ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
ចំណុចសំខាន់ៗដែលនិស្សិតទេសចរណ៍គួរត្រៀមខ្លួន ដើម្បីទទួលបានឱកាសការងារល្អ និងចំជំនាញ
09, Dec 2022 , 9:59 pm        
រូបភាព
លោក វណ្ណា មករា អគ្គនាយកក្រុមហ៊ុន  យូនីក ហូលីដេ ឯ.ក
លោក វណ្ណា មករា អគ្គនាយកក្រុមហ៊ុន យូនីក ហូលីដេ ឯ.ក
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖ អតីតនិស្សិតផ្នែកគ្រប់គ្រងទេសចរណ៍ នៃសាកលវិទ្យាល័យបៀលប្រាយ  លោក វណ្ណា មករា បាននិយាយថា ការខិតខំប្រឹងប្រែងរៀនក្នុងវ័យសិក្សា ការថែទាំសុខភាពកាយ ចិត្ត និងការប្រឡូកយកបទពិសោធន៍ឱ្យបានច្រើន គឺជាគុណសម្បត្តិដ៏ប្រពៃ សម្រាប់និស្សិតដែលកំពុងសិក្សាក្នុងជំនាញទេសចរណ៍ ដើម្បីទទួលបានឱកាសការងារល្អនៅក្នុងសង្គម។ អគ្គនាយក ក្រុមហ៊ុន យូនីក ហូលីដេ រូបនេះ បន្ថែមថា ឆន្ទៈមោះមុត និងគោលដៅច្បាស់លាស់ គឺជាកត្តាចម្បងសម្រាប់ពួកគេ ដើម្បីទទួលបាននូវផ្កាផ្លែ ក្នុងអាជីព ទាំងបច្ចុប្បន្ន និងទៅអនាគត។



ឆ្លងកាត់បទពិសោធន៍ការងារក្នុងវិស័យទេសចរណ៍ជិត១០ឆ្នាំ ទាំងនៅក្នុងស្រុក និងខាងក្រៅប្រទេស បច្ចប្បន្ន លោក វណ្ណា មករា ក្លាយជាអគ្គនាយកក្រុមហ៊ុន យូនីក ហូលីដេ ដែលជាក្រុមហ៊ុនទេសចរណ៍ថ្មីថ្មោងមួយ ផ្តោតលើសេវារៀបចំកញ្ចប់ទេសចរណ៍ក្នុងនិងក្រៅស្រុក តាមរយៈការលក់សំបុត្រយន្តហោះ និងធ្វើលិខិតឆ្លងដែន។ 
 

លោក វណ្ណា មករា  ក្នុងបទសម្ភាសជាមួយ កម្មវិធី  «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ
 
ដើម្បីកាន់តែលម្អិត សូមលោកអ្នកនាង ស្តាប់បទសម្ភាសរវាង វាគ្មិន លោក វណ្ណា មករា អគ្គនាយកក្រុមហ៊ុន យូនីក ហូលីដេ  ជាមួយ កញ្ញា សុង សុធាវី អ្នកសម្របសម្រួលកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ ដូចតទៅ៖




 
អតីតនិស្សិតផ្នែកគ្រប់គ្រងទេសចរណ៍ នៃសាកលវិទ្យាល័យបៀលប្រាយ  រូបនេះ ពន្យល់ថា និស្សិតដែលកំពុងសិក្សាជំនាញទេសចរណ៍គួរខិតខំរៀនសូត្រ ឱ្យមានចំណេះដឹងទូលំទូលាយក្នុងមុខជំនាញរបស់ខ្លួន និងគួរឆ្លៀតពេលថែទាំសុខភាព ផ្លូវកាយ ផ្លូវចិត្តឱ្យបានល្អ។ ជាមួយគ្នានេះ កត្តាសេពគប់មិត្តក៏ជារឿងដែលពួកគេត្រូវយកចិត្តទុកដាក់ផងដែរ ពិសេសសម្រាប់និស្សិតដែលមកពីតាមបណ្តាខេត្តឆ្ងាយៗ។ល។ មួយវិញទៀត ការប្រឡូកចូលជ្រៅក្នុងវិស័យការងារនេះ ទោះតូច-ធំ ឬតិច-ច្រើនក្តី  សុទ្ធសឹងតែជាបទពិសោធន៍ និង ឱកាសល្អ ឱ្យពួកគេបានអភិឌ្ឍសមត្ថភាពផងដែរ។ 
 
