អន្តរជាតិ
វិមានក្រេមឡាំង៖ បទឈប់បាញ់រវាងរុស្ស៊ី និងអ៊ុយក្រែន អាស្រ័យលើទីក្រុងកៀវ
09, Dec 2022 , 2:31 pm        
រូបភាព
លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រេមឡាំង។ រូបភាព៖ AFP
លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រេមឡាំង។ រូបភាព៖ AFP
ប្រធានាធិបតីអ៊ុយក្រែន លោក  វ៉ូឡូឌីមៀ ហ្សេលេនស្គី ដឹងថា ប្រសិនបើលោកមានបំណងប្រាថ្នាខ្លាំងក្នុងការបញ្ឈប់សង្រ្គាម ការប្រយុទ្ធគ្នារវាងរុស្ស៊ី និងអ៊ុយក្រែន អាចបញ្ចប់នៅក្នុងពេលណាមួយ។ អ្នកនាំពាក្យវិមានក្រេមឡាំង លោក Dmitry Peskov បានបញ្ជាក់បែបនេះ នៅក្នុងថ្ងៃទី៨ ខែធ្នូ។



សង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន នៅតែបន្តអូសបន្លាយ បើទោះការប្រយុទ្ធគ្នាជិតឈានចូលមួយឆ្នាំក៏ដោយ។ ជុំវិញបញ្ហាសង្រ្គាមមួយនេះ ប្រទេសជាច្រើនបានអំពាវនាវឱ្យក្រុងមូស្គូ និងក្រុងកៀវ ចូលតុចរចា និងបញ្ឈប់សង្រ្គាមជាមួយគ្នា ដើម្បីជួយសេដ្ឋកិច្ចពិភពលោក ដែលកំពុងរងគ្រោះដោយសារជំងឺកូវីដ-១៩ ស្រាប់។ 
 
ទាក់ទិននឹងការបញ្ឈប់ការបាញ់គ្នានេះ អ្នកនាំពាក្យវិមានក្រេមឡាំង នៅក្នុងសន្និសីទសារព័ត៌មានមួយ ក្នុងថ្ងៃទី៨ ខែធ្នូ លោក Dmitry Peskov បានលើកឡើងថា វាបញ្ចប់អាស្រ័យលើភាគីអ៊ុយក្រែន នៅពេលលោក ហ្សេលេនស្គី មានបំណងចង់បញ្ចប់។ 
 
«អ្នកអាចនិយាយពីពេលណារឿងទាំងនេះនឹងបញ្ចប់ រហូតដល់អ្នកអស់កម្លាំងក្នុងការតស៊ូ»។ លោក Peskov បានឆ្លើយតបនឹងការលើកឡើងរបស់ប្រធានាធិបតីអ៊ុយក្រែន ដែលបានយល់ថា សង្រ្គាមនៅអ៊ុយក្រែន អាចបញ្ចប់នៅឆ្នាំក្រោយ។ ត្រង់ចំណុចនេះ មន្រ្តីរុស្ស៊ីដដែល បានបន្ថែមថា លោក ហ្សេលេនស្គី ដឹងថានៅពេលណាសង្រ្គាមអាចបញ្ឈប់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន RT។ 
 
មុនសន្និសីទសារព័ត៌មានខាងលើមួយថ្ងៃ លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានអះអាងថា ប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន អាចនឹងមានដំណើរការរយៈពេលយូរ ដោយសារការសម្រេចរាល់គោលដៅទាំងអស់របស់រុស្ស៊ី ត្រូវការប្រើពេលវេលាច្រើន៕
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
  វិមានក្រេមឡាំង
© រក្សាសិទ្ធិដោយ thmeythmey.com