ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
អ្នកនាំពាក្យ៖ តុលាការភ្នំពេញ អាចនឹងប្តូរទីតាំងទៅព្រែកលៀប ក្នុងខែមីនា២០២៣
09, Dec 2022 , 10:31 am        
រូបភាព
លោក អ៊ី រិន្ទ អ្នកនាំពាក្យតុលាការភ្នំពេញ មិនទាន់អាចនិយាយឲ្យជាក់លាក់នោះទេ ថាតុលាការភ្នំពេញ នឹងត្រូវប្តូរទៅទីតាំងថ្មី ដែលស្ថិតសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ នៅពេលណា។ បច្ចុប្បន្ន តុលាការភ្នំពេញ ស្ថិតនៅទាល់មុខពហុកីឡដ្ឋានជាតិអូឡាំពិក តាមបណ្តោយផ្លូវលេខ២១៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។



ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ អ្នកនាំពាក្យតុលាការភ្នំពេញ ផ្តល់ព័ត៌មានជាបឋមថា៖«យើង មិនអាចប៉ាន់ស្មានទេ [ថា នឹងប្តូរទីតាំងនៅពេលណា] តែមិនយូរទេ ប្រហែលជាក្នុងត្រីមាសទី១ ឆ្នាំ២០២៣»។

កាលពីសីហា ឆ្នាំ២០២០ ទីស្តីការគណៈរដ្ឋមន្រ្តី បានចេញសេចក្តីជូនដំណឹង (សជណ) ស្តីពីគម្រោងប្តូរទីតាំងសាលាឧទ្ធរណ៍ និងតុលាការភ្នំពេញ ទៅទីតាំងថ្មី ដែលស្ថិតក្នុងសង្កាត់ព្រែកលៀប។

សាលាឧទ្ធរណ៍ភ្នំពេញ នឹងត្រូវប្តូរទីតាំងថ្មី មុនតុលាការភ្នំពេញ។ សេចក្តីជូនដំណឹងរបស់សាលាឧទ្ធរណ៍ភ្នំពេញ ដែលចេញនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ បានឲ្យដឹងថា សាលាឧទ្ធរណ៍ ដែលស្ថិតក្នុងបរិវេណក្រសួងយុត្តិធម៌ នឹងត្រូវប្តូរទៅទីតាំងថ្មី ដែលស្ថិតក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ទៅ។ 

បច្ចុប្បន្ន ក្រសួងយុត្តិធម៌ ស្ថិតនៅខាងមុខប៉ែកខាងត្បូងនៃព្រះបរមរាជវាំង ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

Tag:
 តុលាការភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com