អន្តរជាតិ
វេទិកា​តុ​មូល​នៅ​សេតវិមាន​​ផ្តោត​លើ​​ការ​ប្រឆាំង​នឹង​ជនជាតិ​ជ្វីហ្វ​
09, Dec 2022 , 7:29 pm        
រូបភាព
ដោយ: VOA
លោក ​Doug Emhoff ស្វាមី​​លោកស្រី​អនុប្រធានាធិបតី​អាមេរិក ថ្លែង​ក្នុង​អំឡុង​វេទិកា​តុមូល​ជាមួយ​មេដឹកនាំ​ជ្វីហ្វ​អំពី​បញ្ហា​និន្នាការ​ប្រឆាំង​ជនជាតិ​ជ្វីហ្វ នៅ​អគារ Eisenhower Executive Office ក្នុង​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០២២។

 
ស្វាមីលោកស្រី​អនុប្រធានាធិបតី​អាមេរិក​ ​លោក ​Doug Emhoff ​បាន​រៀប​ចំ​ការ​ប្រជុំ​មួយ​ជាមួយ​មេដឹកនាំ​ជ្វីហ្វ (Jewish)​ នៅ​សេតវិមានកាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ ដើម្បី​បញ្ជាក់​ពី​កិច្ច​ប្រឹង​ប្រែង​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំងនឹង​ឧក្រិដ្ឋកម្មដោយ​ការ​ស្អប់ខ្ពើម បន្ទាប់​ពី​មាន​ការ​ប្រើ​ពាក្យ​សម្តី​មួយ​ចំនួនដោយ​មន្ត្រី​សាធារណៈ​អាមេរិក ​ប្រឆាំង​នឹង​ជនជាតិ​ជ្វីហ្វ។​ ​
 
លោក Emhoff ជា​ស្វាមី​របស់លោក​ស្រី​អនុប្រធានាធិបតី​អាមេរិក Kamala Harris ជា​ជន​ជាតិ​ជ្វីហ្វ​ ទី​មួយ​ ដែល​បាន​រៀបអាពាហ៍ពិពាហ៍​ជា​មួយមន្ត្រី​លំដាប់ខ្ពស់​បំផុត​ទី​២​នៃនីតិប្រតិបត្តិ​របស់​សហរដ្ឋ​អាមេរិក​ ហើយ​ដែលតែង​តែ​បាន​រិះគន់​យ៉ាងខ្លាំង​លើ​ការ​វាយប្រហារ​ទៅ​លើ​ជំនឿ​របស់​ជនជាតិ​ជ្វីហ្វ​ ដែល​លោក​ពណ៌នា​ថា​ ជា​ «​ជាការ​ស្អប់ដែលកំពុង​រាលដាល​ឡើង»។​
 
«ខ្ញុំ​ចង់​បញ្ជាក់ច្បាស់​ថាពាក្យ​សម្តី​មាន​សារៈសំខាន់។​ គេ​មិន​គ្រាន់​តែ​និយាយ​ឱ្យ​ឮ​ខ្លាំង​នូវ​អ្វី​ដែល​ធ្លាប់​តែ​ខ្សឹប​នោះ​ឡើយ ​តែ​គេ​បានស្រែក​នូវ​ពាក្យ​សម្ដី​ទាំង​នោះ»។ នេះបើតាម​ការ​លើក​ឡើង​របស់​លោក Emhoff ហើយ​ដែល​ត្រូវ​បាន​ស្រង់​ផ្សព្វផ្សាយដោយ​សេតវិមាន។​
 
វេទិកា​ពិភាក្សា​តុមូល​ ដែល​ដឹកនាំដោយ​លោក Emhoff កើត​មាន​ឡើង​បន្ទាប់ពី​មានការ​ប្រឆាំង​នឹង​ជនជាតិ​ជ្វីហ្វ​ ដែលក្នុង​នោះ​រួម​មានមាន​តារាបាល់បោះ ​NBA ​លោក Kyrie Irving ​ដែល​បាន​បង្ហោះតំណ​ភ្ជាប់​នៃ​ឯកសារ​វីដេអូមួយ​ ដែល​បង្កើត​ឡើងផ្អែកលើ​ព័ត៌មាន​មិន​ពិតប្រឆាំង​នឹង​ជនជាតិ​ជ្វីហ្វ​ នៅ​លើ​បណ្តាញ​សង្គម​ ហើយ​អ្នកចម្រៀង​រ៉ាប​អាមេរិក (American rapper)​ លោក Ye ដែល​គេ​ធ្លាប់​ស្គាល់​ឈ្មោះ​លោក​ថា​ ជា​ ​Kanye West នោះ ​ក្នុង​បទ​សម្ភាសន៍​នា​ពេល​ថ្មីៗ​នេះ បានលើក​សរសើរ​
 
ដល់អតីត​មេដឹកនាំ​អាល្លឺម៉ង់​ Adolf Hitler ​និង​បាន​និយាយថា​ លោក​ស្រឡាញ់ «ណាហ្ស៊ី» (Nazi)។ លោក Ye កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ចូល​រួម​អាហារ​ពេល​ល្ងាចមួយ ដែល​រៀប​ចំ​ឡើង​ដោយ​អតីត​ប្រធានាធិបតី​អាមេរិកលោក Donald Trump ​នៅ​ភូមិគ្រឹះ​ដែល​ជា​កន្លែងលម្ហែកាយ Mar-a-Lago​ ​របស់​លោក​ ក្នុង​រដ្ឋ Florida ​ដែល​ក្នុង​នោះ​ក៏​រួម​មាន​លោក​ Nick Fuentes ​ដែល​ជាអ្នកគាំទ្រ​ពួក​ស្បែក​ស​ផ្តាច់មុខ​ឬ​ white supremacist ហើយ​ដែល​បាន​បដិសេធ​ពី​អំពើ​ប្រល័យ​ពូជសាសន៍​ Holocaust ​ទៅលើ​ក្រុម​ជនជាតិ​ជ្វីហ្វ ​ក្នុង​អំឡុង​សម័យ​សង្គ្រាម​លោក​លើក​ទី​២៕​
 

© រក្សាសិទ្ធិដោយ thmeythmey.com