ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ជាង៧ម៉ោងនៅលើរថភ្លើងពីភ្នំពេញទៅបាត់ដំបង...មិនមែនជាជម្រើសអាក្រក់នោះឡើយ!
09, Dec 2022 , 5:00 pm        
រូបភាព
ថ្ងៃមួយ ខ្ញុំត្រូវទៅចូលរួមពិធីមង្គលការមិត្តភក្តិម្នាក់នៅទីរួមខេត្តបាត់ដំបង។ ដោយសារចំថ្ងៃសុក្រ ខ្ញុំបានសម្រេចជ្រើសរើសការធ្វើដំណើរតាមរថភ្លើងដែលមានរយៈពេលជាង៧ម៉ោង។ មិនល្អឥតខ្ចោះ ហើយក៏មិនយ៉ាប់ពេកនោះដែរ ប៉ុន្តែវាជាបទពិសោធន៍ថ្មីមួយសម្រាប់ខ្ញុំអំពីជម្រើសនៃសេវាកម្មធ្វើដំណើរ ជំនួសឲ្យមធ្យោបាយផ្ទាល់ខ្លួន។



 

សម័យឌីជីថល ផ្តល់ភាពងាយស្រួលបំផុត ដោយមួយថ្ងៃមុនចេញដំណើរ ខ្ញុំបានចូលទៅកាន់គេហទំព័រផ្លូវការរបស់រាជាយស្ម័យយានកម្ពុជា (royalrailway.easybook.com) ដើម្បីកក់សំបុត្រ។ ដោយសារតែជាការសាកល្បង ខ្ញុំសម្រេចជ្រើសរើសយកតែដំណើរមួយជើង (One Way) ពីភ្នំពេញទៅបាត់ដំបង ក្នុងតម្លៃ៨ដុល្លារ [គិតជាដុល្លារនៅលើវិក្កយបត្រ] ហើយខ្ញុំចុចលើទីតាំង 1DMU សម្រាប់កៅអីជួរមុខក្នុងចំណោមកៅអីជាង៥០០។

លើសពី​៨ដុល្លារ​តាម Easy Book
តាមពិតទៅមិនមែនត្រឹមតែ៨ដុល្លារដូចដែលបង្ហាញនៅលើ Easy Book នោះឡើយ ដោយតម្លៃសរុបសម្រាប់ការធ្វើដំណើរពីភ្នំពេញទៅបាត់ដំបងនោះ គឺ៩,១៤ដុល្លារ ព្រោះត្រូវបង់ថ្លៃ ០,៩៦ដុល្លារលើរដ្ឋបាល (Admin Fee) និង០,១៨ដុល្លារទៅលើថ្លៃបន្ថែម (Admin Surcharge)។
 
«ត្រូវទៅដល់មុន៣០នាទីមុនចេញដំណើរ»។ ទោះជាមានការបញ្ជាក់យ៉ាងដូច្នេះនៅលើសំបុត្រអេឡិចត្រូនិចក៏ដោយ តែដើម្បីឲ្យប្រាកដច្បាស់ខ្ញុំបានសួរទៅកាន់ប្រអប់ Messenger នៃទំព័រហ្វេសប៊ុកផ្លូវការរបស់រាជាយស្ម័យយានកម្ពុជា (Royal Railway Cambodia)។ ៩នាទីប៉ុណ្ណោះ សំណួររបស់ខ្ញុំទទួលបានចម្លើយ «40 minutes b» ដែលមានន័យថា «៤០នាទី [មុនការចេញដំណើរ] បង»។
 
តាមមធ្យោបាយធ្វើដំណើរថ្មី ខ្ញុំក៏ដូចជាមិត្តអ្នកអានមួយចំនួនដែរ គឺគេងមិនលក់ឡើយនៅរាត្រីមុនចេញដំណើរ។ ពេលវេលានៃការចេញដំណើរគឺម៉ោង៦ និង៤០នាទី ប៉ុន្តែខ្ញុំបានក្រោកពីដំណេកតាំងពីម៉ោង៤ភ្លឺ បើទោះបីជាបានរៀបចំឥវ៉ាន់រួចស្រេចបាច់ហើយក៏ដោយ។
 
 

