កីឡាអន្តរជាតិ
អន្តរជាតិ
Chelsea យកបាន Sterling ពី Man City និងចរចាយក Ronaldo ពី Man Utd ថែមទៀត
07, Jul 2022 , 4:01 pm        
រូបភាព
Raheem Sterling ខ្សែប្រយុទ្ធ Manchester City យល់ព្រមទៅចូលរួមជាមួយ Chelsea ក្នុងតម្លៃផ្ទេរ ៥៣លានដុល្លារ។ យកបាន Sterling ហើយតែក្រុមរហ្សនាមតោខៀវកំពុងចរចានាំយក Cristiano Ronaldo ដែលចង់ចាកចេញពី Manchester United ថែមទៀត។


បើតាមសារព័ត៌មាន The Athlantic Sterling ដែលនៅសល់កិច្ចសន្យារយៈពេលមួយឆ្នាំនៅ Man City យល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Chelsea រួលរាល់ហើយ ដោយរង់ចាំតែកិច្ចព្រមព្រៀងរវាងក្លិប និងក្លិបប៉ុណ្ណោះ។ Thomas Tuchel អ្នកចាត់ការទូទៅ Chelsea ចង់បានខ្សែបម្រើអង់គ្លេសរូបនេះ ទៅបំពេញចន្លោះតំបន់ប្រយុទ្ធ ស្របពេល Sterling មិនសប្បាយចិត្តនៅ Etihad ដូចគ្នា។
 
លោក Pep Guardiola អ្នកចាត់ការទូទៅក្រុមមេឃខៀវលើកឡើងជុំវិញការផ្ទេររបស់ Sterling ថាលោកក៏មិនចង់ទុកកីឡាករដែលមិនសប្បាយចិត្តជាមួយក្រុមដូចគ្នា។
 
«ខ្ញុំមិនចូលចិត្តរក្សាកីឡាករដែលមិនសប្បាយចិត្ត ហើយបើកចំហរក្នុងការអនុញ្ញាតឱ្យរូបគេ [Sterling] ចាកចេញនៅរដូវកាលថ្មីនេះ។ សូម្បីតែគូប្រជែង Premier League ដូចជា Chelsea ក៏យើងសុខចិត្តអនុញ្ញាតឱ្យរូបគេទៅចូលរួមដែរ»។ នេះជាការលើកឡើងរបស់អ្នកចាត់ការសញ្ញាតិអេស្ប៉ាញដែលជួយ Man City ការពារជើងឯកលីគកំពូលអង់គ្លេសរដូវកាលមុន។
 
ស្របពេលគ្នានេះដែរ តោខៀវ Chelsea ក្រោមការគ្រប់គ្រងរបស់ម្ចាស់ថ្មីលោក Todd Boehly បានទាក់ទងទៅកាន់ Ronaldo ដែលបានប្រកាសចង់ចាកចេញពី Old Trafford ដើម្បីពង្រឹងតំបន់ប្រយុទ្ធ។ 
 
ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់ វ័យ៣៧ឆ្នាំ ដែលបានចាកចេញពី Juventus ទៅចូលរួមជាមួយ Man Utd រដូវកាលមុននៅសល់កិច្ចសន្យា១ឆ្នាំទៀត។ យ៉ាងណា រូបគេមិនសប្បាយចិត្តក្នុងការបន្តជាមួយក្រុមបិសាចក្រហមទៀតឡើយ ដោយមានការលើកឡើងថារូបគេចង់លេង Champions League និងខ្លះថាដោយសារ Man Utd កាត់ប្រាក់ឈ្នួល២៥ភាគរយ នៃប្រាក់ឈ្នួលពេញជាង៥សែនដុល្លារក្នុងមួយសប្តាហ៍ ដ្បិតក្រុមមិនបានលេងក្របខណ្ឌអឺរ៉ុបនេះ។
 
បើតាមការផ្សាយរបស់ The Athletic ប្រធានក្លិប Chelsea ថ្មីលោក Boehly បានទាក់ទង លោក Jorge Mendes ភ្នាក់ងារកីឡាកររបស់ Ronaldo ដើម្បីចរចាពីលទ្ធភាពនាំយកម្ចាស់ពាន Ballon D’or ៥សម័យទៅកាន់ Stamford Bridge នៅរដូវកាលថ្មីខាងមុខ៕
 

Tag:
 Raheem Sterling
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com