ជាតិ
គយប្រមូលពន្ធអាករជាង ៧៦លានដុល្លារ ពីរថយន្តជាង៩ពាន់គ្រឿង
07, Jul 2022 , 8:59 pm        
រូបភាព
លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ។ រូបថត ពីអគ្គនាយកដ្ឋានគយ។
លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ។ រូបថត ពីអគ្គនាយកដ្ឋានគយ។
ដោយ ៖ ធន់ សេងហុង 
 
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលពន្ធអាករ បានជាង ៧៦លានដុល្លារ ពីម្ចាស់រថយន្តគ្មានពន្ធនាំចូល ទាំងរថយន្តចង្កូតឆ្វេង និងចង្កូតស្តាំ  ដែលជ្រកក្រោមផ្លាកលេខផ្សេងៗ ជាង៩ពាន់គ្រឿង។​ ​ក្នុងចំណោមចំណូលទាំងនេះ មានប្រមាណ ១៤លានដុល្លារ មានទម្រង់ជាប្រាក់កក់នៅឡើយ។ 

 
លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋាន និងរដ្ឋាករកម្ពុជា​ ដោយបញ្ជាក់ថា យុទ្ធនាការ​ប្រមូល​ពន្ធអាករ ជិត១០ខែនេះ មាន​ម្ចាស់រថយន្ត​គ្មានពន្ធ​ដែលជ្រកក្រោម​ផ្លាកលេខផ្សេងៗ​ចំនួន ៩ ៧៥៣គ្រឿង បានមកបំពេញកាតព្វកិច្ចបង់ពន្ធ​អាករ​ នៅអគ្គនាយកដ្ឋាន​គយ ​។ បើតាមលោក គុណ ញឹម ក្នុងចំណោមរថយន្តទាំងនេះ គឺមានរថយន្តចង្កូតឆ្វេង ២ ៧១៣គ្រឿង ត្រូវបានបង់ពន្ធចូលជាតិរួចហើយ ​ដែលមានទំហំជិត៣៥លានដុល្លារ។
 
ចំណែក រថយន្ត ៧ ០៤០គ្រឿងទៀត ដែលត្រូវកែរថយន្តពីចង្កូតស្តាំមកឆ្វេងវិញ មានតម្លៃជាង ៤១លានដុល្លារ។ លោក គុណ ញឹម បានបញ្ជាក់ថា​ ចំណូលពីរថយន្តទាំងនេះ ពុំទាន់ក្លាយជាប្រាក់ពន្ធសម្រាប់រដ្ឋឡើយ ព្រោះស្ថិតនៅក្នុងដំណាក់កាលជាប្រាក់កក់ ​របស់ម្ចាស់រថយន្តនៅឡើយ។ 
 
ដោយឡែក ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២២ អគ្គនាយកដ្ឋានគយ ក៏បង្រា្កបរថយន្ត ដែលគ្មានពន្ធបានចំនួន ៣៤២គ្រឿងដែរ ។ ​​លោក គុណ ញឹម ថ្លែងក្នុងសន្និសីទកាសែតស្តីពី លទ្ធផលប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធក្នុងប្រទេស ដោយជ្រកក្រោមផ្លាកលេខផ្សេងៗ នាព្រឹកថ្ងៃទី៧ កក្កដាថា៖« មិនមានការអនុវត្តតឹងរឹង ខ្លាំងខ្លានោះទេ ប៉ុន្តែនូវតែអនុវត្តវិធានការណ៍រដ្ឋបាល ដោយម្ចាស់រថយន្តទាំងនេះ ក្រៅពីបង់ពន្ធអាករហើយនោះ គឺត្រូវរងការពិន័យ»។ 
 
លោក គុណ ញឹម បន្តនិយាយដូច្នេះ៖ « គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២២ ប្រាក់ពន្ធអាករនិងប្រាក់ពិន័យ ដែលយើងប្រមូលពីម្ចាស់រថយន្តគ្មានពន្ធ​នោះ គឺបានជាង៧៦លានដុល្លារ។ ដោយចំណូលមួយផ្នែក គឺយើងប្រមូលបានហើយបង្វែរទៅជាថវិកាជាតិរួចហើយ»។
 
គូសបញ្ជាក់ដែរថា សម្ដេច ហ៊ុន សែន បានសម្រេចឱ្យម្ចាស់រថយន្តចង្កូតស្ដាំ ទៅបង់ពន្ធ ដោយមិនចាំបាច់ប្ដូរចង្កូត សម្រាប់តែរថយន្តចង្កូតស្ដាំដែលកំពុងបម្រើការនៅក្នុងស្រុក កាលពីថ្ងៃទី០៦កក្កដា។ ចំណែករថយន្តចង្កូតស្ដាំដែលនាំចូលមកកម្ពុជា ក្រោយសម្ដេចប្រកាសនេះ នឹងត្រូវចាប់ ហើយអនុវត្តតាមផ្លូវច្បាប់។
 
សូមជម្រាបដែរថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានអនុវត្តវិធានការបង្ក្រាបយ៉ាងម៉ឺងម៉ាត់ លើរថយន្តដែលគ្មានពន្ធអាករនៅក្នុងប្រទេស ចាប់ពីដើមខែកញ្ញាឆ្នាំ២០២១ រហូតដល់ដំណាច់ខែមិថុនាឆ្នាំ២០២២ ៕
 
 

Tag:
 គយ រថយន្ត គុណ ញឹម
© រក្សាសិទ្ធិដោយ thmeythmey.com