ភ័យទាំងព្រលឹម ដោយសារតែម៉ូតូកង់បីដែលខ្ញុំហៅតាមកម្មវិធី Grab បែរជារលត់ម៉ាស៊ីន ពេលជិតមកដល់ផ្ទះខ្ញុំ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ណា អ្នកបើកបរបានដោះស្រាយទាន់ពេលវេលា។ «កុំភ័យបងទៅទាន់ហើយ ព្រោះព្រឹកព្រលឹមអ៊ីចឹង ស្រួលបើកណាស់ មិនស្ទះឡើយ»។ អ្នកបើកបរបានអះអាងយ៉ាងដូច្នេះ ដើម្បីឲ្យខ្ញុំបានធូរចិត្ត។
 
យើងបានទៅដល់រាជាយស្ម័យយានដែលពលរដ្ឋនិយមហៅជាទូទៅថា «រ៉ារទេះភ្លើង» នៅម៉ោងជិត៦ព្រឹក។ ទៅដល់ទីនោះ ខ្ញុំប្រញាប់ប្រញាល់ចូលទៅសាកសួរព័ត៌មានអំពីការចេញដំណើរ។ មិនមានការឆែកឆេរអ្វីនោះឡើយ ដោយខ្ញុំអាចយួរកាបូបចូលទៅដល់ចំណតរថភ្លើងផ្ទាល់ ដោយមានអ្នកដំណើរផ្សេងទៀតកំពុងអង្គុយនៅលើកៅអីរង់ចាំ ហើយអ្នកខ្លះថតរូបជាអនុស្សាវរីយ៍យ៉ាងសប្បាយរីករាយ។
 
 

មិនដឹងសួរអ្នកណាឡើយ ខ្ញុំបានឃើញស្ត្រីម្នាក់កាន់កំណាត់ដើរចូលក្នុងរថភ្លើងហើយជូតសម្អាតតាមកន្លែងអង្គុយនីមួយៗ។ «អត់ទោស តើរថភ្លើងនេះទៅបាត់ដំបងមែនទេ»? ខ្ញុំបានសួរទៅគាត់។ ស្ត្រីរូបនោះ ញញឹម ហើយឆ្លើយថា «អត់ទេ រថភ្លើងនេះ ទៅកំពង់សោម។ ចំណែកខ្សែទៅបាត់ដំបង នៅចាំបន្តិចសិនទៅ ពេលដល់ម៉ោងគេប្រកាសហៅហើយ»។
 
ម៉ោង៦ និង១០នាទីជាង ដែលមានន័យថា ខ្ញុំមានពេលវេលា៣០នាទីទៀតដើម្បីត្រៀមខ្លួនសម្រាប់ការចេញដំណើរលើកដំបូងតាមរថភ្លើងឆ្ពោះទៅខេត្តបាត់ដំបង។ ក្នុងបរិវេណស្ថានីយ៍ ខ្ញុំឃើញតែស្ត្រីម្នាក់ប៉ុណ្ណោះដែលឈរពពាយនាយលក់នំប៉័ង ដូច្នេះខ្ញុំក៏ដើរទៅច្រកចូលខាងមុខ ដើម្បីទិញ កាហ្វេក្តៅ «កាពូឈីណូ» ទុកផឹកតាមផ្លូវ។
 
ទិញកាហ្វេរួចខ្ញុំប្រញាប់ចូលទៅក្នុងវិញ ប៉ុន្តែម៉ោង៦ និង៣០នាទីហើយ ខ្ញុំនៅតែមិនទាន់លឺការប្រកាសអំពីការចេញដំណើរឡើយ។ ខ្ញុំបានសួរទៅកាន់អ្នកដំណើរផ្សេងទៀត ហើយប៉ះចំអ្នកដែលត្រូវទៅបាត់ដំបងដូចគ្នាផងដែរ។ បន្ទាប់មក ខ្ញុំបានឃើញក្រុមពួកគាត់ឡើងទៅកាន់ទូររថភ្លើងមួយ ខ្ញុំក៏បានទៅតាមពួកគាត់បណ្តើរ និងទាញយកសំបុត្របណ្តើរដើម្បីផ្ទៀងផ្ទាត់កៅអីអង្គុយ។