លោក លើកឡើង ដូច្នេះ៖ « ពួកគាត់ត្រូវតែព្យាយាមសិក្សា ឱ្យមានចំណេះដឹងទូលំទូលាយក្នុងវិស័យហ្នឹង! ហើយនៅឆ្នាំទី៣អី គាត់ត្រូវតែចេញទៅស្វែងរកឱកាសការងារ ដើម្បីយកជាបទពិសោធន៍ ទោះប្រាក់ខែតិច ឬ ច្រើនក្តី យើងកុំរើសអើង។ ធម្មតា យើងត្រូវចាប់ផ្តើមពីចំណុចតូចទៅ ដូចខ្ញុំក៏ចាប់ផ្តើមពីចំណុចតូចទៅដែរ។ ខ្ញុំចាប់ផ្តើមពីបុគ្គលិកថ្នាក់ទាប រហូតដល់ខ្ញុំអាចឡើងទៅគ្រប់គ្រងក្រុមហ៊ុនឱ្យគេ» ។
 
បុរសវ័យ ២៨ឆ្នាំ មកពីខេត្តតាកែវ រូបនេះ ឆ្លៀតបន្ថែមថា ក្នុងពេលនៅជានិស្សិត ពួកគេគួររៀនបង្កើតបណ្តាញឱ្យបានច្រើន ទាំងនៅក្នុងថ្នាក់ និងក្រៅថ្នាក់ជាមួយធនធានមនុស្សក្នុងវិស័យទេសចរណ៍តែម្តង ដើម្បីជាដើមទុនក្នុងអាជីព និង ឱកាសការងារល្អៗ នាពេលខាងមុខ។   រឹតតែសំខាន់សម្រាប់និស្សិតក្នុងជំនាញនេះ ពួកគេត្រូវមានឆន្ទៈមោះមុត  កំណត់គោលដៅច្បាស់លាស់ ដើម្បីតម្រង់ទិសខ្លួនឯងជាប់ជានិច្ច។ ម្យ៉ាងទៀត ការដាក់ចិត្តរៀនសូត្រ អនុវត្តន៍គ្រប់ប្រភេទការងារ នឹងនាំឱ្យពួកគេទទួលបាននូវផ្កា ផ្លែ ក្នុងអាជីពផងដែរ។ 
 
«យើងត្រូវមានគោលដៅ បើយើងគ្មានគោលដៅហើយ ជីវិតយើងមិនដឹងរសាត់អណ្តែតដល់ណាទេ! អ៊ីចឹងយើងត្រូវដាក់គោលដៅ។ បើយើងនៅក្នុងវិស័យទេសចរណ៍ វាមានជំនាញច្រើន មានខាងសណ្ឋាគារ ភ្នាក់ងារទេសចរណ៍ អាហារដ្ឋាន។ល។ អ៊ីចឹង គាត់ត្រូវច្បាស់ក្នុងចិត្តថា រៀនចប់គាត់នឹងយកជំនាញក្នុងផ្នែកមួយណា? ឯរឿងសំខាន់បំផុតមួយទៀតនោះគឺ ការរក្សាកេរ្តិ៍ឈ្មោះឱ្យបានល្អ ទោះបីជាយើងចេញទៅធ្វើការនៅទីណាក៏ដោយ ពិសេសអ្នកចេញរកស៊ីតែម្តង។ នៅពេលដែលគេគ្រាន់់តែលឺឈ្មោះបុគ្គលហ្នឹង គេចូលចិត្ត គាំទ្រ ស្រឡាញ់រាប់អាន ចង់ចូលរួមជួយតែម្តង»។  នេះជាការបញ្ជាក់ របស់លោក មករា ជាមួយ សារព័ត៌មានថ្មីៗ។
 
អ្នកជំនាញក្នុងវិស័យទេសចរណ៍ វ័យក្មេងរូបនេះ បង្ហើបឱ្យដឹងថា ជំនាញទេសចរណ៍ដែលរៀននៅក្នុងថ្នាក់ អាចយកទៅប្រើជាដើមទុនបានសម្រាប់និស្សិតប្រហែល៥០% ទេ ឬអាចថាកម្មវិធីសិក្សាមួយចំនួនហាក់មិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយ ដែលទ្រឹស្តីនៅក្នុងថ្នាក់ ហាក់មិនសូវត្រូវនឹងការចេញអនុវត្តន៍ផ្ទាល់ប៉ុន្មានទេ  តែចំណេះដឹងថ្មីៗ ការស្វែងយល់ពីស្ថានភាពប្រែប្រួលក្នុងសង្គមជាក់ស្តែង ចំណង់ចំណូលចិត្តរបស់មនុស្ស រមែងមានការប្រែប្រួលជានិច្ចទៅតាមភាពជឿនលឿននៃបច្ចេកវិទ្យា ។ល៕
 
 
 
 
 

Tag:
 វិស័យទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com