អន្តរជាតិ
ប្រមុខការទូតអូស្រ្តាលី៖ ក្រុងកង់បេរ៉ាគាំទ្រការងារប្រេសិតពិសេសអាស៊ានលើបញ្ហាមីយ៉ាន់ម៉ា
07, Jul 2022 , 8:29 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី លោកស្រី Penny Wong។ រូបភាព៖ AFP
រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី លោកស្រី Penny Wong។ រូបភាព៖ AFP
រដ្ឋមន្រ្តីការបរទេសអូស្រ្តាលីលោកស្រី Penny Wong នៅថ្ងៃទី៦ ខែកក្កដា បានលើកឡើងថា រដ្ឋាភិបាលក្រុងកង់បេរ៉ាគាំទ្រយ៉ាងពេញទំហឹងចំពោះការងាររបស់ប្រេសិតពិសេសអាស៊ាន ក្នុងការរួមចំណែកដោះស្រាយវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា។ ទន្ទឹមនេះ អូស្រ្តាលី បានជំរុញជាថ្មីឱ្យភាគីពាក់ព័ន្ធនៅមីយ៉ាន់ម៉ា បញ្ឈប់អំពើហិង្សា និងបើកច្រកសម្រាប់ជំនួយមនុស្សធម៌។

 
វិបត្តិនយោបាយនៅមីយ៉ាន់ម៉ា នៅតែបន្តអូសបន្លាយ បើទោះមានការសម្របសម្រួលពីអាស៊ានឱ្យឈានទៅរកការបញ្ចប់ជម្លោះក្តី។ ក្នុងសុន្ទរកថា​ពិសេសនៅវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្រ្តនៅសិង្ហបុរី ក្នុងថ្ងៃទី៦ ខែកក្កដា លោកស្រី Penny Wong រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី បានបង្ហាញពីក្តីបារម្ភចំពោះស្ថានការណ៍នយោបាយនៅមីយ៉ាន់ម៉ា និងការគាំទ្រចំពោះកិច្ចខិតខំរបស់អាស៊ាន ក្នុងការរៀបចំកិច្ចចរចា, ភ្ជាប់ទំនាក់ទំនងជាមួយក្រុមគាំទ្រប្រជាធិបតេយ្យ និងបញ្ឈប់អំពើហិង្សា។ 
 
«យើងគាំទ្រយ៉ាងពេញទំហឹងចំពោះការងារប្រេសិតពិសេសនៃប្រធានអាស៊ាន»។ លោកស្រី Wong បានសង្កត់ធ្ងន់បែបនេះ ដោយបន្តជំរុញឱ្យរបបសឹកមីយ៉ាន់ម៉ា គោរពតួនាទីរបស់អាស៊ាន តាមរយៈការអនុវត្តការឯកភាពគោលការណ៍ ៥ចំណុច ដោយគ្មានការពន្យារពេល។
 
ទន្ទឹមនេះ ប្រមុខការទូតអូស្រ្តាលី បានយល់ថា វិបត្តិនយោបាយនៅមីយ៉ាន់ម៉ា បានធ្វើឱ្យប៉ះពាល់សន្តិសុខ និងស្ថិរភាពក្នុងតំបន់។ ត្រង់ចំណុចនេះ លោកស្រី Wong បានអំពាវនាវឱ្យភាគីពាក់ព័ន្ធស្វែងរកកិច្ចចរចាជាមួយគ្នា ដើម្បីមានការគាំទ្រឱ្យវិលត្រលប់ទៅរកដំណើរការសន្តិភាពឡើងវិញ។ បើតាមមន្រ្តីជាន់ខ្ពស់របស់អូស្រ្តាលីរូបនេះ ការធ្វើរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា បានធ្វើឱ្យដំណើរប្រជាធិបតេយ្យ សេដ្ឋកិច្ច និងការអភិវឌ្ឍ ដើរថយក្រោយ។ 
 
ការបញ្ជាក់ពីការគាំទ្ររបស់អូស្រ្តាលីខាងលើ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយរដ្ឋមន្រ្តីការបរទេសកម្ពុជា និងជាប្រេសិតពិសេសនៃប្រធានអាស៊ាន លោក ប្រាក់ សុខុន បញ្ចប់ទស្សនកិច្ចនៅមីយ៉ាន់ម៉ា។ ក្នុងពេលទស្សនកិច្ចនោះ ប្រមុខការទូតកម្ពុជា បានជួបភាគីជាច្រើនដូចជា មេដឹកនាំយោធាមីយ៉ាន់ម៉ា, កម្លាំងប្រដាប់អាវុធជនជាតិភាគតិច បក្សនយោបាយ រួមទាំងអគ្គរដ្ឋទូតរបស់បណ្តាប្រទេសមួយចំនួននៅមីយ៉ាន់ម៉ាផង។ 
 
ក្នុងដំណើរទស្សនកិច្ចលើកចុងក្រោយនេះ ប្រេសិតពិសេសនៃប្រធានអាស៊ាន បានជំរុញជាថ្មីទៅកាន់ភាគីពាក់ព័ន្ធឱ្យបញ្ឈប់អំពើហិង្សា, លើកទឹកចិត្តឱ្យគោរពកិច្ចព្រមព្រៀងបទឈប់បាញ់នៅទូទាំងប្រទេស (NCA), និងបានផ្តល់ជំនួយមនុស្សធម៌ជាដើម។ 
 
មកទល់ពេលនេះ កម្លាំងយោធាមីយ៉ាន់ម៉ា នៅតែបន្តប៉ះទង្គិចជាមួយកម្លាំងប្រដាប់អាវុធជនជាតិភាគតិច ដែលធ្វើឱ្យប្រជាជនស៊ីវិលជាច្រើនពាន់នាក់ត្រូវភៀសខ្លួនចេញពីផ្ទះសម្បែង ដើម្បីរកកន្លែងសុវត្ថិភាព៕ 
 

Tag:
 អាស៊ាន
  មីយ៉ាន់ម៉ា
  អូស្រ្តាលី
© រក្សាសិទ្ធិដោយ thmeythmey.com