ថ្ងៃធម្មតា អង្គុយកន្លែងណាក៏បាន
«មិនបាច់ផ្ទៀងទេ។ ឡើងមក អង្គុយកន្លែងណាក៏បាន»។ ស្ត្រីដែលជាអ្នកសំអាត បាននិយាយមកកាន់ខ្ញុំ ដោយបញ្ជាក់ថា ថ្ងៃសុក្រមិនសូវមានភ្ញៀវនោះឡើយ ដូច្នេះអង្គុយកន្លែងណាក៏បានដែរ។ ស្តាប់តាមការបញ្ជាក់របស់គាត់រួច ខ្ញុំបានឡើងទូរនៅផ្នែកខាងក្បាលរថភ្លើង ប៉ុន្តែនៅជិតកន្លែងតំណភ្ជាប់ទៅទូរមួយទៀត។
 
សម្រាប់រថភ្លើងក្នុងដំណើរពីភ្នំពេញ ទៅបាត់ដំបងដែលខ្ញុំជិះនេះ មានតែពីរទូប៉ុណ្ណោះ ដែលមានអ្នកជិះសរុបប្រមាណ១០០នាក់ ក្នុងនោះរួមមានអ្នកដំណើរជាលក្ខណៈគ្រួសារ ព្រះសង្ឃ និងជនបរទេសមួយចំនួន ហើយក៏មានក្មេងតូចពីរបីនាក់ផងដែរ។
 
ម៉ោង៦ និង៤០នាទី! ប៉ុន្តែរថភ្លើងមិនទាន់ចេញដំណើរនោះឡើយ។ ស្របពេលជាមួយគ្នា ខ្ញុំសង្កេតឃើញអ្នកដំណើរពីរនាក់ បានចុះទៅវិញ ដោយសារតែពួកគាត់ច្រឡំជើងធ្វើដំណើរ។ រីឯទិដ្ឋភាពនៅខាងក្រៅវិញ ស្ត្រីម្នាក់បានជិះម៉ូតូដឹកអ្នកដំណើរដែលយឺតយ៉ាវពីរនាក់ មកកាន់ទូររថភ្លើងដោយផ្ទាល់។
 
 

១០នាទីក្រោយមក រថភ្លើងបានចេញដំណើរ ដោយអ្នកអង្គុយនៅក្បាលរថភ្លើងមួយចំនួន បាននាំគ្នាប្តូរកន្លែងអង្គុយទៅកាន់ទូរមួយទៀត។ «ថ្លង់សំឡេងម៉ាស៊ីន ហើយរលាក់ខ្លាំងណាស់»។ ពួកគាត់និយាយបែបនេះមកប្រាប់ខ្ញុំ។
 
មួយសន្ទុះក្រោយមក មានមនុស្សមួយចំនួន បានដូរទៅអង្គុយនៅខាងក្បាលរថភ្លើងវិញ ដោយនិយាយថា «ខាងក្រោយលឺសំឡេងថ្លង់ដូចតែគ្នា»។
 
 

មិនមានម៉ាស៊ីនត្រជាក់នោះឡើយ ហើយកង្ហាក៏មិនដើរនោះដែរ។ នារីវ័យក្មេងម្នាក់ បានដើរបើកបង្អួចនៅតាមកន្លែងដែលមានមនុស្សអង្គុយ។ ខ្ញុំអាចនិយាយបានថា គាត់ជាអ្នកមើលការខុសត្រូវសម្រាប់ជើងធ្វើដំណើរនេះ។ «បើកបង្អួចដើម្បីស្រូបខ្យល់បរិសុទ្ធ»។ អ្នកដំណើរផ្សេងទៀតបាននិយាយយ៉ាងដូច្នេះ។
 
ចេញដំណើរបានជិត២០នាទីទៅហើយ ទើបនារីដែលជាអ្នកទទួលការខុសត្រូវក្នុងរថភ្លើង ដើរឆែកសំបុត្ររបស់អ្នកធ្វើដំណើរ។ «ចុះបើមានអ្នកអត់បានទិញសំបុត្រ តើពួកគេត្រូវដោះស្រាយយ៉ាងណា?។ ខ្ញុំបានលួចគិតក្នុងចិត្តបែបនេះ ប៉ុន្តែសង្កេតឃើញថា អ្នកដំណើរទាំងអស់សុទ្ធតែមានសំបុត្រ លើកលែងតែករណីក្មេងតូចៗមួយចំនួនប៉ុណ្ណោះ»។

