ជាតិ
ស្រូវសរីរាង្គ ជួយលើកកម្ពស់ជីវភាពកសិករក្នុងខេត្តព្រះវិហារឱ្យប្រសើរជាងមុន
09, Dec 2022 , 6:59 pm        
រូបភាព
 រូបភាពពី៖ ក្រសួងបរិស្ថាន
រូបភាពពី៖ ក្រសួងបរិស្ថាន
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ ខេត្តព្រះវិហារ ​មាន​សហគមន៍​បង្កបង្កើន​ផលដំណាំ​ស្រូវ​សរីរាង្គ ដែលធ្វើ​ឱ្យទិន្នផល​កសិករ មាន​ទីផ្សារ និង​តម្លៃ​សមស្រប។ ដោយឡែក ការលក់ស្រូវសរីរាង្គ ឬស្រូវត្រយ៉ង ក៏បានធ្វើឱ្យជីវភាពកសិករក្នុងឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ល្អប្រសើរជាងមុនផងដែរ​។


គម្រោងស្រូវសរីរាង្គមិត្តភាពសង្គ្រោះសត្វព្រៃ ឬស្រូវត្រយ៉ង ត្រូវបានគាំទ្រដោយ​សហគមន៍ ដើម្បីទ្រទ្រង់ដំណាំកសិកម្ម និងការពង្រឹងសមត្ថភាពកសិករ សំដៅ​លើកកម្ពស់ជីវភាព និងធនធានធម្មជាតិ។ ប្រជាសហគមន៍នៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដែនជម្រកសត្វព្រៃឆែប និងដែនជម្រកសត្វព្រៃព្រះរកា និងសហគមន៍រំដួលម្លូព្រៃជាយដែន ស្ថិតក្នុងខេត្តព្រះវិហារ សុទ្ធតែបាន​ដាំ​ស្រូវ​សរីរាង្គ​មិត្តភាពសង្គ្រោះសត្វព្រៃ ឬស្រូវត្រយ៉ង។ ប្រជាសហគមន៍ទាំងនោះ បានបង្ហាញការគាំទ្រជាមួយនឹងគម្រោងនេះ ព្រោះធ្វើ​ឱ្យ​ជីវភាពពួកគេ​មានភាពប្រសើរជាងមុន។
  

ទិដ្ឋភាពលោក សាយ សំអាល់ រដ្ឋមន្រ្តីបរិស្ថាន និង​អ្នកជំនាញចុះពិនិត្យស្រូវសរីរាង្គនៅខេត្តព្រះវិហារ។ រូបភាពពី៖ រដ្ឋបាលខេត្តព្រះវិហារ
 
បើតាម​ក្រសួង​បរិស្ថាន ការទិញ- លក់ស្រូវត្រយ៉ង និងស្រូវសរីរាង្គ របស់ប្រជាសហគមន៍នៅក្នុង ខេត្តព្រះវិហារត្រូវឆ្លងកាត់ការត្រូវពិនិត្យយ៉ាងល្អិតល្អន់ពីអ្នកជំនាញចំណីអាហារ។ ជាមួយគ្នានេះ ស្រូវសរីរាង្គ ត្រូវបានដាំដុះដោយប្រើប្រាស់ជីធម្មជាតិ គ្មានសារធាតុគីមី ឬសារធាតុពុល ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។
 
គួរបញ្ជាក់ដែរថា របាយការណ៍របស់មន្ទីរកសិកម្ម ខេត្តព្រះវិហារ នៅឆ្នាំ២០២១កន្លងទៅ មានសហគមន៍ផលិតស្រូវសរីរាង្គចំនួន៣២ បានចុះកិច្ចសន្យាទិញ-លក់ស្រូវទៅឱ្យក្រុមហ៊ុនក្នុង និងក្រៅស្រុកចំនួន៤ផងដែរ។ ក្នុងបរិមាណ១ ៩៨៥០តោន ដោយមានសមាជិកផលិតចំនួន ៤៨១០គ្រួសារ លើផ្ទៃដី១៧៦១៨ហិកតា៕
 

Tag:
 ThmeyThmey25
 ខេត្តព្រះវិហារ
 លក់ស្រូវសរីរាង្គ
© រក្សាសិទ្ធិដោយ thmeythmey.com