ជាតិ
សេដ្ឋកិច្ច
រដ្ឋត្រៀម​ខាត១០០លានដុល្លារលើសេវាអគ្គិសនី នាឆ្នាំ២០២២
06, Jul 2022 , 5:14 pm        
រូបភាព
សម្តេច ហ៊ុន សែន
សម្តេច ហ៊ុន សែន
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើពលរដ្ឋ ជាពិសេសអ្នកបំពេញការងារនៅស្ថាប័នសាធារណៈទាំងអស់ ត្រូវប្រើអគ្គិសនីដោយសន្សំសំចៃ ខណៈអគ្គិសនីកម្ពុជា(EDC)ឈានដល់ដំណាក់កាលខាតបង់ជាលើកដំបូង​ នៅឆ្នាំ២០២២។ បើតាមសម្តេច ឆ្នាំនេះរដ្ឋនឹងបំពេញការខាតបង់របស់EDC រហូតដល់១០០លានដុល្លារ។​

 
ស្របពេលដែលតម្លៃអគ្គិសនីនៅប្រទេសតំបន់និងពិភពលោកកំពុងឡើងថ្លៃខ្ពស់ សម្តេច  ហ៊ុន​ សែន ប្រាប់ដល់ពលរដ្ឋ​នៅគ្រប់ទីកន្លែងទាំងអស់ ត្រូវយកចិត្តដាក់ឱ្យខ្ពស់បំផុតក្នុងការសន្សំសំចៃអគ្គិសនី ដោយត្រូវអនុវត្តចាប់ផ្តើមពីស្ថាប័នរដ្ឋទៅ ដើម្បីកាត់បន្ថយការខាតបង់។  លោកបានបញ្ជាក់ថា៖ «ព្រោះបើមិនធ្វើអ៊ីចឹងទេ! គឺយើងនឹងទទួលការខាតបង់កាន់តែធំ!»។ 
 
ក្នុងពិធីសំណេះសំណាលជាមួយប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម នៅថ្ងៃទី៦ កក្កដា ប្រមុខរដ្ឋាភិបាលរូបនេះបន្តមានប្រសាសន៍យ៉ាងដូច្នេះ៖ «ក្នុងឆ្នាំនេះ[ឆ្នាំ២០២២] តាមការគិតយើងខាតប្រមាណជា១០០លានដុល្លារ»។​ 
 
បើតាមសម្តេច ការខាតបង់ជាលើកដំបូងរបស់EDC ដែលរដ្ឋាភិបាលត្រូវអន្តរាគមន៍នេះ គឺវាផ្តើមចេញពីសង្គ្រាមនៅប្រទេសអ៊ុយក្រែន និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចពិភពលោកលើ​ប្រទេសរុស្សី។ 
 
សម្រាប់ចុងឆ្នាំ២០២២នេះ​ សម្តេច ហ៊ុន សែន គ្រោងប្រកាសការបញ្ចុះថ្លៃអគ្គិសនីដល់ប្រជាពលរដ្ឋ ប៉ុន្តែផែនការនេះ អាច​ត្រូវពន្យារពេលវិញ ព្រោះតែរដ្ឋត្រូវបំពេញការខាតបង់របស់EDC។ 
 
បញ្ហានៃវិបត្តិជំងឺកូវីដ-១៩ ជាពិសេសសង្គ្រាមរវាងរុស្សី​និងអ៊ុយក្រែន​ ជាហេតុផលយ៉ាងចម្បងដែលធ្វើឱ្យប្រភពថាមពល ដូចជា ឧស្ម័ន ប្រេងឥន្ធនៈ ធ្យូងថ្ម រួមទាំងកាដឹកជញ្ជូននៅលើពិភពលោកឡើងថ្លៃឥតឈប់ឈរ មកទល់បច្ចុប្បន្ន។ បច្ច័យទាំងនេះ បានបង្កឱ្យថ្លៃដើមក្នុងការផលិតអគ្គិសនីនៅកម្ពុជាក៏ដូចជាប្រទេសដទៃទៀត មានការកើនឡើងខ្ពស់ដែលមិនធ្លាប់មានពីមុន។​ នេះជាការលើកឡើងរបស់លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា(EDC)។
 
