រស់...។ កិច្ចការនេះ គឺជាកិច្ចការអាទិភាព ដែលយើង បានបន្តមកជាហូរហែ ហើយយើង បានធ្វើឲ្យមានការរីកចម្រើន មានការប្រសើរឡើងក្នុងផ្នែកជាច្រើន»។ 
 
១០ឆ្នាំក្រោយ ពោលគឺ នៅពេលគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បញ្ចប់កិច្ចការកំណែទម្រង់ជំហានទី១ នៅឆ្នាំ២០៣០ ក៏កិច្ចការកំណែទម្រង់ នៅតែបន្តទៀតដែរ។ លោក យក់ ប៊ុនណា ប្រាប់ថា កិច្ចការកែទម្រង់ នឹងត្រូវបន្តជារៀងរហូត និងត្រូវមានភាពបត់បែនទៅតាមស្ថានការណ៍សង្គម។ 
 
កំណែទម្រង់រដ្ឋបាលសាធារណៈ គឺជាកំណែទម្រង់១ ក្នុងយុទ្ធសាស្រ្តចតុកោណរបស់រដ្ឋាភិបាល។ កំណែទម្រង់៣ទៀត ក្នុងយុទ្ធសាស្រ្តចតុកោណ រួមមាន កំណែទម្រង់កងកម្លាំងប្រដាប់អាវុធ កំណែទម្រង់ច្បាប់-ប្រព័ន្ធយុត្តិធម៌ និង ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ កំណែទម្រង់វិស័យទាំង៤នេះ គឺដើម្បីឈានដល់ការទទួលបានអភិបាលកិច្ចល្អ សម្រាប់កម្ពុជា។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់លើកទស្សនៈថា បើមិនធ្វើកំណែទម្រង់ទេ ៩៩ភាគរយ គឺរង់ចាំស្លាប់ បើធ្វើកំណែទម្រង់ នឹងមានសង្ឃឹមរស់៕ 
 

Tag:
 កំណែទម្រង់រដ្ឋបាលសាធារណៈ
© រក្សាសិទ្ធិដោយ thmeythmey.com