អត្ថបទពាណិជ្ជកម្ម
អេ អឹម ខេ និង Lightnet បានសហការគ្នា ដើម្បីធ្វើឲ្យការវេរលុយកាន់តែងាយស្រួលនៅអាស៊ី
05, Jul 2022 , 9:29 am        
រូបភាព
ភ្នំពេញ៖ អេ អឹម ខេ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេ លើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន បានសហការ ជាមួយក្រុមហ៊ុន Lightnet ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថឈានមុខគេមួយ នៅក្នុងប្រទេសសិង្ហបុរី ដើម្បីធ្វើឲ្យប្រសើរឡើង នូវការចល័តហិរញ្ញវត្ថុ និងអាចធ្វើបាន ទោះបីអតិថិជនមាន ឬមិនមានគណនីធនាគារនៅអាស៊ី។
 
តាមរយៈកិច្ចសហប្រតិបត្តិការនេះ អតិថិជនទាំងអស់ ជាពិសេសម្ចាស់អាជីវកម្ម និងពលករកម្ពុជា ដែលធ្វើការក្នុងតំបន់អាស៊ី អាចវេរលុយឆ្លងប្រទេសបានកាន់ងាយស្រួល មកកាន់គណនី អេ អឹម ខេ តាមរយៈកម្មវិធីទូរស័ព្ទ ឬវេរនៅសាខាដោយផ្ទាល់។ សម្រាប់អ្នកទទួលវិញ ពួកគេអាចទៅដកប្រាក់ នៅតាមទូអេធីអឹមរបស់ អេ អឹម ខេ នៅសាខាទាំង ១៥០កន្លែង ឬតាមរយៈភ្នាក់ងារជិត ៧ ០០០កន្លែងទូទាំងប្រទេស។
 
លោក ជា រតនា នាយកប្រតិបត្តិគ្រប់គ្រងបណ្តាញភ្នាក់ងារមានប្រសាសន៍ថា ៖ “កិច្ចសហប្រតិបត្តិការរវាង អេ អឹម ខេ និង Lighnet គឺជាគន្លឹះសំខាន់ថ្មីមួយទៀត ដែលជួយឲ្យអតិថិជនវេរប្រាក់ឆ្លងប្រទេសកាន់តែរហ័ស និងមានសុវត្ថិភាព។ ជម្រើសក្នុងការដកប្រាក់ក៏កាន់តែងាយស្រួល ជាមួយនឹងបណ្ដាញ អេ អឹម ខេ ដែលគ្របដណ្ដប់ជាង ៩០% នៃភូមិនៅក្នុង
ប្រទេសកម្ពុជា។ យើងពិតជាមានសេចក្ដីរីករាយជាមួយនឹងការសហការថ្មីនេះ ហើយវាក៏ជាយុទ្ធសាស្រ្ដមួយរបស់ អេ អឹម ខេ ក្នុងការផ្ដល់នូវដំណោះស្រាយហិរញ្ញវត្ថុតាមបែបឌីជីថល តាមរយៈការចាប់ដៃគូជាមួយក្រុមហ៊ុនអន្ដរជាតិ។ អេ អឹម ខេ នឹងនៅតែខិតខំប្រឹងប្រែងបន្ដទៀត ដើម្បីផ្ដល់សេវាកម្ម និងផលិតផលដ៏ល្អបំផុតជូនដល់អតិថិជនរបស់យើង។”


 
លោក Naushad Hussian ប្រធានផ្នែកប្រតិបត្តិការរបស់ក្រុមហ៊ុន Lightnet បានមានប្រសាសន៍ថា៖ “យើងពិតជាមានសេចក្ដីរំភើប ដែលបានចាប់ដៃគូយុទ្ធសាស្រ្ដជាមួយ អេ អឹម ខេ ហើយយើងក៏ចង់ប្រកាសថា យើងបានចូលមកក្នុងប្រទេសកម្ពុជា ជាផ្លូវការចាប់ពីថ្ងៃនេះតទៅ។ កិច្ចសហប្រតិបត្តិការនេះ អនុញ្ញាតឲ្យដៃគូរបស់យើង អាចវេរលុយពីទូទាំងពិភពលោក មកកាន់ អេ អឹម ខេ បានទាំងសាច់ប្រាក់សុទ្ធ និងឥណទានគណនី។”
 
តើរបៀបវេរលុយគឺ ប្រព្រឹត្តឡើងយ៉ាងដូចម្តេច? Lightnet គឺជាមជ្ឍមណ្ឌលមួយ ដែលតភ្ជាប់ជាមួយនឹងប្រតិបត្តិករវេរលុយ និងធនាគារសំខាន់ៗនៅក្នុងអាស៊ីអាគ្នេយ៍ ដើម្បីជួយវេរលុយអតិថិជនរបស់ពួកគេ និងមកកាន់ អេ អឹម ខេ នៅក្នុងប្រទេសកម្ពុជា៕
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com