ជាតិ
សេដ្ឋកិច្ច
ADB អនុម័តកញ្ចប់ថវិកា៧៣លានដុល្លារដល់កម្ពុជា ដើម្បីនិរន្តរភាពនៃវិស័យជលផល​សមុទ្រ
08, Dec 2022 , 2:33 pm        
រូបភាព
សកម្មភាពប្រជានេសាទប្រមូលផលនេសាទសមុទ្រនានាមកលក់នៅផែកំពង់កណ្តាលនៃក្រុងកំពត  នាព្រឹកថ្ងៃទី៨មេសា ឆ្នាំ២០២២
សកម្មភាពប្រជានេសាទប្រមូលផលនេសាទសមុទ្រនានាមកលក់នៅផែកំពង់កណ្តាលនៃក្រុងកំពត នាព្រឹកថ្ងៃទី៨មេសា ឆ្នាំ២០២២
ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បាន​អនុម័ត​កញ្ចប់​ហិរញ្ញប្បទានចំនួន៧៣ លានដុល្លារអាម៉េរិក ដើម្បីបង្កើនភាពធន់នឹងអាកាសធាតុ និងនិរន្តរភាពនៃជលផល​តំបន់​​ឆ្នេរ និងសមុទ្រនៅកម្ពុជា។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ADB ហិរញ្ញប្បទានដែលកម្ពុជានឹងទទួលបាននេះ មាន២២លានដុល្លារជាជំនួយឥតសំណង និង៥១លានដុល្លារទៀត គឺជាប្រាក់​កម្ចី។

 
គម្រោងជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាពរបស់កម្ពុជា ទទួលបានជំនួយ៧៣លានដុល្លារក្នុងការអនុវត្ត។ លោក Alvin Lopez អ្នកឯកទេសជាន់ខ្ពស់ផ្នែកធនធានធម្មជាតិ និងកសិកម្មរបស់ ADB ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍បានលើកឡើងថា គម្រោងនេះគឺជាការវិនិយោគដ៏សំខាន់លើកដំបូងរបស់ ADB លើ​វិស័យ​ជលផលសមុទ្រ ហើយក៏ជាជំហានដ៏សំខាន់មួយនៃផែនការសកម្មភាពសម្រាប់មហាសមុទ្រប្រកប​ដោយ​ផាកសុខភាព និងសេដ្ឋកិច្ចពណ៌ខៀវប្រកបដោយនិរន្តរភាព។
 
បើតាម លោក Alvin Lopez  កម្ចីហិរញ្ញប្បទានទាំងនេះ វាឆ្លើយតបទៅនឹងយុទ្ធសាស្ត្រសំខាន់ៗ​មួយចំនួនរបស់រាជរដ្ឋាភិបាល​ រួមមាន​ក្របខ័ណ្ឌផែនការយុទ្ធសាស្រ្តសម្រាប់វិស័យជលផល២០១៥-២០២៤។ លើសពីនេះ វាក៏ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាល ស្តីពី គោលការណ៍គន្លឹះក្នុងការគ្រប់គ្រងជលផល​សមុទ្រនៅកម្ពុជា​ឆ្នាំ២០១៩សម្រាប់ការគ្រប់គ្រង អភិរក្ស និង អភិវឌ្ឍធនធាន​ជល​ផល​សមុទ្រប្រកបដោយនិរន្តរភាព ផងដែរ។
 
សេចក្តីប្រកាសព័ត៌មានរបស់ADB នាថ្ងៃទី៨ ខែធ្នូ បានបញ្ជាក់ថា អនុវិស័យជលផលគឺជាធាតុផ្សំដ៏សំខាន់នៃសេដ្ឋកិច្ចកម្ពុជា ដែលស្មើនឹង ៨ ទៅ ១០ភាគរយ នៃផលទុនជាតិសរុបរបស់ប្រទេស។ ជលផលសមុទ្រមាន ១៣ភាគរយ នៃអនុវិស័យជលផល ប៉ុន្តែការនេសាទលើសកម្រិត និងហានិភ័យអាកាសធាតុ រួមនឹងគ្រោះមហន្តរាយបាននាំឱ្យមានការថយចុះយ៉ាងខ្លាំងនៃបរិមាណត្រី ដែលបានជះឥទ្ធិពលដល់សហគមន៍ និងអាជីវកម្មនៅតាមឆ្នេរសមុទ្រ ហើយបណ្តាលឱ្យ តម្លៃត្រីកើនឡើង។
 
