ជាតិ
សង្គមជាតិ
សម្ដេច ស ខេង ប្រាប់ឲ្យអភិបាលទាំងអស់ តាមដានមន្ត្រីឃុំ-សង្កាត់ ក្រោយមានករណីយកប្រាក់ឧបត្ថម្ភពលរដ្ឋ សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ រូបពី ហ្វេសប៊ុកសម្ដេច ស ខេង
× ភ្នំពេញ៖ សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថា រកឃើញភាពមិនប្រក្រតី ជុំវិញការផ្ដល់ប្រាក់ឧបត្ថម្ភដល់គ្រួសារជនក្រីក្រ ។ សម្ដេច ប្រាប់ទៅអភិបាលរាជធានី-ខេត្ត ឲ្យពិនិត្យមើលមន្ត្រីឃុំសង្កាត់។
សម្ដេច ស ខេង អះអាងថា នាពេលថ្មីៗនេះ បានរកឃើញករណីកិបកេងពីការផ្ដល់ប្រាក់ឧបត្ថម្ភ ដល់ពលរដ្ឋក្រីក្រ ដូចជាការយកកម្រៃសេវាពីពលរដ្ឋក្នុងការផ្ទៀងផ្ទាត់ឈ្មោះទទួលបានប្រាក់ឧបត្ថម្ភ។ លើសពីនេះ មានការគប់គិតគ្នា ការក្លែងបន្លំប័ណ្ណសមធម៌ និងកាតវីង ដើម្បីទៅដកយកថវិការបស់ពលរដ្ឋក្រីក្រ។ នេះបើតាមលិខិតជម្រាបទៅអភិបាលរាជធានី-ខេត្ត របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញថ្ងៃទី៩ធ្នូ។
លោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក។ រូបពី មូលនិធិជាតិជំនួយសង្គម
ជុំវិញករណីនេះ លោក ឈួរ សុបញ្ញា អគ្គនាយកនៃមូលនិធិជាតិជំនួយសង្គម បានទទួលស្គាល់ថា ពិតជាមានករណីដូចសម្ដេច ស ខេង លើកឡើងពិតមែននាពេលថ្មីៗនេះ ជាពិសេសកើតមាននៅក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។ ក្នុងករណីនេះ មន្ត្រីស្មៀនសង្កាត់តាខ្មៅម្នាក់ បានលួចយកប្រាក់ពលរដ្ឋក្រីក្រអស់ប្រមាណ៧០លានរៀល តាមរយៈការយកបណ្ណក្រីក្រនិងលេខកូតវីងទៅដកប្រាក់ឧបត្ថម្ភ។
«ករណីមិនប្រក្រតីនាពេលថ្មី គឺកើតមាននៅសង្កាត់តាខ្មៅ មានប្រមាណ១៦ករណី កើតឡើងដោយសារមន្ត្រីស្មៀនម្នាក់។ ស្មៀននោះត្រូវបានបញ្ជូនទៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការហើយ»។ នេះបើតាម លោក ឈួរ សុបញ្ញា ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធទូរស័ព្ទនៅថ្ងៃនេះ ដោយអំពាវនាវឲ្យមន្ត្រីពាក់ព័ន្ធ ពិសេសតាមមូលដ្ឋាន គោរពតាមសេចក្ដីណែនាំរបស់រដ្ឋាភិបាល និងបម្រើការងារដល់ពលរដ្ឋឲ្យបានត្រឹមត្រូវ។
ពាក់ព័ន្ធករណីខាងលើនេះ សម្ដេច ស ខេង បានចេញលិខិតប្រាប់ទៅអភិបាលរាជធានី-ខេត្ត ណែនាំដល់រដ្ឋបាលឃុំសង្កាត់ ឲ្យគារពគោលកាណ៍ និងនីតិវិធីនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារជនក្រីក្រ និងងាយរងគ្រោះ។ ជាមួយគ្នាដែរ ត្រូវ ណែនាំដល់មេឃុំ ចៅសង្កាត់ មិនត្រូវប្រគល់ឈ្មោះគណនី និងលេខសម្ងាត់ សម្រាប់បើកប្រាក់ឧបត្ថម្ភដល់បុគ្គលផ្សេង ក្រៅពីស្ត្រីមានផ្ទៃពោះនិងកូនតូច ដែលកាន់បណ្ណក្រីក្រឡើយ៕
Tag:
ប្រាក់ឧបត្ថម្ភ
ជនក្រីក្រ
© រក្សាសិទ្ធិដោយ thmeythmey.com