អន្តរជាតិ
លោក ចនសុន បដិសេធមិនចុះចេញពីតំណែង ទោះបីបាត់បង់គាំទ្រពីផ្ទៃក្នុងបក្សក្ដី
07, Jul 2022 , 3:29 pm        
រូបភាព
នាយករដ្ឋមន្រ្តីអង់គ្លេស បូរីស ចនសុន។ រូបថត AFP
នាយករដ្ឋមន្រ្តីអង់គ្លេស បូរីស ចនសុន។ រូបថត AFP
នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស បូរីស ចនសុន នៅថ្ងៃទី៦ ខែកក្កដា​ អះអាងថា លោកនឹងមិន​ចុះចេញពីតំណែងឡើយដោយសារអាណត្តិរបស់លោកមិនទាន់អស់នៅឡើយ ទោះបីជារងសម្ពាធកាន់តែខ្លាំងពីផ្ទៃក្នុងបក្សកាន់អំណាចក្ដី។

 
រដ្ឋាភិបាលនាយករដ្ឋមន្រ្តី បូរីស​ ចនសុន កំពុងរង្គោះរង្គើយ៉ាងខ្លាំងបន្ទាប់ពីរដ្ឋមន្រ្តីសំខាន់ៗលាលែងជាបន្តបន្ទាប់។ រដ្ឋមន្ត្រីសុខាភិបាល,​​​ ហិរញ្ញវត្ថុ, និងរដ្ឋមន្រ្តីកិច្ចការកុមារ និងគ្រួសារ​បានលាលែង​ពី​តំណែងរបស់ខ្លួនដោយសារតែមិនពេញចិត្តនឹងការដឹកនាំរបស់លោក ចនសុន ។ បន្ថែមពីនេះ សមាជិកសភានៃគណបក្សអភិរក្សនិយមរបស់លោក ចនសុន ផ្ទាល់ក៏បានទាមទារដោយបើកចំហរ​ឱ្យ​លោកចុះចេញពីតំណែងដែរ។
 
ទោះបីជាបាត់បង់ការគាំទ្រសូម្បីពីមន្ត្រីក្នុងបក្សរបស់ខ្លួនក្ដី លោក ចនសុន ជម្នះបន្តដឹកនាំរដ្ឋាភិបាលដដែល។ 
 
«ខ្ញុំ​មិន​ចុះចេញ​ពី​តំណែង​ទេហើយ​រឿង​ចុងក្រោយ​ដែល​ប្រទេស​នេះ​ត្រូវការ​គឺ​ការបោះឆ្នោត​»។ លោក ចនសុន បានសង្កត់ធ្ងន់បែបនេះអំឡុងកិច្ចប្រជុំមួយរបស់គណៈកម្មាធិការសភាអង់គ្លេសនៅថ្ងៃទី៦ ខែកក្កដា។មេដឹកនាំរូបនេះអះអាងថា លោកនៅមានសិទ្ធិបន្តតំណែង ព្រោះលោកទទួលបាន​សំឡេង​ឆ្នោតភាគច្រើនក្នុងការបោះឆ្នោតឆ្នាំ២០១៩។
 
យ៉ាងណាមិញ នាយករដ្ឋមន្ត្រីរូបនេះបដិសេធមិនអធិប្បាយថា លោកនឹងព្យាយាមបន្ត​កាន់កាប់​តំណែងនេះឬយ៉ាងណា ប្រសិនជាលោកត្រូវបានបោះឆ្នោត​ដកសេចក្ដី​ទុកចិត្ត​ពី​សមាជិក​សភា​គណ្ស​បក្សអភិរក្សនិយមរបស់លោកនោះ។
 
ក្នុងពេលប៉ុន្មានខែចុងក្រោយនេះ លោក ចនសុន ជួបរឿងអាស្រូវ​ជាច្រើនរួមមានការបំពានច្បាប់អំឡុងការបិទខ្ទប់អំឡុងការរាលដាលជំងឺកូវីដ-១៩​ក្នុងឆ្នាំ២០២១, ការការពារសមាជិកសភាម្នាក់​ដែលបាន​បំពានច្បាប់បញ្ចុះបញ្ចូល និងបញ្ហាចុងក្រោយដែលលោកបានតែងតាំងតំណាងរាស្រ្ត​ម្នាក់សម្រាប់​តួនាទី​ពាក់ព័ន្ធ​នឹង​សុខុមាលភាព និង​វិន័យ តែអ្នកនយោបាយ​រូបនោះមានការពាក់ព័ន្ធនឹងរឿង​អាស្រូវ​ផ្លូវភេទទៅវិញ៕
 
 

Tag:
 អង់គ្លេស
  បូរីស ចនសុន
© រក្សាសិទ្ធិដោយ thmeythmey.com