អន្តរជាតិ
UN ជំរុញឱ្យប្រទេសអាស៊ីអាគ្នេយ៍ជួយជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលកំពុងរសាត់អណ្តែតនៅសមុទ្រ Andaman
09, Dec 2022 , 10:29 pm        
រូបភាព
ដោយ:
ទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិនៅថ្ងៃទី៨ ខែធ្នូ ជំរុញឱ្យបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ជួយសង្រ្គោះជនភៀសខ្លួនរ៉ូហ៊ីងយ៉ាប្រហែល២០០នាក់ដែលរសាត់អណ្តែតលើទូកនៅសមុទ្រ Andaman ជាងមួយសប្តាហ៍មកហើយ។

 
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន(UNHCR) ទទួលបានរបាយការណ៍មួយថា ជនជាតិរ៉ូហ៊ីងយ៉ាបានជាប់គាំងលើទូកដែលរសាត់តែលតោលជាប់ឆ្នេរសមុទ្រថៃតាំងពីថ្ងៃទី១ ខែធ្នូ ដោយសារតែទូកខូចម៉ាស៊ីន។​ 
 
«អ្នកដែលនៅលើទូកគ្មានទឹក និងអាហារជាច្រើនថ្ងៃ ហើយកំពុងខ្សោះជាតិទឹកយ៉ាងខ្លាំង»។ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនលើកឡើងបែបនេះក្នុងសេចក្តីថ្លែងការណ៍ ហើយថែមទាំងបញ្ជាក់ពីការទទួលបានព័ត៌មានមិនច្បាស់ពីអ្នកស្លាប់មួយចំនួនផងដែរ។
 
UNHCR ព្រមទាំងព្រមានថា នៅប៉ុន្មានថ្ងៃខាងមុខនឹងអាចមានចំនួនអ្នកស្លាប់បន្ថែមទៀត ប្រសិនបើជនភៀសខ្លួនដែលនៅលើទូកទាំងនោះមិនទាន់ត្រូវបានជួយសង្រ្គោះ ហើយនាំទៅកន្លែងសុវត្ថិភាព។ ដោយមិនលម្អិតពីទីតាំងទូក ទីភ្នាក់ងារជនភៀសខ្លួនក៏បានជំរុញឱ្យរដ្ឋាភិបាលក្នុងតំបន់នោះចាត់វិធានការ ហើយត្រៀមផ្តល់ជំនួយមនុស្សធម៌ដែលចាំបាច់សម្រាប់អ្នកដែលបានចុះពីទូកផង។
 
តាមរបាយការណ៍របស់ UNHCR ដែលចេញនៅដើមខែធ្នូនេះ ប្រាំពីរឆ្នាំមកនេះ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាច្រើននាក់បន្តប្រថុយធ្វើដំណើរតាមទូកយ៉ាងគ្រោះថ្នាក់ពីមីយ៉ាន់ម៉ា និងបង់ក្លាដែសទៅកាន់ប្រទេសនៅអាស៊ីអាគ្នេយ៍។ 
 
របាយការណ៍របស់ UNHCR បញ្ជាក់ថា ពីខែមករាដល់ខែវិច្ឆិកា ឆ្នាំ២០២២ មនុស្សប្រហែល ១៩២០ នាក់ដែលភាគច្រើនជាជនជាតិមូស្លីមរ៉ូហ៊ីងយ៉ាបានធ្វើដំណើរតាមសមុទ្រពីមីយ៉ាន់ម៉ា និងបង់ក្លាដែស ខណៈកាលពីឆ្នាំ២០២១ មានតែ​២៨៧នាក់ប៉ុណ្ណោះ។ អំឡុងការធ្វើដំណើរ ជនភៀសខ្លួនប្រហែល ១១៩ នាក់ត្រូវបានរាយការណ៍ថា បាត់ខ្លួន ឬបាត់បង់ជីវិត៕
 
កាលពីឆ្នាំ២០១៥ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា និងជនចំណាកស្រុកបង់ក្លាដែសប្រហែល៨ពាន់នាក់ត្រូវបានអ្នករកស៊ីបញ្ជូនជនអន្តោប្រវេសន៍ទុកចោលឱ្យរសាត់នៅលើទូក ហើយប្រទេសជិតខាងមីយ៉ាន់ម៉ា ក៏មិនអនុញ្ញាតឱ្យចូលប្រទេស។ វិបត្តិនេះបណ្តាលឱ្យមនុស្សប្រហែល ៣៧០ នាក់បាត់បង់ជីវិតដោយសារតែអត់ឃ្លាន និងខ្សោះជាតិទឹក៕
 

Tag:
 រ៉ូហ៊ីងយ៉ា
  UN
© រក្សាសិទ្ធិដោយ thmeythmey.com