ខ្យល់​បរិសុទ្ធ ប៉ុន្តែពេល​ខ្លះក៏ត្រូវបិទច្រមុះផងដែរ


និយាយពីទិដ្ឋភាពនៅតាមផ្លូវវិញ ខ្ញុំមិនអាចពិព័រណ៌នាឲ្យបានក្បោះក្បាយដូចលោក នូ ហាច ដែលរៀបរាប់ពីដំណើររបស់តួអង្គ ប៊ុនធឿន និងក្រុមមិត្តរួមវិទ្យាល័យ ក្នុងរឿងផ្កាស្រពោន នោះទេ។ ខ្ញុំក៏មិនបានប្រទះឃើញច្រើនឡើយនូវវាលស្រែបៃតងដ៏វែងអន្លាយ ផ្កាត្រកួនពណ៌ស្វាយ ផ្កាក្រជីបពណ៌ក្រហមឆ្អៅ ផ្កាអញ្ចាញពណ៌លឿង ឬទឹកថ្លាខ្យង ដូចជាការពិព័រណ៌នាក្នុងប្រលោមលោក ប៉ុន្តែប្រហែលជាមានជាក់ស្តែងក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ដែលខ្ញុំកើតមិនទាន់។
 
ងាកទៅដំណើរនៅឆ្នាំ២០២២របស់ខ្ញុំឯណេះវិញ ទោះបីជារលាក់បន្តិចក៏ដោយ ប៉ុន្តែខ្យល់អាកាសបរិសុទ្ធដែលចូលតាមបង្អួចរថភ្លើង ពិតជាធ្វើឲ្យខ្ញុំមានអារម្មណ៍ស្រស់ស្រាយមែនទែន។ ចេញពីស្ថានីយ៍ប្រមាណជាងកន្លះម៉ោង មិនមាន អ្វីដែលរៀបរាប់ច្រើននោះឡើយ ក្រៅពីអគារខ្ពស់ៗ និងទិដ្ឋភាពដែលម្ចាស់យានយន្តរង់ចាំត្រៀបត្រានៅតាមផ្លូវដែលរថភ្លើងឆ្លងកាត់។
 
 

ជាមួយគ្នានេះ យើងអាចក៏មើលឃើញពីជីវភាពរស់នៅរបស់បងប្អូនពលរដ្ឋមួយចំនួននៅតាមបណ្តោយផ្លូវរថភ្លើងផងដែរ ដែលក្នុងនោះ មានដូចជាការលក់ដូរចាប់ហួយ កាហ្វេគុយទាវ និងរបរតួចតាចផ្សេងៗ។
 
នៅតាមផ្លូវវិញ មិនមានវាលស្រែបៃតងដែលមើលទៅដាច់កន្ទុយភ្នែកនោះឡើយ ពីព្រោះគយគន់មិនបានដល់មួយនាទីស្រួលបួលផង ស្រាប់តែប្តូរទៅទិដ្ឋភាពផ្សេង ដោយមានទាំងវាលដែលកំណត់ជាដីឡូតិ៍ ផ្ទះប្រជាពលរដ្ឋ បឹងឈូក ជាដើម។ ខ្យល់អាកាសដែលចូលតាមរយៈការបើកចំហរបង្អួច ក៏មិនបរិសុទ្ធទាំងស្រុងនោះដែរ ដោយពេលខ្លះខ្ញុំត្រូវបិទច្រមុះនៅពេលដែលរថភ្លើងឆ្លងកាត់តំបន់ដែលពោរពេញទៅដោយគំនរសំរាម ភាគច្រើនជាគំនរប្លាស្ទិក។ 
 


