ជាតិ
សេដ្ឋកិច្ច
​​​ន​យោ​បាយ​ជាតិ​
កម្ពុជា​-កូរ៉េ នឹងចុះហត្ថលេខាលើទឹកប្រាក់ជាង១៨០០លានដុល្លារ សម្រាប់សង់ស្ពាន និងប្រព័ន្ធអគ្គិសនី
08, Dec 2022 , 12:49 pm        
រូបភាព
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងលោក ប៉ាង ហឹងឃ្យង ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា ជួបពិភាក្សាគ្នាកន្លងមក
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងលោក ប៉ាង ហឹងឃ្យង ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា ជួបពិភាក្សាគ្នាកន្លងមក
កម្ពុជា និងកូរ៉េ នឹងចុះហត្ថលេខាលើទឹកប្រាក់ជាង១៨០០លានដុល្លារ សម្រាប់សាងសង់ស្ពាន និងពង្រឹងប្រព័ន្ធអគ្គិសនី នៅកម្ពុជា។ ពិធីចុះហត្ថលេខានេះ ក្រោមអធិបតីភាពសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភាគីសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី៩ ធ្នូ នាវិមានសន្តិភាព។



ឯកសារឥណទានសម្បទានចំនួន២ ដែលភាគីទាំងពីរ ត្រូវចុះហត្ថលេខានោះ រួមមានកិច្ចសម្របសម្រូលក្របខណ្ឌ ស្តីពីការផ្ដល់ឥណទានសម្បទាន នៃមូលនិធីកិច្ចសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២២-២០២៦ ដែលមានទំហំទឹកប្រាក១៥០០លានដុល្លារអាម៉េរិក។ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិប​ត្តិការអន្តរជាតិ និងលោក ប៉ាង ហឹងឃ្យង ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា ជាអ្នកចុះហត្ថលេខាឯកសារនេះ។
 
ដោយឡែកលោក អូន ព័ន្ធមុន្នីរ័ត រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Minnie Chey ប្រធានមូលនិធិសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ច នៃធនាគារនីហ័រណអាហ័រណប្រចាំកម្ពុជា ជាអ្នកចុះកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងចំនួន២ រួមមាន៖ គម្រោងពង្រឹងសមត្ថភាពប្រព័ន្ធបណ្ដាញបញ្ជូនអគ្គិសនីនៅខេត្តព្រះសីហនុ ដែលមានទឹកប្រាក់៧០លានដុល្លារ និងគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វា, ជ្រោយចង្វា-អរិយក្សត្រ) ដែលមានទឹកប្រាក់២៤៥ ៩០៩ ០០០ដុល្លារអាម៉េរិក។
 
កម្ពុជា ចាត់ទុកឥណទានសម្បទានពីរដ្ឋាភិបាលកូរ៉េ នឹងជួយពន្លឿនដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេសពង្រឹងទំនាក់ទំនងល្អ ដែលមានស្រាប់រវាងភាគីទាំងពីរ៕
 

Tag:
 (សេដ្ឋកិច្ច
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com