ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុនម៉ាឡេស៊ី គ្រោងបោះទុនវិនិយោគបន្ថែមនៅកម្ពុជា
07, Jul 2022 , 9:59 pm        
រូបភាព
លោក សុខ ចិន្តាសោភា កំពុងបង្ហាញពីឱកាសវិនិយោគនៅកម្ពុជា​ ទៅប្រតិភូ និងតំណាងក្រុមហ៊ុនម៉ាឡេស៊ី។ រូបថត ពី CDC ។
លោក សុខ ចិន្តាសោភា កំពុងបង្ហាញពីឱកាសវិនិយោគនៅកម្ពុជា​ ទៅប្រតិភូ និងតំណាងក្រុមហ៊ុនម៉ាឡេស៊ី។ រូបថត ពី CDC ។
ដោយ ៖ ធន់ សេងហុង 
 
ក្រុមហ៊ុនម៉ាឡេស៊ីជាច្រើន ប្តេជ្ញាពង្រីកអាជីវកម្ម និងបោះទុនរកស៊ីនៅកម្ពុជា ក្រោយមើលឃើញសក្តានុពល ឱកាសវិនិយោគ ព្រមជាមួយច្បាប់វិនិយោគថ្មី  ជាពិសេសការគ្រប់គ្រងជំងឺកូវីដ-១៩ បានយ៉ាងល្អ។

 
លោក សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បាននិយាយថា ក្រុមហ៊ុនម៉ាឡេស៊ី ចាប់អារម្មណ៍ពង្រីកការរកស៊ី និងចង់បោះទុនបន្ថែមនៅកម្ពុជា ដោយសារមើលឃើញពីកត្តាវិជ្ជមាន និងឱកាសសម្រាប់ពួកគេ។
 
នាជំនួបពិសាអាហារថ្ងៃត្រង់ការងារ ជាមួយសមាគម MRCA និងសាជីវកម្មសហគ្រាសធុនតូច និងមធ្យមម៉ាឡេស៊ី (SME Corporation Malaysia)​ កាលពីថ្ងៃទី ៥កក្កដា លោក សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានលើកឡើងថា ៖«ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងនាមជាស្ថាប័នជំរុញវិនិយោគ ត្រៀមចខ្លួនរួចជាស្រេចក្នុងការផ្តល់សេវាថែទាំ និងសម្រួលដល់វិនិយោគិនម៉ាឡេស៊ី និងវិនិយោគិនគ្រប់ជាតិសាសន៍ ហើយច្បាប់ស្តីពីវិនិយោគថ្មី គឺជាក្របខណ្ឌគតិយុត្តិមួយដ៏រឹងមាំដែលបានផ្តល់ការលើកទឹកចិត្តជាច្រើនដល់ការវិនិយោគក្នុងប្រទេសកម្ពុជា»។
 
ជាមួយគ្នានេះ សមាគមផ្គត់ផ្គង់ការលក់រាយម៉ាឡេស៊ី(MRCA) គ្រោងរៀបចំបេសកកម្មពាណិជ្ជកម្មចំនួន ៤ថ្ងៃ នៅភ្នំពេញ និងខេត្តកំពង់ស្ពឺ ដើម្បីផ្តល់ឱកាសសន្ទនារវាងក្រុមហ៊ុននៅកម្ពុជា និងក្រុមហ៊ុនម៉ាឡេស៊ី ដែលរំពឹងថានឹងអាចឈានទៅរកកិច្ចសហការគ្នាបន្ថែមទៀត។
 
ម៉ាឡេស៊ី ជាប្រទេសឈរនៅលំដាប់ទីបី ក្នុងតំបន់អាស៊ាន បន្ទាប់ពី វៀតណាម និងសិង្ហបុរី ដែលមានទុនវិនិយោគច្រើនជាងគេនៅកម្ពុជា។ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជាទទួលបានលំហូរទុនវិនិយោគដោយផ្ទាល់ពីប្រទេសម៉ាឡេស៊ី ប្រមាណ ៣,២ពាន់លានអាម៉េរិក។ នេះយោងបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២៧ មេសាកន្លងទៅ។
 
បើតាមស្ថិតិរបស់ CDC ភាគហ៊ុននៃការវិនិយោគផ្ទាល់ពីបរទេសដែលហូរចូលប្រទេសកម្ពុជាពីឆ្នាំ ១៩៩៤- ២០២១ មានចំនួន ៥៤.៥ពាន់លានដុល្លារ។ ក្នុងនោះម៉ាឡេស៊ីបានឈរនៅលំដាប់លេខ៣ ស្មើនឹង ៦,៤ភាគរយនៃការវិនិយោគផ្ទាល់ពីបរទេស។ ចំណែកចិនគឺជាអ្នកវិនិយោគលំដាប់ទី១ ស្មើនឹង ២,៥ ភាគរយ ខណៈកូរ៉េខាងត្បូងឈរលំដាប់លេខរៀងទី២ ក្នុងអត្រា៩,៦ ភាគរយ តាមពីក្រោយដោយអង់គ្លេស ៥,៧ ភាគរយ និងជប៉ុន ៥,២ ភាគរយ។ 
 
សូមជម្រាបថា ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងម៉ាឡេស៊ី គឺមានប្រមាណ ២៤៤លានដុល្លារ។ ទំហំកើនឡើងក្នុងអត្រា ២៨ភាគរយ បើធៀបនិងរយៈពេលដូចគ្នាកាលឆ្នាំ២០២១ ដែលមានចំនួនត្រឹមតែ ១៩០លានដុល្លារ។ នេះបើយោងតាមស្ថិតិជញ្ជីងពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕
 

Tag:
 ម៉ាឡេស៊ី CDC
© រក្សាសិទ្ធិដោយ thmeythmey.com