អន្តរជាតិ
ប្រធាន M15 និងFBI ព្រមានថាចារកម្មចិនកំពុងព្យាយាមលួចបច្ចេកវិទ្យាក្រុមហ៊ុនលោកខាងលិច
07, Jul 2022 , 10:29 pm        
រូបភាព
នាយកសេវាសន្តិសុខផ្ទៃក្នុងអង់គ្លេស (M15) លោក Ken McCallum និងនាយកការិយាល័យសហព័ន្ធស៊ើបអង្កេតអាម៉េរិក (FBI) លោក Chris Wray ។ រូបថត FBI
នាយកសេវាសន្តិសុខផ្ទៃក្នុងអង់គ្លេស (M15) លោក Ken McCallum និងនាយកការិយាល័យសហព័ន្ធស៊ើបអង្កេតអាម៉េរិក (FBI) លោក Chris Wray ។ រូបថត FBI
ដោយ:
ប្រធានផ្នែកចារកិច្ចរបស់អង់គ្លេស និងអាម៉េរិក នៅថ្ងៃទី៦ ខែកក្កដា បានព្រមានរួមគ្នាទៅក្រុមហ៊ុនលោកខាងលិចពីសកម្មភាពចារកម្មចិនដែលព្យាយាមលួចបច្ចេកវិទ្យារបស់ក្រុមហ៊ុនទាំងនោះទៅបម្រើផលប្រយោជន៍ចិនលើទីផ្សារអន្តរជាតិ។ ប៉ុន្តែស្ថានទូតចិនប្រចាំអង់គ្លេសតបតទៅវិញថា រឿងនេះជាការចោទប្រកាន់ដោយគ្មានមូលដ្ឋាន ហើយបំផ្លើសដើម្បីលាបពណ៌ចិន។

 
នាយកសេវាសន្តិសុខផ្ទៃក្នុងអង់គ្លេស (M15) លោក Ken McCallum និងនាយកការិយាល័យសហព័ន្ធស៊ើបអង្កេតអាម៉េរិក (FBI) លោក Chris Wray នៅថ្ងៃទី៦ ខែកក្កដា បានថ្លែងសុន្ទរកថារួមគ្នាជាលើកដំបូងនៅទីស្នាក់ការ M15 នាទីក្រុងឡុងដ៍​។ នេះជារឿងកម្រដែលប្រធានផ្នែកស៊ើបអង្កេតរបស់អង់គ្លេស និងអាម៉េរិកធ្វើសេចក្ដីប្រកាសរួមគ្នា។ 
 
អំឡុងសុន្ទរកថាទៅកាន់អ្នកចូលរួមដែលជាមន្រ្តី និងធុរជន ប្រធាន M15 និង FBI បានលើកឡើងពីការកើនឡើងនៃចារកម្មផ្នែកសេដ្ឋកិច្ចពីសំណាក់ចិននៅប្រទេសទាំងពីរ។ បើតាមលោក McCallum សកម្មភាពស៊ើបការសម្ងាត់របស់រដ្ឋាភិបាលចិនទូទាំងពិភពលោក ជាបញ្ហាប្រឈមដ៏ធំបំផុតដែលត្រូវតែពិភាក្សា ហើយរកវិធីដោះស្រាយ។ 
 
«តាមចំនួនសកម្មភាពចារកម្ម អ្វីដែលប្រឈមហានិភ័យពីទង្វើរបស់បក្សកុម្មុយនិស្តចិនភាគច្រើនមិនមែនជាពួកខ្ញុំនោះទេ។ វាគឺជាផលប្រយោជន៍របស់ក្រុមហ៊ុនពាណិជ្ជ និងការស្រាវជ្រាវ ក្រុមហ៊ុនបច្ចេកវិទ្យា និងជំនាញឈានមុខគេរបស់អ្នកដែលត្រូវបានអភិវឌ្ឍ និងគ្រប់គ្រងដោយអ្នកនៅក្នុងបន្ទប់នេះ ក៏ដូចជាមនុស្សដទៃទៀតដូចជាអ្នក»។ ប្រធាន M15 ថ្លែងបែបនេះ បន្ទាប់ពីអះអាងថា សកម្មភាពដ៏គឃ្លើនរបស់ចិនកំពុងតែកើតឡើងលើទឹកដីអង់គ្លេស​ ហើយចិនកំពុងប្រើប្រាស់យុទ្ធសាស្រ្តសន្សឹមៗ និងអត់ធ្មត់ដើម្បីទទួលបានព័ត៌មាន។
 
លើសពីនេះ លោក McCullum និយាយថា ប៉ុន្មានឆ្នាំនេះ M15 បានពង្រីកប្រតិបត្តិការរបស់ខ្លួនដោយផ្តោតលើចិនយ៉ាងខ្លាំង។ ​ប្រតិបត្តិការស៊ើបអង្កេតរបស់ M15 ឆ្នាំនេះកើនឡើងដល់ទៅ៧ដង បើធៀបទៅនឹងឆ្នាំ ២០១៨ ហើយក៏មានគម្រោងពង្រីកថែមទៀតផងដែរ ខណៈបន្តរក្សាកិច្ចប្រឹងប្រែងប្រឆាំងនឹងការគំរាមពីចារកម្មរបស់រុស្ស៊ី​ និងអ៊ីរ៉ង់ដូចគ្នាដែរ។
 
ស្របគ្នានេះ លោក Wray ព្រមានទៅក្រុមហ៊ុនលោកខាងលិចថា ក្រុងប៉េកាំងបានប្តេជ្ញាលួចបច្ចេកវិទ្យារបស់ក្រុមហ៊ុនទាំងនោះ ហើយប្រើប្រាស់វាដើម្បីយកឈ្នះដៃគូប្រកួតប្រជែងលើទីផ្សារ។ បន្ថែមពីនេះ ប្រធាន FBI បានហៅសកម្មភាពចិនថា ជាគ្រោះថ្នាក់ដែលរីករាលដាល មានឥតដាច់ និងស្មុគស្មាញសម្រាប់អាម៉េរិក និងអង់គ្លេស ក៏ដូចជាប្រទេសសម្ព័ន្ធមិត្តផ្សេងទៀត។​ 
យ៉ាងណាមិញ ចិនបានប្រតិកម្មភាពទៅវិញភ្លាមៗ ដោយអះអាងថាការចោទប្រកាន់ទាំងនេះគ្មានមូលដ្ឋាន។
 
«ពួកគេផ្សព្ធផ្សាយការភូតកុហកគ្រប់បែបយ៉ាងពីចិនដើម្បីលាបពណ៌ប្រព័ន្ធនយោបាយរបស់ចិន បង្កឱ្យមានការប្រឆាំងចិន ព្រមទាំងបង្វែរស្មារតីសាធារណជនដើម្បីបិទបាំងទង្វើអាក្រក់របស់ពួកគេថែមទៀត»។ ​អ្នក​នាំ​ពាក្យ​ស្ថានទូត​ចិន​ប្រចាំ​​អង់គ្លេស​ លើកឡើងបែបនេះជាមួយការបញ្ជាក់ថា ករណីដែលអង់គ្លេស និងអាម៉េរិកលើកឡើងនោះសុទ្ធតែជាការបំផ្លើស៕
 
 

Tag:
 ចិន
  អាម៉េរិក
  អង់គ្លេស៌
© រក្សាសិទ្ធិដោយ thmeythmey.com