កីឡាជាតិ
ជាតិ
U-19 កម្ពុជា ប៉ះ ឡាវ ខណៈបាល់ទាត់នារីកម្ពុជា ប្រកួតជាមួយ វៀតណាម
07, Jul 2022 , 7:59 am        
រូបភាព
ជម្រើសជាតិ U-19កម្ពុជា ក្នុងជំនួបជាមួយម៉ាឡេស៊ី កាលពីថ្ងៃទី៥ កក្កដា ២០២២។ រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ជម្រើសជាតិ U-19កម្ពុជា ក្នុងជំនួបជាមួយម៉ាឡេស៊ី កាលពីថ្ងៃទី៥ កក្កដា ២០២២។ រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ក្រុមបាល់ទាត់កម្ពុជាអាយុក្រោម១៩ ត្រូវប្រកួតជាមួយ ឡាវ ក្នុងពូល B ព្រឹត្តិការណ៍ AFF U-19 Championship នៅកីឡដ្ឋាន Madya Senayan នៅប្រទេសឥណ្ឌូណេស៊ី ខណៈ បាល់ទាត់នារីកម្ពុជា ជួបវៀតណាម ក្នុងពូល B នៃព្រឹត្ដិការណ៍ AFF Women’s Championship នៅកីឡដ្ឋាន Binan ក្នុងប្រទេសហ្វីលីពីន នៅថ្ងៃទី៧ ខែកក្កដា។



U-19 កម្ពុជា ត្រូវប្រកួតជាមួយ ឡាវ ក្នុងព្រឹត្តិការណ៍ AFF U-19 Championship ម្ដងទៀតក្រោយពី មិនបានប៉ះគ្នា ជាង៥ឆ្នាំ ដោយគិតពីឆ្នាំ២០១៧។ សម្រាប់ព្រឹត្តិការណ៍នេះ ក្រុមទាំងពីរ ធ្លាប់ជួបគ្នាជាច្រើនលើក ប៉ុន្ដែ ៣ប្រកួតចុងក្រោយ U-19 ឡាវ បានចាញ់កម្ពុជា ២លើក និងស្មើ១លើក។ សម្រាប់ការប្រកួតឆ្នាំ២០១៦ កម្ពុជា ឈ្នះ ៣-០ និងឆ្នាំ២០១៧ កម្ពុជា ឈ្នះ ៤-១។ នៅឆ្នាំ២០១៥ ឡាវ បានត្រឹមតែស្មើកម្ពុជា ក្នុងលទ្ធផល០-០។
 
ឆ្លងកាត់ជំនួបឡាវនេះហើយ ក្រុមបាល់ទាត់កម្ពុជា នឹងត្រូវប្រកួតចុងក្រោយជាមួយ ទីម័រខាងកើត នៅកីឡដ្ឋាន Mandya នៃប្រទេសឥណ្ឌូណេស៊ី នាថ្ងៃទី១១ កក្កដា។


 ជម្រើសជាតិបាល់ទាត់នារីកម្ពុជា ក្នុងជំនួបជាមួយឡាវ កាលពីថ្ងៃទី៥ កក្កដា ២០២២។ រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា

នៅថ្ងៃជាមួយគ្នានេះ ជម្រើសជាតិបាល់ទាត់នារីកម្ពុជា ត្រូវប្រកួតជាមួយ ក្រុមវៀតណាម។ ក្រុមទាំងពីរធ្លាប់ជួបគ្នាម្ដងហើយ ក្នុងព្រឹត្តិការណ៍ AFF Women’s Championship ដោយវៀតណាម បានយកឈ្នះកម្ពុជា ១០-០ នាប្រទេសថៃ កាលពីថ្ងៃទី១៦ ខែសីហា ២០១៩។
 
ក្រៅពីប្រកួតក្នុងព្រឹត្តិការណ៍នេះ ក្រុមទាំងពីរក៏ធ្លាប់ជួបគ្នា ក្នុងព្រឹត្តិការណ៍កីឡាក្នុងតំបន់ផ្សេងទៀត ដូចជាស៊ីហ្គេមជាដើម។ តែជំនួបទាំងនោះ កម្ពុជា ពុំដែលឈ្នះវៀតណាមទេ។ 
 
ក្រោយជួបវៀតណាម នេះ ក្រុមបាល់ទាត់នារីរបស់កម្ពុជា នឹងបន្តជួបមីយ៉ាន់ម៉ា នាថ្ងៃទី៩ កក្កដា មុនប៉ះទីម័រខាងកើត នៅថ្ងៃទី១៣ ខែកក្កដា៕
 

Tag:
 បាល់ទាត់
  AFF
  AFF U-19 Championship
  AFF Women’s Championship
© រក្សាសិទ្ធិដោយ thmeythmey.com