អន្តរជាតិ
រដ្ឋមន្រ្តីការបរទេសចិន៖ ចិន-ជប៉ុនគួរពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យស័ក្តិសមសម្រាប់យុគសម័យថ្មី
09, Dec 2022 , 10:42 am        
រូបភាព
 រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី។ រូបថត Xinhua
រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី។ រូបថត Xinhua
រដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី នៅថ្ងៃទី៨ ខែធ្នូ លើកឡើងថា ចិន និងជប៉ុនគួរតែធ្វើការរួមគ្នាដើម្បីកសាងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែជិតស្និទ្ធ ដើម្បីឆ្លើយតបនឹងតម្រូវការនៃយុគសម័យថ្មី​ ហើយរួមគ្នាឆ្ពោះទៅរកយុគសម័យថ្មីនៃការអភិវឌ្ឍ​ និងការងើបឡើងវិញនៃតំបន់អាស៊ី។



រដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី និងជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននៅថ្ងៃទី៨ ខែធ្នូ បានកត់សម្គាល់បែបនេះនៅក្នុងសុន្ទរកថាតាមវីដេអូមួយក្នុងពិធីបើកវេទិកាប៉េកាំង-តូក្យូលើកទី១៨ ដោយសង្កត់ធ្ងន់ពីការពង្រឹងទំនាក់ទំនងរវាងចិន និងជប៉ុន។ 
 
ដោយចំខួបលើកទី៥០ ឆ្នាំនៃទំនាក់ទំនងការទូត ហើយឆ្នាំក្រោយជាខួបលើកទី​៤៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាព និងមិត្តភាពចិន-ជប៉ុន លោក វ៉ាង​ បានលើកឡើងថា ភាគីទាំងពីរគួរតែឆ្លៀតឱកាសនៃខួបទាំងនេះដើម្បី ជំរុញទំនាក់ទំនងទ្វេភាគីឆ្ពោះទៅមុខក្នុងទិសដៅត្រឹមត្រូវក្នុងរបៀបនិរន្តរភាព និងមានស្ថិរភាព។ 
 
លើសពីនេះ លោក វ៉ាង ក៏បានដាក់ចេញនូវអនុសាសន៍ចំនួនប្រាំចំណុចសម្រាប់ការពង្រឹងទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំង២ និងបានសង្កត់ធ្ងន់ថា ចិន និងជប៉ុនគួរតែគោរពគ្នាទៅវិញទៅមកដោយការជឿទុកចិត្ត និងប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី។ 
 
រដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី បានបន្តថា ចិននឹងលើកកម្ពស់ការអភិវឌ្ឍកបដោយគុណភាពខ្ពស់ ពង្រីកការបើកចំហរក្នុងកម្រិតខ្ពស់ និងជំរុញគំរូនៃការអភិវឌ្ឍថ្មី ដោយបន្ថែមថាជប៉ុនស្វាគមន៍ក្នុងការចែករំលែកឱកាសដោយការខិតខំរបស់ចិនក្នុងការលើកកម្ពស់ការអភិវឌ្ឍរួមគ្នា និងវិបុលភាពនៃទំនាក់ទំនងប្រទេសទាំង២។ 
 
«ភាពខុសគ្នារវាងភាគីទាំងពីរគួរតែត្រូវបានដោះស្រាយយ៉ាងត្រឹមត្រូវក្រោមការយល់ស្របដែលមានស្រាប់ ហើយការយល់ស្របថ្មីបន្ថែមទៀតគួរតែត្រូវបានពិភាក្សាបន្ថែម»។ លោក វ៉ាង បានលើកឡើងបែបនេះ មុនបន្ថែមថាភាគី​ទាំង​ពីរ​គួរតែ​ប្រព្រឹត្ត​ចំពោះ​គ្នា​ទៅវិញទៅមក​ដោយ​ស្មោះស្ម័គ្រ​។ 
 
ទន្ទឹមនឹងនេះ លោក វ៉ាង ក៏​បាន​អំពាវនាវឱ្យភាគីទាំងពីរ​រឹតចំណង​មិត្តភាព​រវាង​ប្រទេស​ទាំងពីរឱ្យកាន់តែ​ស៊ីជម្រៅ។ លោក​ វ៉ាង​ ក៏បានបន្ថែមថា ប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសទាំងពីរគួរតែដើរតួនាទីជាវិជ្ជមានដើម្បីជំរុញទំនាក់ទំនងទ្វើភាគីបន្ថែម។
 
ក្នុងនាមជាប្រទេសសំខាន់ក្នុងអាស៊ី និងពិភពលោកទាំងមូល ប្រទេសទាំងពីរគួរតែបំពេញការទទួលខុសត្រូវរបស់ខ្លួន បង្កើនការទំនាក់ទំនង និងការសម្របសម្រួល អនុវត្តពហុភាគីនិយមពិតប្រាកដ លើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ ក៏ដូចជារួមគ្នាដោះស្រាយបញ្ហាប្រឈមសកល រដ្ឋមន្រ្តីការបរទេសចិនរូបនេះក៏បានបន្តថា ចិននិងជប៉ុនគួរតែកសាងទំនាក់ទំនងដែលឆ្លើយតបនឹងតម្រូវការនៃយុគសម័យថ្មី និងរួមគ្នាឆ្ពោះទៅរកយុគសម័យថ្មីនៃការអភិវឌ្ឍ ខណៈបានសង្កត់ធ្ងន់ថា​ចិនត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយមិត្តជប៉ុនលើគ្រប់វិស័យ៕
 

Tag:
 ចិន
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com