ជាតិ
សេដ្ឋកិច្ច
UNIDO ផ្តល់ថវិកា ៥០ម៉ឺនដុល្លារ ដល់សហគ្រាសជលផល ដើម្បីគាំទ្រដំណើរការផលិតកម្ម
05, Jul 2022 , 9:59 pm        
រូបភាព
តំណាងសហគ្រាសជលផលឡើងទទួលនូវថវិកា ពីលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (ឆ្វេង) ។ រូបភាព ពីក្រសូងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។_
តំណាងសហគ្រាសជលផលឡើងទទួលនូវថវិកា ពីលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (ឆ្វេង) ។ រូបភាព ពីក្រសូងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។_
ដោយ ៖ ធន់ សេងហុង 
 
ភ្នំពេញ ៖ កម្មវិធីអភិវឌ្ឍន៍ឧស្សាហកម្ម នៃអង្គការសហប្រជាជាតិ (UNIDO) បានផ្តល់ថវិកាប្រមាណ ៥០ម៉ឺនដុល្លារ ទៅដល់សហគ្រាសជលផលចំនួន ១៧។ កញ្ចប់ថវិកានេះ នឹងគាំទ្រផ្នែកឧបករណ៍ សម្ភារៈ និងបច្ចេកទេស ដើម្បីដំណើរការផលិតកម្មផលជលផល ក្រោយពេលប្រមូលផល និងស្របតាមគោលការណ៍សុវត្ថិភាពចំណីអាហារ។


គម្រោង CAPFish  របស់អង្គការ UNIDO ក្រោមកម្មវិធីគាំទ្រការវិនិយោគខ្សែច្រវ៉ាក់តម្លៃ (VCIS​)ដែលទទួលសហហិរញ្ញប្បទានពីសហភាពអឺរ៉ុបប្រមាណ ៥០ម៉ឺនដុល្លារ ត្រូវបានប្រគល់ទៅដល់សហគ្រាសជលផលចំនួន ១៧ ។ 
 
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ចប់ថវិកាខាងលើនេះ នឹងគាំទ្រផ្នែកឧបករណ៍ សម្ភារៈ និងបច្ចេកទេស ដើម្បីដំណើរការផលិតកម្មផលជលផល ក្រោយពេលប្រមូលផល និងអនុលោមតាមគោលការណ៍សុវត្ថិភាពចំណីអាហារ ។ 
 
លោក វេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ៖ «ក្រោមជំនួយបច្ចេកទេសពី UNIDO រដ្ឋបាលជលផលបាននិងកំពុងរៀបចំប្រព័ន្ធត្រួតពិនិត្យគុណភាព សុវត្ថិភាពផលិតផល ដែលមានឈ្មោះថានិមិត្តសញ្ញាគុណភាពកម្ពុជា (CQS)»។
 
រដ្ឋមន្ត្រីរូបនេះ បានបញ្ជាក់ថា ៖ « សហគ្រាសឯកជនបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការផលិត និងកែច្នៃទំនិញបរិភោគ បង្កើនការនាំចេញ ប្រាក់ចំណូល បង្កើតការងារ។ ជាពិសេសការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ដែលជាផលិតផលស្រស់ និងកែច្នៃ ដើម្បីបង្កើនតម្លៃបន្ថែម»។ 


 
ស្ថិតក្នុងបរិបទនៃវិបត្តិជំងឺឆ្លងកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ចសកល សហគ្រាសឯកជន បានប្រទះបញ្ហាជាច្រើនរួមមាន ការចំណាយប្រតិបត្តិការខ្ពស់, បញ្ហាទីផ្សារ ,កង្វះឥណទាន ខ្វះវត្ថុធាតុដើម និងប្រេងឥន្ទន:ឡើងថ្លៃ។ 
 
ជាងនេះទៅទៀត បញ្ហាកង្វះចំណេះជំនាញ បុគ្គលិក កម្មករគ្មានជំនាញច្បាស់លាស់ និងចំណេះដឹងបច្ចេកទេស ក៏ស្ថិតនៅតែជាអាទិភាពចម្បង ដែលត្រូវយកចិត្តទុកដាក់បណ្តុះបណ្តាល និងត្រូវការជំនួយគាំទ្របន្ថែម លើផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសជាចាំបាច់។ នេះបើតាមលោក វេង សាខុន ថ្លែងក្នុងពិធីប្រគល់កញ្ចប់វិនិយោគកម្មវិធី VCIS ដល់សហគ្រាសជលផលក្រោយប្រមូលផល នាថ្ងៃទី ០៥កក្កដា​។
 
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរូបនេះ សង្ឃឹមថា សហគ្រាសទាំង១៧ នឹងចូលរួមអនុវត្តត្រឹមត្រូវ ទាក់ទងបច្ចេកទេសកែច្នៃជលផល រួមទាំងលើកកម្ពស់គុណភាព សុវត្ថិភាព ផលិតផល និងប្រសិទ្ធភាពការងារ។ ជាពិសេសធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសុវត្ថិភាពចំណីអាហារ ដើម្បីឈានទៅប្រកួតប្រជែង និងឆ្លើយតបបានតាមស្តង់ដាទីផ្សារនាំចេញ ៕ 
 

Tag:
 UNIDO CAPFish VCIS
© រក្សាសិទ្ធិដោយ thmeythmey.com