ឈប់តាមស្ថានីយជាបន្តបន្ទាប់
ក្នុងការធ្វើដំណើរ រថភ្លើងក៏បានឈប់សំចតញឹកញាប់ផងដែរ ដោយខ្ញុំមិនបានដឹងថា ឆ្លងកាត់ស្ថានីយណាខ្លះនោះឡើយ។ បើតាមកម្មវិធី ចន្លោះពីភ្នំពេញ ទៅបាត់ដំបង ត្រូវឆ្លងកាត់ស្ថានីយសំរោង បាត់ដឹង ត្បែងខ្ពស់ មានក រមាស ក្រាំងស្គា ក្តុល បំណក់ កំរ៉ែង ពោធិ៍សាត់ បឹងខ្នារ មោងឫស្សី និងភ្នំធិបតី។ នៅរាល់ទីតាំងស្ថានីយ ជាពិសេសតំបន់ដែលមានយានឆ្លងកាត់ ខ្ញុំបានសង្កេតឃើញមន្ត្រីរបស់រាជាយស្ម័យយានឈរប្រចាំដើម្បីលើកទង់ និងបិទកុងត្រូល ជាសញ្ញាហាមឃាត់ការឆ្លងកាត់។ មន្ត្រីខ្លះពាក់ឯកសណ្ឋានរាជាយស្ម័យយាន មន្ត្រីខ្លះស្លៀកពាក់សាមញ្ញធម្មតា។
 


ក្រោយធ្វើដំណើរបានជាង៣ម៉ោង រថភ្លើងបានទៅដល់ស្ថានីយ៍បំណក់ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ហើយអ្នកដំណើរពីរនាក់ប្តីប្រពន្ធដែលអង្គុយជិតខ្ញុំ បាននាំគ្នាចុះ។ ទីនោះជាតំបន់រស់នៅរបស់ពួកគាត់ ដោយពួកគាត់បានទៅភ្នំពេញដើម្បីពិនិត្យជំងឺ។ ពួកគាត់បានលាខ្ញុំ ហើយឆ្លៀតប្រាប់ថា៖ «កុំភ្លេច លើកក្រោយ ប្អូនអាចមកលេងទីនេះ ព្រោះយើងមានរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង និងកន្លែងដើរលេងជាច្រើនទៀត»។

មានលក់តែទឹកសុទ្ធ និងស្ទីងតែប៉ុណ្ណោះ
ឃើញពួកគាត់ទៅដល់គោលដៅ ខ្ញុំបានឆ្លៀតគន់គូរវេលាខ្លួនឯង ដែលនៅសល់ដល់ទៅជាង៥ម៉ោងទៀតឯណោះ។ ពោះចាប់ផ្តើមកូរ ដោយសារខ្ញុំពឹងតែលើកាហ្វេមួយកំប៉ុងប៉ុណ្ណោះតាំងពីព្រឹកព្រលឹម។ សប្បាយចិត្តមែនទែន ក្រោយអារម្មណ៍នឹកគិត ស្រាប់តែឃើញអ្នកដំណើរម្នាក់ដើរទៅក្រោយ ហើយវិលត្រឡប់មកវិញជាមួយនឹងកញ្ចប់បាយ និងទឹកមួយដប។
 
មិនដូចការគិតឯណា កញ្ចប់បាយ និងទឹករបស់អ្នកដំណើររូបនោះ គឺជាត្រៀមទុករួចជាស្រេចរបស់គាត់ជាមួយក្រុមគ្រួសារ មុនការចេញដំណើរ។ «ស្មានតែមានលក់នៅលើរថភ្លើង»។ ខ្ញុំនិយាយយ៉ាងដូច្នេះ ហើយអ្នកដំណើរនោះ តបមកវិញថា៖ «ប្រហែលបងទើបធ្វើដំណើរលើកដំបូងហើយ ក្នុងរថភ្លើងអត់មានលក់អាហារទេ»។
 
 

ភ្លាមនោះ ខ្ញុំបានឆ្លៀតទៅខាងមុខដើម្បីសាកសួរស្ត្រីដែលទទួលខុសត្រូវក្នុងរថភ្លើង។ គាត់បានបញ្ជាក់ថា៖ «យើងមានលក់តែទឹកសុទ្ធ និងភេសជ្ជៈស្ទីងទេ ពូចាំបន្ថិចសិនទៅ ពេលដល់ស្ថានីយពោធិ៍សាត់ គេឈប់ឲ្យញ៉ាំបាយហើយ»។ ស្តាប់បណ្តើរ ខ្ញុំទាញទូរសព្ទថតទេសភាពនៅភ្នែកខាងមុខបណ្តើរ ប៉ុន្តែអ្នកទទួលខុសត្រូវ ហាមខ្ញុំថតសកម្មភាពអ្នកបញ្ជារថភ្លើង។
 
