ជាតិ
អតីតប្រមុខការទូត ហោ ណាំហុង ជួយថវិកា៤០លានរៀល ដល់ស្ត្រីរងគ្រោះដោយសាររំលូតកូន
09, Dec 2022 , 3:29 pm        
រូបភាព
អតីតប្រមុខការទូតកម្ពុជា លោក ហោ ណាំហុង បានផ្ដល់ថវិកា៤០លានរៀល (១ម៉ឺនដុល្លារ) ដល់ស្ត្រីរងគ្រោះដោយសារករណីរំលូតកូន ដែលស្លាប់ក្នុងផ្ទៃ ហើយត្រូវបានពេទ្យព្យាបាលខុសបច្ចេកទេស កាលពីខែវិច្ឆិកាកន្លងមក។ ស្ត្រីរូបនេះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។

 
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែលក្នុងនាមប្រធានមូលនិធិ ហោ ណាំហុង-បូរី ហោ បានបរិច្ចាគថវិកា ៤០លានរៀល ជូនទៅគ្រួសារស្ត្រីរងគ្រោះនោះ ដើម្បីជួយសម្រួលបន្ទុកជីវភាព ក្នុងការសងបំណុលគេនៅក្នុងភូមិស្រុក និងចៀសវាងការខ្ចីធនាគារ ក៏ដូចជាបញ្ចាំទ្រព្យសម្បត្តិជាដើម ។ ដោយឡែកមន្ទីរពេទ្យកាល់ម៉ែត ក៏មិនយកថ្លៃព្យាបាលលើស្ត្រីរងគ្រោះរូបនេះដែរ។
 
កាលពីថ្ងៃទី៨ ធ្នូ ក្រសួងសុខាភិបាល​ បានសម្រេចបិទ និងដកហូតអាជ្ញាបណ្ណ​មន្ទីរសម្រាកព្យាបាល និងសម្ភព ដើម​អង្ក្រង ជាផ្លូវការ ក្រោយ​មានករណីព្យាបាលខុសប​ច្ចេកទេសលើ​ស្ត្រី​ម្នាក់​រំលូតកូនដែល​ស្លាប់​ក្នុង​ផ្ទៃ។
 
ក្រសួងសុខាភិបាល បានបញ្ជាក់ថា ការសម្រេចបិទមន្ទីរសម្រាកព្យាបាល ដើមអង្ក្រង នេះ ដោយសារការប្រើប្រាស់បុគ្គលិកគ្មានការបណ្ដុះបណ្ដាល គ្មានការចុះបញ្ជីគណៈវិជ្ជាជីវៈ និងការផ្លាស់ប្ដូរទីតាំង ដោយគ្មានការជូនដំណឹងដល់ក្រសួងសុខាភិបាល។
 
លិខិតដែលបានចុះហត្ថលេខាដោយលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅថ្ងៃទី៨ ធ្នូ នេះ បានសង្កត់ធ្ងន់ថា៖«ចំពោះអ្នកទទួលខុសត្រូវ និងម្ចាស់មន្ទីរសម្រាកព្យាបាល ដើមអង្ក្រង និងអ្នកដែលប្រព្រឹត្តខុសនឹងក្រមសីលធម៌វិជ្ជាជីវៈពេទ្យ ខុសបច្ចេកទេសក្នុងការពិនិត្យ និងព្យាបាលអ្នកជំងឺ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន»។
 
 
 

Tag:
 ហោ ណាំហុង
  រំលូតកូន
© រក្សាសិទ្ធិដោយ thmeythmey.com