បើតាមលោក រតនៈ គ្រប់ប្រទេសដែលរងប៉ះពាល់ពីការឡើងថ្លៃនៃប្រភពថាមពលនេះ ដូចជានៅប្រទេសថៃ​ សិង្ហបុរី អូស្រ្តាលី និងអង់គ្លេស...ជាដើម គឺបានដំឡើងថ្លៃអគ្គិសនីរៀងខ្លួនអស់ទៅហើយ ដើម្បីទប់ទល់ការខាតបង់នៃការលក់អគ្គិសនី។ លោកថ្លែងប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey) តាមទូរសព្ទនារសៀលថ្ងៃទី៦កក្កដា​ ថា៖ «ប៉ុន្តែនៅកម្ពុជា​ គឺមិនមានកើនឡើងថ្លៃអគ្គិសនីក្នុងឆ្នាំ២០២២នេះទេ ដែលធ្វើឱ្យយើងខាត ព្រោះតែថ្លៃដើមផលិតអគ្គិសនីខ្ពស់ជាងមុន តែការលក់រក្សាថ្លៃដដែល។​ ដូច្នេះ យើងមានការខាតថវិកា ដែលរដ្ឋត្រៀមបញ្ចេញថវិកាជាតិ ដើម្បីបំពេញការខាតរបស់យើង»។
 
ការខាតបង់របស់EDCក្នុងឆ្នាំ២០២២ អាចមានទំហំ​ដល់១០០លានដុល្លារ ឬលើសពីនេះ ប្រសិនបើប្រភពថាមពលនៃការផលិតអគ្គិសនី នៅតែបន្តឡើងថ្លៃ។  លោក កែវ​ រតនៈ បានបញ្ជាក់ថា៖ «នេះគ្រាន់តែជា ការព្យាករទេ! ការខាតបង់ជាក់ស្តែងប្រចាំឆ្នាំនេះ គឺអាស្រ័យលើប្រេងឥន្ធនៈនៅទីផ្សារពិភពលោកបន្តឡើងថ្លៃ ឬក៏ធ្លាក់ចុះ នារយៈពេល៦ខែខាងមុនទៀត។​ បើតម្លៃប្រេងឥន្ធនៈដែលយើងទិញចូល​បន្តឡើងថ្លៃទៀត​ យើងនឹងខាតច្រើនជាងហ្នឹងទៀត។ ផ្ទុយមកវិញ បើតម្លៃប្រេងឥន្ធនៈ​ចុះថោក យើងនឹងកាត់បន្ថយការខាតបង់ថវិកាទៅតាមហ្នឹងដែរ»។ 
 
បច្ចុប្បន្ន ការប្រើប្រាស់អគ្គិសនីប្រចាំថ្ងៃនៅកម្ពុជា មានខ្ពស់បំផុតក្នុងកម្រិត ២ ២០០មេហ្កាវ៉ាត់។ ពេលវេលាដែលពលរដ្ឋប្រើអគ្គិសនីដល់ទំហំនេះ គឺស្ថិត​នៅចន្លោះម៉ោង៨ព្រឹកដល់៥ល្ងាច រៀងរាល់ថ្ងៃច័ន្ទដល់សុក្រ។​ ដោយឡែក ប្រភពអគ្គិសនីដែលកម្ពុជាកំពុងប្រើប្រាស់នេះ មានពីប្រភពថាមពលស្អាតនិងកកើតឡើងវិញ​(វារីអគ្គិសនី, ថាមពលព្រះអាទិត្យ, ថាមពលជីវម៉ាស់)ចំនួន៦១ភាគរយ, ប្រភពពីរោងចក្រធ្យូងថ្មមានជាង៣៣ភាគរយ និងប្រភពប្រេងឥន្ធនៈមានក្រោម៥ភាគរយ។ នេះជាការរៀបរាប់បន្ថែមរបស់ លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា។  
 
បើតាមអាជ្ញាធរអគ្គិសនី ការប្រើប្រាស់អគ្គិសនីតាមលំនៅដ្ឋាន មានតម្លៃ៣៨០រៀលក្នុងមួយគីឡូវ៉ាត់(kWh)សម្រាប់អ្នកប្រីអគ្គិសនីចាប់ពី១ដល់១០kWhក្នុងមួយខែ។ តម្លៃនេះ កើនដល់៤៨០រៀលក្នុងមួយ kWh ចំពោះអ្នកប្រើអគ្គិសនីអស់ពី១១ដល់៥០kWhក្នុងមួយខែ និងតម្លៃ៦១០រៀលក្នុងមួយkWhសម្រាប់អ្នកប្រើអគ្គិសនីអស់៥១ដល់២០០ kWhក្នុងមួយខែ។​ រីឯតម្លៃ៧៤០រៀលក្នុងមួយkWh គឺចំពោះអ្នកប្រើអគ្គិសនីអស់ចាប់ពី២០១kWh ឡើងទៅក្នុងមួយខែ៕​  
 
 

Tag:
 សម្តេច ហ៊ុន សែន
  EDC
© រក្សាសិទ្ធិដោយ thmeythmey.com