ខ្ញុំបានដើរទប់ពោះ វិលត្រឡប់ទៅកន្លែងអង្គុយរបស់ខ្លួនវិញ ហើយបន្តបឺតកាហ្វេតិចៗដើម្បីកំដរមាត់។ នៅម៉ោង១១ រថភ្លើងបានទៅដល់ស្ថានីយខេត្តពោធិ៍សាត់ អ្នកដំណើរមួយចំនួនបាននាំគ្នាចុះ រីឯអ្នកខ្លះទៀត បន្តអង្គុយនៅទីតាំងរបស់ខ្លួន ហើយអ្នកខ្លះក្រោកឈរថតទេសភាពតាមទូរសព្ទដៃ។

ទិញបាយកញ្ចប់នៅស្ថានីយពោធិ៍សាត់
ស្ថានីយពោធិ៍សាត់ មិនមានភោជនីយដ្ឋានឡើយ ប៉ុន្តែអ្នកលក់មានរាន និងតូបសម្រាប់ដាក់ទំនិញរបស់ខ្លួន ហើយអ្នកលក់ខ្លះទៀតយួរតាមខ្លួន ជាពិសេសម្ជូរ។ អាហារដែលដាក់លក់មានដូចជា ត្រីអាំង សាច់គោអាំង សាច់ជ្រូកអាំង កង្កែបបោប ពងទាប្រៃ សាច់ក្រក ភេសជ្ជៈ ម្ជូរ និងនំចំណីផ្សេងទៀត។
 
 

ខ្ញុំបានច្រកសាច់គោអាំង សាច់ក្រក លាយជាមួយជ្រក់ស្វាយ និងកូកាកូឡាមួយកំប៉ុង ដើម្បីញ៉ាំសម្រាប់អាហារថ្ងៃត្រង់ ដោយចំណាយសរុបអស់១៥០០០រៀល។ អ្នកដំណើរមួយចំនួនបានដល់គោលដៅ រីឯអ្នកដំណើរផ្សេងទៀត បន្តដំណើរទៅមុខ។ ក្រោយសម្រាកជាង១០នាទី រថភ្លើងបានចេញដំណើរបន្ត ហើយខ្ញុំ និងអ្នកដំណើរមួយចំនួន នាំគ្នាបរិភោគអាហារវេចខ្ចប់រៀងៗខ្លួននៅលើរថភ្លើង។ ព្រះអង្គ៣អង្គដែលរួមដំណើរ ក៏បានប្រញាប់ប្រញាល់ឆាន់ចង្ហាន់ថ្ងៃត្រង់ឲ្យបានមុនម៉ោង១២ផងដែរ។
 
 

មិនមានអ្វីរៀបរាប់ច្រើននោះឡើយ ព្រោះទេសភាពស្រដៀងគ្នាពីមួយស្ថានីយទៅមួយស្ថានីយ។ រថភ្លើងពេលខ្លះរលាក់ខ្លាំង ហើយពេលខ្លះធម្មតាទៅតាមស្ថានភាពផ្លូវ។ ពេលខ្លះ យើងក៏ឈ្ងុយក្លិនហ្វ្រាំងផងដែរ នៅមុនដល់ដល់ស្ថានីយនីមួយៗ ហើយសំឡេងស៊ីផ្លេក៏ត្រូវបានបន្លឺឡើងញាប់ញាប់ផងដែរ ជាពិសេសពេលមានសត្វគោ ឆ្លងកាត់។
 
 

ម៉ោង១២ និង៤០នាទី រថភ្លើងបានទៅដល់ស្ថានីយមោងឫស្សី។ ខ្ញុំសង្កេតឃើញអ្នកដំណើរមួយចំនួនបានចុះ ហើយក៏មានអ្នកដំណើរថ្មីឡើងមកផងដែរ។ ដោយសារឆ្អែតបាយពេក ខ្ញុំបានគេងលក់មួយភាំង ហេតុដូច្នេះ ខ្ញុំមិនអាចរៀបរាប់អំពីទិដ្ឋភាពនៅតាមបណ្តោយផ្លូវឡើយ។

