អន្តរជាតិ
ចិន និងអារ៉ាប៊ីសាអូឌីត ចុះហត្ថលេខាលើកិច្ចព្រមព្រៀង៣០ពាន់លានដុល្លារ
09, Dec 2022 , 9:29 pm        
រូបភាព
ប្រធានាធិបតីចិន ស៊ី ជិនភីង និងមហាក្សត្រអារ៉ាប៊ីសាអូឌីត។ រូបថត Xinhua
ប្រធានាធិបតីចិន ស៊ី ជិនភីង និងមហាក្សត្រអារ៉ាប៊ីសាអូឌីត។ រូបថត Xinhua
ដោយ:
ប្រធានាធិបតីចិន ស៊ី ជិនភីង និងរជ្ជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman នៅថ្ងៃទី៨ ខែធ្នូ ព្រមព្រៀងពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ស្របពេលប្រទេសទាំងពីរក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងវិស័យជាច្រើនក្នុងទំហំជាង៣០ពាន់លានដុល្លារ។ ប៉ុន្តែអាម៉េរិកប្រតិកម្មចំពោះរឿងនេះថា គោលបំណងបញ្រ្ជាបឥទ្ធិពលរបស់ចិនជុំវិញពិភពលោកមិនអំណោយផលដល់សណ្តាប់ធ្នាប់ពិភពលោកឡើយ។

 
អំឡុងទស្សនកិច្ចបីថ្ងៃនៅមហាអំណាចតំបន់ ប្រធានាធិបតីចិន ស៊ី ជិនភីង នៅថ្ងៃទី៨ ខែធ្នូបានជួបជាមួយរជ្ជទាយាទអារ៉ាប៊ីសាអូឌីត ព្រះអង្គ Mohammed bin Salman នាព្រះបរមរាជវាំង Yamamah នៅក្រុងរីយ៉ាដ។ លោក ស៊ី ប្រាប់ព្រះអង្គ Mohammed bin Salman ថា អារ៉ាប៊ីសាអូឌីតគឺជាសមាជិកដ៏សំខាន់ក្នុងពិភពអារ៉ាប់ ហើយជាកម្លាំងឯករាជ្យដ៏សំខាន់ក្នុងពិភពលោកពហុប៉ូល ក៏ដូចជាដៃគូយុទ្ធសាស្រ្តដ៏សំខាន់របស់ចិននៅមជ្ឈិមបូព៌ា។ 
 
ក្នុងទស្សនកិច្ចនេះ មេដឹកនាំទាំង២ បានចុះកិច្ចព្រមព្រៀងពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយចិន-អារ៉ាប៊ីសាអូឌីតដែរដើម្បីរៀបចំកិច្ចប្រជុំរវាងប្រមុខរដ្ឋប្រទេសទាំងពីរជារៀងរាល់ពីរឆ្នាំម្តង។ ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយចិន-អារ៉ាប៊ីសាអូឌីតបង្កើតឡើងក្នុងឆ្នាំ២០១៦ ដែលប្រធានាធិបតីចិនអះអាងថា កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយរដ្ឋអារ៉ាប់មួយនេះរីកចម្រើនយ៉ាងរហ័សតាំងពីពេលនោះមក។
 
ក្រៅពីនេះ កិច្ចព្រមព្រៀងតម្លៃជាង៣០ពាន់លានដុល្លាររវាងចិន និងអារ៉ាប៊ីសាអូឌីតត្រូវបានចុះហត្ថលេខានៅថ្ងៃទី៨ ខែធ្នូ ផងដែរ។​ ក្នុងនោះរួមមានកិច្ចព្រមព្រៀងថាមពលលើអ៊ីដ្រូសែន ក៏ដូចជាគម្រោងព្រមព្រៀងលើរបៀបវារៈកំណែទម្រង់សេដ្ឋកិច្ចរបស់អារ៉ាប៊ីសាអូឌីតឆ្នាំ២០៣០ ជាមួយគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ និងផ្លូវមួយរបស់ចិន។ នេះបើតាមទីភ្នាក់ងារព័ត៌មានរដ្ឋ Saudi។
 
តាមទីភ្នាក់ងារព័ត៌មានដដែល កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានោះក៏គ្របដណ្តប់លើគម្រោងគីមីឥន្ធនៈ ការអភិវឌ្ឍលំនៅដ្ឋាន និងការបង្រៀនភាសាចិនផងដែរ។ 
 
បើតាមទីភ្នាក់ងារព័ត៌មាន Xinhua ដែលស្រង់សម្តីរបស់លោក ស៊ី ប៉ុន្មានឆ្នាំថ្មីៗនេះ ទំនាក់ទំនងចិន-អារ៉ាប៊ីសាអូឌីតកំពុងរីកចម្រើនក្នុងកម្រិតដ៏ខ្ពស់មួយ ស្របពេលដែលស្ថានភាពតំបន់ និងអន្តរជាតិស្ថិតក្នុងស្ថានភាពដ៏ស្មុគស្មាញ។ លោក ស៊ី បន្ថែមថា ចិននឹងចាត់ទុកការអភិវឌ្ឍទំនាក់ទំនងជាមួយអារ៉ាប៊ីសាអូឌីតជាអាទិភាពខ្ពស់ក្នុងទំនាក់ទំនងបរទេសទាំងអស់ ពិសេសក្នុងការទូតរបស់ខ្លួននៅមជ្ឈិមបូព៌ា។ 
 
ចិន ជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អារ៉ាប៊ីសាអូឌីត ខណៈអារ៉ាប៊ីសាអូឌីតក៏ជាប្រទេសដ៏ធំបំផុតមួយផ្គត់ផ្គង់ប្រេងដល់ចិនផងដែរ។ ទស្សនកិច្ចជាលើកដំបូងក្នុងរយៈពេលប្រាំមួយឆ្នាំរបស់ប្រធានាធិបតីចិននេះធ្វើឡើង ស្របពេលអារ៉ាប៊ីសាអូឌីតធ្លាប់ជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់អាម៉េរិកកំពុងធ្វើពិពិធកម្មដៃគូនយោបាយ និងសេដ្ឋកិច្ច។
 
ដោយមិនឈរឱបដៃស្ងៀម សេតវិមានព្រមានថាគោលបំណងរបស់ចិនដែលកំពុងពង្រីកឥទ្ធិពលជុំវិញពិភពលោកមិនអំណោយផលដល់សណ្តាប់ធ្នាប់ពិភពលោកដែលផ្អែកលើច្បាប់អន្តរជាតិឡើយ។ មួយរយៈនេះ ទំនាក់ទំនងអាម៉េរិក និងអារ៉ាប៊ីសាអូឌីតធ្លាក់ចុះជុំវិញបញ្ហាសិទ្ធិមនុស្ស និងការកាត់បន្ថយទិន្នផលនាំចេញប្រេងរបស់រដ្ឋអារ៉ាប់មួយនេះ៕
 

Tag:
 ចិន
  អារ៉ាប៊ីសាអូឌីត
© រក្សាសិទ្ធិដោយ thmeythmey.com