កីឡាអន្តរជាតិ
អន្តរជាតិ
អាម៉េរិក និងសម្ព័ន្ធមិត្តជំរុញឱ្យព្យួររុស្ស៊ីនិងបេឡា រុសចេញពីស្ថាប័នកីឡាអន្តរជាតិទាំងអស់
07, Jul 2022 , 8:29 am        
រូបភាព
អាម៉េរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន បានស្នើឱ្យព្យួរសហព័ន្ធគ្រប់គ្រងកីឡារបស់រុស្ស៊ី និងបេឡារុស ចេញពីសហព័ន្ធកីឡាអន្តរជាតិ ដើម្បីជាការឆ្លើយតបនៃការឈ្លានពានចូលក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។


អាម៉េរិក និងសម្ព័ន្ធមិត្តក៏ជំរុញឱ្យសហព័ន្ធកីឡាពិភពលោក ផ្អាកការផ្សាយកីឡាទៅក្នុងប្រទេសរុស្ស៊ីនិងបេឡារុស។ ក្រោយមានការប្រកាសបែបនេះ ពីសំណាក់ក្រសួងការបរទេសអាម៉េរិក ដែលមានការចូលរួមដោយសម្ព័ន្ធមិត្តនោះ ស្ថានទូតរុស្ស៊ីប្រចាំអាម៉េរិក ក៏បានឆ្លើយតបត្រឹមតែរយៈពេលប៉ុន្មានម៉ោងក្រោយប៉ុណ្ណោះ ដោយបានលើកឡើងថា កីឡាគួរតែស្ថិតនៅក្រៅរឿងនយោបាយ។
 
«កីឡាករគួរតែស្ថិតនៅក្រៅពីរឿងនយោបាយ កីឡាករមិនគួរក្លាយជាឧបករណ៍ដាក់សម្ពាធឬក៏ការកាត់ពិន្ទុអ្វីឡើយ ហើយការធ្វើបែបនេះគឺល្មើសនូវគោលការណ៍ចលនាអូឡាំពិកនិងស្មារតីនៃការប្រកួតប្រជែង។»។ ស្ថានទូតរុស្ស៊ីប្រចាំអាម៉េរិកលើបណ្តាញ Facebook បែបនេះ។
 
ការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមរបស់អាម៉េរិក មានការចូលរួមពីប្រទេសសម្ព័ន្ធមិត្តដូចជា អូស្ត្រាលី, កាណាដា, បារាំង, អង់គ្លេស, អាល្លឺម៉ង់, ជប៉ុន និងកូរ៉េខាងត្បូង។ ដោយឡែកប្រទេសចិន, ឥណ្ឌា, រដ្ឋនៅតំបន់អាម៉េរិកឡាទីន និងអាហ្វ្រិក មិនមានឈ្មោះក្នុងបញ្ជីហត្ថលេខីនេះ។
 
សេចក្តីថ្លែងការណ៍រួមនោះ បាននិយាយអំពី ករណីដែលសហព័ន្ធកីឡាអនុញ្ញាតឱ្យអត្តពលិកមកពីប្រទេសរុស្ស៊ី ឬបេឡារុស ឱ្យចូលរួមប្រកួត គួរតែត្រូវបញ្ជាក់ឱ្យច្បាស់ថា អត្តពលិកនឹងមិនតំណាងឱ្យប្រទេសរុស្ស៊ី ឬបេឡារុស។ ទង់ជាតិ ក៏ដូចជាភ្លេងជាតិនិងឯកសណ្ឋាន របស់ប្រទេសទាំងពីរគួរតែហាមឃាត់។
 
គួររំលឹកថា កាលពីខែមីនា អាម៉េរិក និងដៃគូទាំងអស់ ក៏ធ្លាប់បានប្រកាសប្រឆាំងនឹងការចូលរួមប្រកួតព្រឹត្តិការណ៍កីឡាអន្តរជាតិនានា រួមទាំងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍។ រាល់បំណងនៃការដេញថ្លៃណាមួយ ក៏ត្រូវបានហាមឃាត់ផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com