FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
Hazard និង Khazri ប្រកាសចូលនិវត្តន៍ពីជម្រើសជាតិ ក្រោយក្រុមធ្លាក់ពី World Cup កាតា
09, Dec 2022 , 9:29 am        
រូបភាព
Eden Hazard ប្រធានជម្រើសជាតិបែលហ្ស៊ិក បានប្រកាសចូលនិវត្តន៍ពីជម្រើសជាតិ បន្ទាប់ក្រុមបានធ្លាក់ចេញពី ​World Cup 2022 ត្រឹមវគ្គចែកពូល។ Hazard ជាកីឡាករទីពីរបន្ទាប់ពីខ្សែប្រយុទ្ធទុយនីស៊ី Wahbi Khazri ដែលប្រកាសចូលនិវត្តន៍ដែរក្រោយក្រុមហាល់អាវត្រឹមវគ្គចែកពូលដូចគ្នា។



ត្រឹមវ័យ ៣១ឆ្នាំ Hazard ក្នុងនាមជាប្រធានក្រុមបែលហ្ស៊ិក ​ប្រកាសចូលនិវត្តន៍ព្រោះមិនអាចជួយក្រុមឆ្លងផុតវគ្គចែកពូល និងក្រុមរងភាពអាម៉ាស់ខ្លាំង ខណៈបែលហ្ស៊ិកជាក្រុមចំណាត់ថ្នាក់លេខ៣ នៅ World Cup ឆ្នាំ ២០១៨។ បែលហ្ស៊ិកធ្លាក់ចេញនៅវគ្គចែកពូល ​ក្រោយ៣ប្រកួត ឈ្នះកាណាដា ១-០ ចាញ់ម៉ារ៉ុក ២-០ និងស្មើក្រូអាស៊ី ០-០ មានត្រឹមតែ ៤ពិន្ទុឈរលេខ៣ក្នុងពូល។
 
បែលហ្ស៊ិកជាក្រុមលេខ៣ នៅព្រឹត្តិការណ៍ UEFA Euro 2022 តែទទួលបានលទ្ធផលដ៏ខកចិត្តខ្លាំងទៅវិញនៅ World Cup 2022 ខុសពីការសន្យារបស់ពួកគេមុនការប្រកួត។ ក្រុមបែលហ្ស៊ិកធ្លាប់ប្តេជ្ញាមុនការប្រកួតថានឹងនាំយកពានរង្វាន់បាល់ទាត់ពិភពលោកជាលើកដំបូង។ 
 
Hazard ប្រកាសបែបនេះកើតឡើងក្រោយលោក Roberto Martinez បានប្រកាសលាលែងតំណែងគ្រូបង្វឹកបែលហ្ស៊ិកក្នុងសន្និសីទកាសែតក្រោយក្រុមប្រកួតស្មើក្រូអាស៊ីហើយធ្លាក់។
ជាមួយក្រុមបិសាចក្រហម Hazard រកបានគ្រាប់បាល់ ៣៣គ្រាប់ ពីការបង្ហាញខ្លួន ១២៦លើកចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងក្នុងឆ្នាំ ២០០៨ មក។
 
មិនមែនតែ Hazard ម្នាក់ទេដែលបានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិ កីឡាករខ្សែប្រយុទ្ធ Wahbi Khazri ក៏បានប្រកាសមុនខ្សែប្រយុទ្ធវ័យ ៣១ឆ្នាំ​របស់បែលហ្ស៊ិកទៅទៀត ក្រោយទុយនីស៊ីបានធ្លាក់ចេញមុនបែលហ្ស៊ិកមួយថ្ងៃនៅប្រទេសកាតា។
 
Khazri វ័យ៣៦ ឆ្នាំបានស៊ុតបញ្ចូលទីគ្រាប់បាល់ឈ្នះក្រុមការពារតំណែងជើងឯកបារាំង ១-០ ប៉ុន្តែពួកគេនៅតែមិនអាចឆ្លងផុតវគ្គចែកពូលបានដដែល ព្រោះតែអូស្ត្រាលីបានគេចផុតពីការធ្លាក់ចេញក្រោយប្រកួតឈ្នះដាណឺម៉ាកលទ្ធផល ១-០។ Khazri ក្លាយជាកីឡាករតំបន់អារ៉ាប់ទី៣ បន្ទាប់ពីកីឡាករ Salem Al-Dawsari និង Sami Al-Jaber របស់អារ៉ាប៊ីសាអូឌីត ដែលស៊ុតគ្រាប់បាល់បាន ៣គ្រាប់ច្រើនជាកីឡាករណាទាំងអស់ក្នុង World Cup។
 
ទុយនីស៊ីចាប់ផ្តើមការប្រកួតក្នុងពូល D របស់ពួកគេដោយស្មើជាមួយដាណឺម៉ាក់ ០-០ បន្ទាប់មកពួកគេប្រកួតចាញ់អូស្ត្រាលី ១-០ មុនមកយកឈ្នះលើបារាំង ១-០ វិញ៕
 

Tag:
 World Cup
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com