អន្តរជាតិ
រូបសត្វបែបកំប្លែងប្រចាំឆ្នាំ២០២២ មានមួយសន្លឹកថតនៅសៀមរាប
18, Dec 2022 , 5:40 pm        
រូបភាព
ដោយ: ធីតា
ពានរង្វាន់រូបថតសត្វបែបកំប្លែង Comedy Wildlife Photography Awards បានរកឃើញជ័យលាភីបប្រចាំឆ្នាំ២០២២របស់ខ្លួនហើយ ដោយក្នុងចំណោមនោះ រូបថតមួយសន្លឹកពីកម្ពុជា ទទួលបានជ័យលាភីកិត្តិយស។


 
រូបថតជាង៥ពាន់សន្លឹកពីជាង៨៥ប្រទេស ត្រូវបានបញ្ជូនសម្រាប់ការប្រកួតប្រជែងនៅឆ្នាំ២០២២នេះ។ ក្នុងចំណោមរូបថតជាប់ជ័យលាភីទាំង១៦ មាន១សន្លឹកត្រូវបានថតនៅកម្ពុជា។
 
ពានរង្វាន់មានការបែងចែកទៅតាមប្រភេទ និងតាមម្ចាស់ឧបត្ថម្ភកម្មវិធី។ ដោយពានរង្វាន់ទាំងនោះមាន៖
 
ជ័យលាភីរួម (Overall Winner) និងរង្វាន់ Alex Walker’s Serian Creatures of the Land Award

ពានរង្វាន់នេះ បានទៅលើរូបថតរបស់អ្នកថតរូបអាម៉េរិកឈ្មោះ Jennifer Hadley ជាមួយរូបដែលមានចំណងជើងថា «Not So Cat-Like Reflexes»។ រូបបង្ហាញពីកូនតោអាយុខែ ទម្លាក់ខ្លួនពីដើមឈើមួយនៅតំបន់អេកូ Serengeti នៃប្រទេសតង់ហ្សានី។
 


ក្រៅពីឈ្នះរង្វាន់ Overall រូបថតរបស់ Jennifer Hadley ក៏ទទួលបានជ័យលាភី  Alex Walker’s Serian Creatures of the Land Award ផងដែរ។ ជាមួយនឹងការឈ្នះរង្វាន់រួម Hadley ទទួលបានពានមួយ កាបូបដាក់កាមេរ៉ាមួយ រួមទាំងដំណើរកម្សាន្តទៅកាន់តំបន់អភិរក្សា Alex Walker’s Serian Camp នៅប្រទេសកេនយ៉ា។
 
រង្វាន់ Spectrum Photo Creatures in the Air Award៖

ម្ចាស់ជ័យលាភីជាអ្នកថតរូបបារាំង Jean Jacques Alcalay ជាមួយនឹងរូបថតក្រោមចំណងជើងថា «Misleading African viewpoints 2»។ រូបថតនៅអាហ្វ្រិកខាងត្បូងបង្ហាញពីដំរីទឹក ហាមាត់ពីក្រោយសត្វក្រសារមួយ ដែលឈរទំលើខ្នងដំរីទឹកមួយផ្សេងទៀត។ 
 
រង្វាន់ Creatures Under the Sea Award៖

ជ័យលាភីបានលើអ្នកថតរូបអេស្ប៉ាញ Arturo Telle Thiemann ជាមួយរូបថតក្រោមចំណងជើងថា «Say cheeeese»។ ជារូបថតនៃត្រីពីរក្បាលក្នុងកោះ Faial ប្រទេសព័រទុយហ្គាល់ ហែលនៅមុខកាមេរ៉ា។
 
រង្វាន់ Affinity Photo 2 People’s Choice Award៖

អ្នកថតរូបអាម៉េរិក Jennifer Hadley ដដែល បានឈ្នះពានរង្វាន់នេះ ជាមួយនឹងរូបថតសត្វ Penguin ពីរក្បាល ឈរលំហែកាយនៅកោះ Falkland។
 
រង្វាន់ Junior Award៖

រង្វាន់នេះ បានលើរូបថតដែលមានចំណងជើងថា «I CU boy !» របស់អ្នកថតរូបឥណ្ឌាឈ្មោះ Arshdeep Singh។ រូបថតបង្ហាញពីកូនទីទុយមួយក្បាលប្រឹងងើយឡើងលើដោយបិទភ្នែកម្ខាង ខណៈវាស្ថិតក្នុងធុងមួយ។
 
រង្វាន់ Amazing Internet Portfolio Award៖

រង្វាន់នេះ បានលើអ្នកជំនាញថតរូបសត្វព្រៃចិន Jia Chen ជាមួយនឹងរូបថតដែលមានចំណងជើងថា «Football Dream»។ រូប៤សន្លឹក បង្ហាញពីសត្វស្លាប Coopers Hawk នៅក្រុង Ontario ប្រទេសកាណាដា ដែលមានសកម្មភាពដូចកំពុងលេងបាល់។
 
ជ័យលាភីកិត្តិយស (Highly Commended Winners) ផ្សេងទៀតមាន៖
-Michael Eastwell (អង់គ្លេស) ជាមួយរូប «It’s all Kicking off!»

-Miroslav Srb. (សាធារណរដ្ឋឆេក) ជាមួយរូប «Hello Everyone»

-Fererica Vinci (អ៊ីតាលី) ជាមួយនឹងរូបសត្វស្វាពីរក្បាលនៅក្បែរប្រាសាទបាពួន ខេត្ត​សៀមរាប ក្រោមចំណងជើងថា «Monkey Wellness Centre»

-Jagdeep Rajput. (ឥណ្ឌា) រូបថតដែលមានចំណងជើងថា «Pegasus, the flying horse»

-Emmanuel Do Linh San (អាហ្វ្រិកខាងត្បូង) ជាមួយរូបថតដែលមានចំណងជើងថា «I’m gonna strangle you!»។

-Ryan Sims (អាម៉េរិក) ជាមួយនឹងរូបដែលមានចំណងជើងថា «Exuse Me… Pardon Me!»

-Alex Pansier (ហូឡង់) ជាមួយរូប «Jumping Jack»

-Mark Schocken (អាម៉េរិក) ជាមួយរូប «Tight Fit!»

-John Chaney (អាម៉េរិក) ជាមួយរូប «Fight Back»

-Martin Grace (អង់គ្លេស) ជាមួយរូប «Keep Calm and Keep Your Head»។
 
ពានរង្វាន់ The Comedy Wildlife Photography Awards ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៥ ដោយអ្នកថតរូបអាជីពអង់គ្លេសពីរនាក់ គឺលោក Paul Joynson-Hicks និងលោក Tom Sullam។
 
ស្ថាបនិកទាំងពីររូបដែលជាអ្នកស្រឡាញ់ការអភិរក្ស និងធនធានធម្មជាតិ បានបញញ្ជាក់ថា ការប្រកួតប្រជែងរូបថតសត្វបែបកំប្លែងនេះ គឺដើម្បីបង្ហាញពីទឹកចិត្តដ៏ជ្រៀលជ្រៅចំពោះសត្វព្រៃ និងភាពរីករាយផ្សេងៗ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com