ជាតិ
សេដ្ឋកិច្ច
កម្ពុជាពង្រឹង​សហប្រតិបត្តិការពាណិជ្ជកម្ម​ជាមួយ​អេមីរ៉ាតអារ៉ាប់រួម ដែលជាទីផ្សារនាំចេញ​ធំលំដាប់ទី​២៦
06, Jul 2022 , 9:59 pm        
រូបភាព
លោក ប៉ាន សូរស័ក្តិ (ឆ្វេង) និងលោក Thani bin Ahmed Al Zeyoudi (ស្តាំ) ប្រជុំពិភាក្សាការងារតាមប្រព័ន្ធវីឌីអូ។ រូបភាព ពីក្រសួងពាណិជ្ជកម្ម។_
លោក ប៉ាន សូរស័ក្តិ (ឆ្វេង) និងលោក Thani bin Ahmed Al Zeyoudi (ស្តាំ) ប្រជុំពិភាក្សាការងារតាមប្រព័ន្ធវីឌីអូ។ រូបភាព ពីក្រសួងពាណិជ្ជកម្ម។_
ដោយ ៖ ធន់ សេងហុង 
 
កម្ពុជា និងអាមីរ៉ាតអារ៉ាប់រួម ប្តេជ្ញារួម​គ្នា​លើ​ការពង្រីក​ទំហំពាណិជ្ជកម្ម​តាមរយៈការធ្វើពិពិធកម្មទីផ្សារនាំចេញរវាងប្រទេសទាំងពីរ។ បើតាម​លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម អេមីរ៉ាតអារ៉ាប់រួម ជាទីផ្សារដ៏ធំមួយដែលឈរក្នុងលំដាប់ទី២៦ សម្រាប់ការនាំចេញទំនិញពីកម្ពុជា។

 
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​កម្ពុជា និង​លោក Thani bin Ahmed Al Zeyoudi អនុរដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាតអារ៉ាប់រួម បានជួបពិភាក្សាគ្នា​តាម​ប្រព័ន្ធ​វីដេអូ កាលពីពេល​ថ្មីៗ​កន្លងមក​នេះ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម ជំនួបនេះធ្វើឡើងក្នុងគោលបំណងជំរុញ និងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការគ្រប់វិស័យ ដើម្បីជំរុញឱ្យមានលំហូរវិនិយោគ និងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម។
 
លោក ប៉ាន សូរស័ក្តិ បានលើកឡើងថា អេមីរ៉ាតអារ៉ាប់រួម គឺជាទីផ្សារដ៏ធំមួយដែលឈរក្នុងលំដាប់ទី២៦ សម្រាប់ការនាំចេញទំនិញមកពីកម្ពុជា។ ទោះបីស្ថិតក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩ក្ដី ក៏ទំហំពាណិជ្ជកម្មទ្វេភាគីរបស់ប្រទេសទាំងពីរសម្រេចបានប្រមាណ ១៥០លានដុល្លារក្នុងឆ្នាំ២០២១ ដែលកើនឡើង៥៣ភាគរយ ធៀបនឹងឆ្នាំ២០២០។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា។
 
ទំនិញដែលនាំចេញពី​កម្ពុជាទៅកាន់អេមីរ៉ាតអារ៉ាប់រួមមានដូចជា​វាយនភណ្ឌ ស្បែកជើង ផលិតផលធ្វើដំណើរ កង់ អង្ករ ...។ ដោយឡែកចំពោះមុខទំនិញដែលនាំចូលពីអេមីរ៉ាតអារ៉ាប់រួម មានដូចជា ផលិតផលប្រេង ចំណីសត្វ ជី  រ៉ែ  ថ្នាំជក់ និងផលិតផលធ្វើពីសេរ៉ាមិកជាដើម។ 
 
សូមរំលឹក​ថា កាលពី​ព្រឹត្តិការណ៍ពិព័រណ៌ពិភពលោក ២០២០ ឌូបៃ កម្ពុជាបានទទួលពានរង្វាន់ប្រាក់ពិភពលោក លើការរចនាពន្លាជាតិល្អជាងគេ ៕
 
 
 

Tag:
 អេមីរ៉ាតអារ៉ាប់រួម វិនិយោគ ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com