ADB ជឿជាក់ថា៖« គម្រោងបង្កើនភាពធន់នឹងអាកាសធាតុ និងនិរន្តរភាពនៃជលផល​តំបន់​​ឆ្នេរ និងសមុទ្រ ក្រោមហិរញ្ញប្បទាន៧៣លានដុល្លារនេះ នឹងពង្រឹងវិស័យជលផលសមុទ្ររបស់កម្ពុជា និងគាំទ្រដល់ការរួមចំណែករបស់វា​ដល់​បរិមាណត្រីទូទៅ ក៏ដូចជាដល់ប្រព័ន្ធអេកូឡូស៊ី ក្នុងឈូងសមុទ្រថៃ។ វានឹងជួយឱ្យខេត្តជាប់មាត់​សមុទ្រ​កម្ពុជាគឺ កំពត កែប កោះកុង និង ព្រះសីហនុ​ ឈានចេញពីការធ្លាក់ចុះយ៉ាងគំហុកនៃ វិស័យជលផល លើកកម្ពស់ការចិញ្ចឹមត្រីសមុទ្រដោយនិរន្តរភាព និងលើកកម្ពស់ទីតាំងប្រមូលទុកផលនេសាទ ដើម្បីកែលម្អសុវត្ថិភាពអាហារសមុទ្រ»។ 
 
ក្រោមគម្រោងនេះ ជលផលក្បែរឆ្នេរសមុទ្រប្រហែល៤០ភាគរយ នឹងត្រូវបានបង្កើតឡើងវិញទៅជាសហគ្រាសប្រកបដោយផលិតភាព និង និរន្តរភាព។ នេះការរំពឹងរបស់ADB ដែលបន្តរៀបរាប់ថា៖ «គម្រោងនឹងជំរុញការអភិវឌ្ឍវិស័យឯកជនដោយបើកឱ្យសហគមន៍ឆ្នេរ និងអាជីវកម្មខ្នាតតូច ធ្វើពិពិធកម្មជីវភាពរស់នៅរបស់ពួកគាត់ ទទួលយកកាអនុវត្តប្រកបដោយនិរន្តរភាព និងរីកចម្រើនទៅជា សហគ្រាសរស់រវើក។ វាក៏នឹងគាំទ្រដល់ការពង្រឹងសេដ្ឋកិច្ចរបស់ស្ត្រី តាមរយៈការបង្កើនការចូលរួមរបស់ ស្ត្រីនៅក្នុងសហគ្រាសខ្នាតតូច និងមធ្យម»។ 
 
ជាទូទៅ គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ អង្គការ សហគមន៍នេសាទចំនួន ២៥ និងសមាជិកនៃតំបន់ការពារសហគមន៍ចំនួន១៥ ដែលមានសមាជិកប្រមាណ២ម៉ឺនគ្រួសារ ក៏ដូចជាសហគមន៍ឆ្នេរសមុទ្រទាំងមូលដែលមានប្រជាជនប្រហែល ២0ម៉ឺននាក់។
 
ជំនួយរបស់ ADB ក្រោមគម្រោងគាំទ្រដល់កំណើន និងយុទ្ធសាស្ត្រអភិវឌ្ឍន៍សំខាន់ៗមួយចំនួន របស់រដ្ឋាភិបាល ទាំងផែនការស្តារឡើងវិញក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩ និងរបាយការណ៍​បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិ គឺដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែ​ប្រួល អាកាសធាតុ ដែលកំណត់ភាពធន់នឹងអាកាសធាតុសម្រាប់ជលផលធម្មជាតិ និងការស្ដារឡើង វិញនូវអេកូឡូស៊ីតំបន់ឆ្នេរជាអាទិភាពជាតិសម្រាប់ការសម្របខ្លួន។ គម្រោងនេះដើរស្របទៅនឹងយុទ្ធសាស្ត្រ ភាពជាដៃគូប្រចាំប្រទេសរបស់ ADB ឆ្នាំ ២០១៩-២០២៣ សម្រាប់កម្ពុជា៕​

 

Tag:
 ជលផល​សមុទ្រ
  ADB
© រក្សាសិទ្ធិដោយ thmeythmey.com