ជាតិ
សហគមន៍ទឹកជប់ខ្នារពោធិ៍ មានព្រៃកោងកាងទឹកសាបធំជាងគេនៅកម្ពុជា
07, Jul 2022 , 6:59 pm        
រូបភាព
ដោយ:
សៀមរាប៖ សហគមន៍ទឹកជប់ខ្នារពោធិ៍ខេត្តសៀមរាប មានដើមកោងកាងទឹកសាបដុះលើផ្ទៃដីចំនួន៩៨ហិកតាក្នុងចំណោមផ្ទៃដីសរុបចំនួន១០២២ហិកតា។ ទីតាំងនេះ មានដើមកោងកាងដុះច្រើនជាងពីរកន្លែងផ្សេង​ទៀត ដែលស្ថិតក្នុងសហគមន៍បុស្សធំ ដែលមានត្រឹម២៤ហិកតា និងសហគមន៍ក្បាលទឹកមាន១១ហិកតា។



សហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍ មាន​ទី​តាំង​ស្ថិតក្នុងឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ សហគមន៍នេះ ជាទីតាំងដែលសម្បូរដោយទឹកជប់(ទឹកចេញពីក្នុងដីជាប្រចាំ) ដែល​មានរសជូរអនុគ្រោះសម្រាប់ដើមកោងកាងទឹកសាប។
  

លោក ដូង សារឿន មន្ត្រីរដ្ឋបាលព្រៃឈើ ទទួលបន្ទុកសម្របសម្រូលសហគមន៍

លោក ដួង សារឿន មន្ត្រីរដ្ឋបាលព្រៃឈើទទួលបន្ទុកសម្របសម្រួលសហគមន៍ បានលើកឡើងថា នៅ​កម្ពុជា ដើមកោងកាងទឹកសាបមានដុះនៅតែក្នុងខេត្តសៀមរាបប៉ុណ្ណោះ។ សម្រាប់​ខេត្ត​សៀមរាប មាន​ទីតាំងចំនួន៣ ដែលមាន​ដើម​កោង​កាង​ទឹក​សាបដុះ គឺ​​សហគមន៍ទឹកជប់ខ្នារពោធិ៍​ ​ស្ថិតក្នុងឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគមន, សហគមន៍បុស្សធំ ស្ថិតក្នុងភូមិបុស្សធំ ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគមន និងសហគមន៍ព្រៃឈើព្រៃក្បាលទឹក នៅក្នុងភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី។
 
មន្ត្រីសម្របសម្រួលសហគមន៍រូបនេះ បានពន្យល់ថា ដើមកោងកាងទឹកសាបនៅក្នុងសហគមន៍ទាំងបីនៅខេត្តសៀមរាបដុះលើផ្ទៃដីដែលមានទឹកជប់ទាំងអស់ និងសណ្ឋានដីក៏ប្រហាក់ប្រហែលគ្នា។  ជាមួយគ្នានេះ ក្នុងចំណោមបីទីតាំង មានតែសហគមន៍ទឹកជប់ខ្នារពោធិ៍មួយគត់ដែល​បានរៀបចំហេដ្ឋារចនាសម្ព័ន្ធ ​ដើម្បីបម្រើសម្រាប់ទេសចរ។
 
«ដើមកោងកាងទឹកសាបចូលចិត្តដុះទីតាំងដែលមានទឹកជប់ ជាក់ស្ដែងក្នុងសហគមន៍ទាំងបីសុទ្ធជាទីតាំងដែលមានទឹកជប់ទាំងអស់។ ដើមនេះ បើដុះលើដីដែលស្ងួតក៏មិនសូវធន់ និងលូតលាស់ដែរ។ បើតាមការសង្កេត ដីដែលសើម ឬមានទឹកជប់មិនដាច់ អាចធ្វើឱ្យវាលូតលាស់លឿន»។ នេះជាការពន្យល់របស់លោក សារឿន ​ដោយបន្តថា កោងកាងទឹក​សាប​មិនដុះនៅក្នុងទឹក ​ឬត្រូវការទឹកច្រើនដូចជាកោងកាងទឹកប្រៃឡើយ។
  


បច្ចុប្បន្នដើមកោងកាងទឹកសាប ក្នុងសហគមន៍ខ្នារពោធិ៍ មានកម្ពស់ចន្លោះពី៨ទៅ១០ម៉ែត្រ និងអាចប្រើជាប្រយោជន៍ បាននៅចន្លោះអាយុ ៤ទៅប្រាំឆ្នាំ។ ទន្ទឹមនឹងនេះ សម្រាប់គុណភាពរបស់ឈើប្រភេទនេះ អាចមានគុណភាពសមរម្យសម្រាប់ការប្រើប្រាស់។
 
មន្ត្រីរដ្ឋបាលព្រៃឈើរូបនេះ លើក​ឡើងថា៖ «​ឈើនេះមានអាយុកាលប្រហែលនឹងប្រភេទឈើប្រណីតផ្សេងដែរ អាចមានអាយុ៥០ទៅ១០០ឆ្នាំ​។ ពលរដ្ឋនៅទីនេះ អាចដកហូតវាទៅប្រើបានចាប់ពីអាយុ៣ឆ្នាំឡើងទៅ»។
 
ព្រៃឈើប្រភេទនេះ ក៏មិនខុសពីព្រៃផ្សេងដែរ។ វត្តមានពួកវាបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ជាជម្រកសម្រាប់សត្វ ជាទីដ្ឋានបៃតង និងជាកន្លែងកម្សាន្តធម្មជាតិសម្រាប់លម្ហែមនុស្សមកពីជិតឆ្ងាយគ្រប់មជ្ឈដ្ឋាន។  លើសពីនេះ ព្រៃប្រភេទនេះ បានក្លាយជាផ្នែកមួយដែលជួយបន្សុទ្ធខ្សល់សម្រាប់ផែនដីផងដែរ៕






 
 
 
 

Tag:
 សៀមរាប
  កោងកាងទឹកសាប
  សហគមន៍ទឹកជប់ខ្នារពោធិ៍
© រក្សាសិទ្ធិដោយ thmeythmey.com