៧ម៉ោង​ក្រោយ​មក រថភ្លើង​ទៅ​ដល់គោលដៅ
ម៉ោង១ និង៥៥នាទី ត្រឹម រថភ្លើងបានទៅដល់ស្ថានីយបាត់ដំបង ដែលជាគោលដៅចុងក្រោយ។ អ្នករត់ម៉ូតូឌុប ម៉ូតូកង់បី នៅរង់ចាំយ៉ាងត្រៀបត្រា។ «ម៉ូតូ! ទុកទុក!»។ ពួកគាត់ស្រែកប្រជែងគ្នាដើម្បីដណ្តើមយកម៉ូយ ហើយព្យាយាមជួយកាន់វ៉ាលិសរបស់ខ្ញុំ និងអ្នកដំណើរផ្សេងទៀត ពេលចុះពីរថភ្លើង។
 
ខ្ញុំបានយួរវ៉ាលិសចុះដោយខ្លួនឯង។ សម្រាកមួយសន្ទុះ ខ្ញុំបានសម្រេចហៅអ្នករត់ម៉ូតូកង់បីម្នាក់ ដើម្បីជូនខ្ញុំទៅកន្លែងសម្រាកដែលមានចម្ងាយប្រមាណតែជាង១គីឡូម៉ែត្រប៉ុណ្ណោះពីស្ថានីយ។ តម្លៃនៃការធ្វើដំណើរ គឺ៥០០០រៀល។
 
 

ដោយមិនប្រៀបធៀបទៅនឹង TGV របស់បារាំង ឬ Shinkansen របស់ជប៉ុន ខ្ញុំអាចទទួលយកបានចំពោះដំណើរតាមរថភ្លើងនៅកម្ពុជា ដែលសមស្របទៅនឹងតម្លៃ បើទោះបីជាខ្ញុំចង់បានសេវាដែលប្រសើរបែបនេះក៏ដោយ។ បើឲ្យជ្រើសរើសរវាងដំណើរតាមរថភ្លើង និងតាក់ស៊ី ផ្តាច់ព្រលឹង ខ្ញុំជ្រើសរើសយករថភ្លើង។
 
តាមពិតទៅ ខ្ញុំមានបំណងវិលត្រឡប់មកភ្នំពេញវិញតាមរថភ្លើងដដែលក្រោយចូលរួមពិធីអាពាហ៍ពិពាហ៍រួច ប៉ុន្តែមិនមានជើងត្រឡប់នៅពេលយប់នោះឡើយ ហើយសម្រាប់ថ្ងៃបន្ទាប់ គឺត្រូវរង់ចាំរហូតដល់ម៉ោង៣រសៀល។ ទីបំផុត ខ្ញុំបានសម្រេចជិះរថយន្តក្រុងពេលយប់ជាមួយមិត្តភក្តិ២នាក់ទៀត មកភ្នំពេញវិញនៅថ្ងៃដដែល។
 
នៅពេលដែលរថយន្តបានទៅដល់គោលដៅមួយប្រហែលជាម៉ោង២យប់ ខ្ញុំបានឆែកមើល Notification លើហ្វេសប៊ុក ហើយឃើញសារមួយពីប្រអប់ Messenger របស់ Royal Railway Cambodia ដែលសរសេរថា «ចាស អរគុណ!»។ តាមពិតទៅសារនេះ គឺឆ្លើយតបទៅនឹងការសរសើររបស់ខ្ញុំ ទាក់ទងនឹងសេវាកម្មរបស់ក្រុមហ៊ុន ប៉ុន្តែវាធ្វើឲ្យខ្ញុំសប្បាយចិត្ត ហើយបន្តគេងលក់យ៉ាងស្រួលនៅលើរថយន្តក្រុង រហូតដល់ភ្នំពេញ។
 


 
ខ្ញុំមកដល់មុខផ្ទះ ហើយអង្គុយរង់ចាំភរិយាបើកទ្វារឲ្យចូលនៅម៉ោង៥ និង៣០នាទីព្រឹក៕
 








© រក្សាសិទ្ធិដោយ thmeythmey.com