ជាតិ
សេដ្ឋកិច្ច
កម្ពុជានាំចូលសាំង​ និងម៉ាស៊ូត ជាមធ្យមមិនក្រោម ៣០លានលីត្រ ក្នុងមួយខែ
05, Jul 2022 , 8:59 pm        
រូបភាព
លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។ រូបថត៖ MoC
លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។ រូបថត៖ MoC
ភ្នំពេញ៖ ជាមធ្យមក្នុងមួយខែ​ កម្ពុជានាំចូលសាំងពីបរទេស គឺមិនតិចជាង១០លានលីត្រទេ ខណៈមា៉ស៊ូតក៏ត្រូវបាននាំចូលយ៉ាងហោចណាស់ក្នុងបរិមាណជិត២០លានលីត្រ ដែរ។  នេះជាការលើកឡើងរបស់លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដោយបញ្ជាក់ថា បរិមាណប្រេងឥន្ធនៈដែលកម្ពុជានាំចូលនេះ គឺសម្រាប់បម្រើដល់សកម្មភាពសេដ្ឋកិច្ច និងផលិតកម្មនានាប្រចាំថ្ងៃរបស់ពលរដ្ឋ ប៉ុណ្ណោះ។

 
ប្រេងឥន្ធនៈនៅលើទីផ្សារពិភពលោកបន្តឡើងថ្លៃឥតឈប់ឈរ ព្រោះតែរងសម្ពាធពីសង្រា្គមរវាងរុស្សី និងអ៊ុយក្រែន។ គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២២ តម្លៃសាំងដែលកម្ពុជានាំចូលបានឡើងដល់១៤៣លានដុល្លារក្នុងមួយបារ៉ែល និងម៉ាស៊ូតឈានដល់តម្លៃ១៧០លានដុល្លារក្នុងមួយបារ៉ែល។​
 
ដើម្បីជ្រាបច្បាស់សូមអ្នក-ស្តាប់ប្រសាសន៍របស់លោក ប៉ែន សុវិជាតិ ខាងក្រោម៖ 




បើតាមលោក ប៉ែន សុវិជាតិ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២២ កម្ពុជានាំចូលសាំងនិងម៉ាស៊ូតពីបរទេសប្រមាណ១៧៤លានលីត្រ សម្រាប់បម្រើដល់ជីវភាពរស់នៅនិងផលិតកម្មនានារបស់ពលរដ្ឋ។ ប្រភពប្រេងដែលកម្ពុជានាំចូលនោះមកពីប្រទេសសិង្ហបុរី ថៃ​ និងប្រទេសវៀតណាម ជាដើម។​
 
«យើងនាំចូលសាំងមិនតិចជាង១០លានលីត្រទេ ហើយម៉ាស៊ូតយ៉ាងហោចណាស់ក៏យើងនាំចូល១៩លានលីត្រ ដែរ។ នេះជាមធ្យមប្រចាំខែរបស់យើងដែលនាំចូលប្រេងពីបរទេស នារយៈពេល៦ខែមកនេះ។ ប៉ុន្តែមានខែខ្លះក៏នាំចូលច្រើន ខែខ្លះក៏នាំចូលតិច ទៅតាមទំហំដែលយើងបានស្តុកទុក»។ លោក​ ប៉ែន សុវិជាតិ​ លើកឡើងបែបនេះប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey)តាមទូរសព្ទ នាល្ងាចថ្ងៃទី៤កក្កដា។ 
 
អនុរដ្ឋលេខាធិការ​និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះ​បន្តនិយាយដូច្នេះ៖  «​អ៊ីចឹង! យើងអាចប៉ាន់ស្មានបានហើយថា នេះគឺជាការនាំចូល ហើយការនាំចូលវាឆ្លុះបញ្ចាំងនឹងតម្រូវការ។ ប៉ុន្តែ ខ្ញុំសុំបញ្ជាក់ថា​ តម្រូវការនេះ ជាតម្រូវការនៃការប្រើប្រាស់សម្រាប់បម្រើដល់ជីវភាព និងផលិតកម្ម ប៉ុណ្ណោះ»។ 
 
សព្វថ្ងៃ​ ក្រុមហ៊ុន​ដែលនាំប្រេងឥន្ធនៈចូលកម្ពុជា មាន៖ ក្រុមហ៊ុនតេលា, សូគីម៉ិច, លឹមឡុង, ប៉ាប៉ា សាវីម៉ិច រួមនឹងក្រុមហ៊ុនមួយចំនួនទៀត។ ចំណែកក្រុមហ៊ុនបរទេស ដែលនាំចូលប្រេងឥន្ធនៈមកស្រុកខ្មែរ មាន ក្រុមហ៊ុនភីធីធី, តូតាល់ និងក្រុមហ៊ុន​កាល់តិច។ 
​ 
ជុំវិញនៃការនាំចូលប្រេងឥន្ធនៈនេះ ​សារព័ត៌មានថ្មីៗពុំអាចសុំព័ត៌មានបន្ថែមពីលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ​ និងរដ្ឋាករកម្ពុជាបានឡើយ ដោយទូរសព្ទហៅចូល ប៉ុន្តែមិនទទួល។ 
 
សូមជម្រាបថា បច្ចុប្បន្ន​ សាំងធម្មតាដែលលក់នៅលើទីផ្សារកម្ពុជាមានតម្លៃ ៥ ៨០០រៀលក្នុងមួយមួយលីត្រ រីឯប្រេងម៉ាស៊ូតមានតម្លៃ ៦ ២០០រៀលក្នុងមួយលីត្រ។ នេះជាថ្លៃកំណត់ដោយក្រសួងពាណិជ្ជកម្មដែលតម្រូវឱ្យម្ចាស់សា្ថនីយ/ដេប៉ូ ត្រូវអនុវត្តពីថ្ងៃទី១ដល់១០កក្កដា ឆ្នាំ២០២២៕​
 

Tag:
 ប្រេងឥន្ធនៈ
  លោក ប៉ែន សុវិជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com