អន្តរជាតិ
តារាចម្រៀង Celine Dion មានជំងឺសរសៃប្រសាទដ៏កម្រដែលប៉ះពាល់ដល់ការច្រៀងនិងដើរ
09, Dec 2022 , 3:59 pm        
រូបភាព
តារាចម្រៀង Celine Dion ជនជាតិកាណាដា។ រូបថត AFP
តារាចម្រៀង Celine Dion ជនជាតិកាណាដា។ រូបថត AFP
ក្នុង​វីដេអូដ៏រំជួលចិត្តមួយបង្ហោះលើបណ្ដាញសង្គម នៅថ្ងៃទី៨ ខែធ្នូ កំពូលតារា​ចម្រៀងស្រី Celine Dion ជាម្ចាស់បទ My Heart will Go on​ បានប្រកាសថា ខ្លួន​មាន​ជំងឺ​សរសៃប្រសាទដ៏កម្រម្យ៉ាងដែល​ធ្វើ​ឱ្យរឹងសាច់ដុំ​ពិបាក​ដើរ និង​ច្រៀង។



កំពូលតារាចម្រៀងស្រី សញ្ជាតិកាណាដា Celine Dion បានបង្ហោះវីដេអូមួយលើបណ្ដាញសង្គម Instagram ដោយរៀបរាប់ថា ខ្លួនបានធ្វើរោគវិនិច្ឆ័យរកឃើញមានជំងឺសរសៃប្រសាទដ៏កម្រដែលបណ្តាលឱ្យស្ពឹកសាច់ដុំ និងធ្វើឱ្យលោកស្រីពិបាកច្រៀង។ លោកស្រី Dion អាចក្លាយជាមនុស្សមិនកម្រើក (Stiff-person Syndrome) ដោយសាររឹងសាច់ដុំ ដែលនេះជារោគកម្រកើតឡើងលើមនុស្ស ១ឬ២នាក់ប៉ុណ្ណោះក្នុងចំណោម១លាននាក់។
 
«ខណៈ​ដែល​យើង​​សិក្សា​អំពី​ស្ថានភាព​ដ៏​កម្រ​នេះ យើង​ដឹង​ថា​វា​ជា​ដើមហេតុ​​បង្ក​ឱ្យខ្ញុំមានអាការៈ​ស្ពឹកសាច់ដុំ។ ជាអកុសល ការស្ពឹកសាច់ដុំទាំងនេះប៉ះពាល់ដល់គ្រប់ទិដ្ឋភាពនៃជីវិតប្រចាំថ្ងៃរបស់ខ្ញុំ ជួនកាលបណ្តាលឱ្យខ្ញុំពិបាកដើរ ហើយមិនអាចឱ្យខ្ញុំប្រើសំឡេងរបស់ខ្ញុំច្រៀងដូចពីមុន»។ លោកស្រី Dion វ័យ ៥៤ឆ្នាំបានថ្លែងបែបនេះក្នុងវីដេអូ។
 
បើយោងតាមវិទ្យាស្ថានជាតិនៃជំងឺសរសៃប្រសាទ និងជំងឺដាច់សរសៃឈាមខួរក្បាល រោគសញ្ញា Stiff-person Syndrome ជារោគសញ្ញាកម្រ ហើយការវិវដ្តនៃជំងឺនេះ ប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ ជាពិសេសខួរក្បាល និងខួរឆ្អឹងខ្នង។ វិទ្យាស្ថានអះអាងថា រោគសញ្ញានៃជំងឺរបស់លោកស្រី Dion រួមមានការស្ពឹក រឹងសាច់ដុំ និងឈឺចាប់តាមអវយវៈ ធ្វើឱ្យប៉ះពាល់ខ្លាំងដល់ការធ្វើចលនា ហើយពេលសាច់ដុំឡើងរឹងវាអាចធ្វើឱ្យបាក់ឆ្អឹងផងដែរ។ 
 
ការព្យាបាលដោយត្រឹមត្រូវនឹងធ្វើឱ្យស្ថានភាពជំងឺនេះបានប្រសើរឡើង ប៉ុន្តែវាមិនអាចព្យាបាលជាដាច់ឡើយ។
ក្រោយប្រកាសពីស្ថានភាពខ្លួន ការប្រគុំតន្ត្រីនៅអឺរ៉ុបចំនួន១៧ នាឆ្នាំ២០២៣ របស់តារាចម្រៀងរូបនេះ ក៏ត្រូវលើកពេលទៅឆ្នាំ ២០២៤ ហើយលោកស្រីក៏បានលុបចោលការសម្ដែងចំនួន៨ផ្សេងទៀតនារដូវក្ដៅឆ្នាំ២០២៣ ដែរ។
 
លោកស្រី Celine Dion ជាកំពូលតារាចម្រៀងលំដាប់ពិភពលោកម្ចាស់បទដ៏ល្បីមានចំណងជើងថា «My Heart Will Go On» និងបទល្បីៗជាច្រើនទៀត។ លើសពីនេះ Dion លក់អាល់ប៊ុមចម្រៀងខ្លួនបានជាង២២០លាននៅទូទាំងពិភពលោកតាំងពីចាប់អាជីពសិល្បៈនៅដើមទសវត្សរ៍ឆ្នាំ ១៩៨០ មក៕
 

© រក្សាសិទ្ធិដោយ thmeythmey.com