ជាតិ
សុខភាព
គុយបា នឹងជួយកម្ពុជាលើការបណ្តុះបណ្តាលពេទ្យឯកទេសជំងឺមហារីក និងទឹកនោមផ្អែម 
×![]()
រដ្ឋាភិបាលគុយបា បានឯកភាពបញ្ជូនក្រុមគ្រូពេទ្យឯកទេសជំងឺមហារីក និងទឹកនោមផ្អែម មកបណ្តុះបណ្តាលគ្រូពេទ្យកម្ពុជា ឬទទួលយកគ្រូពេទ្យកម្ពុជា ឱ្យចូលរួមបណ្តុះបណ្តាលដោយផ្ទាល់នៅប្រទេសគុយបា។ ការឯកភាពនេះ ធ្វើឡើងក្នុងជំនួបរវាងប្រតិភូនៃក្រសួងសុខាភិបាលកម្ពុជា ដែលដឹកនាំដោយលោកស្រី ឱ វណ្ណឌីន ជាមួយលោក José Angel Portal Miranda រដ្ឋមន្ត្រីក្រសួងសុខភាពសាធារណៈគុយបា។ ប្រតិភូក្រសួងសុខាភិបាលកម្ពុជា បានធ្វើទស្សនកិច្ចផ្លូវការនៅគុយបា ពីថ្ងៃទី១១ ដល់ថ្ងៃទី១៩ ធ្នូ ឆ្នាំ២០២២នេះ។
ក្រៅពីការជួយបណ្តុះបណ្តាលគ្រូពេទ្យកម្ពុជាហើយ ភាគីគុយបា ក៏បានឯកភាពថានឹងពិនិត្យលទ្ធភាពបន្ថែម ក្នុងការអាហារូបករណ៍ដល់និស្សិតកម្ពុជាសិក្សាផ្នែកសុខាភិបាលឱ្យបានច្រើន ព្រមទាំងពិចារណាផ្តល់អាហារូបករណ៍ថ្នាក់ឯកទេសព្យាបាលជំងឺមហារីក ដល់និស្សិតខ្មែរ៣រូប ដែលកំពុងសិក្សាថ្នាក់វេជ្ជបណ្ឌិតនៅប្រទេសគុយបាផងដែរ។ ទន្ទឹមនឹងនេះ កម្ពុជាបានលើកទឹកចិត្តឱ្យគុយបា នាំផលិតផលសម្រាប់ព្យាបាលដំបៅបង្កដោយជំងឺទឹកនោមផ្អែមមកកម្ពុជាផងដែរ ដើម្បីកាត់បន្ថយជាអតិប្បរមាអត្រាប្រឈមខ្ពស់ទៅនឹងការកាត់អវយវៈ។

នៅអំឡុងឆ្នាំ២០២៣ ខាងមុខនេះ ក៏នឹងមានទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍របស់ភាគីគុយបា នៅប្រទេសកម្ពុជាផងដែរ ដើម្បីស្វែងរកឱកាសធ្វើកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត។ លើសពីនេះ ភាគីគុយបា នឹងធ្វើការជាមួយភាគីពាក់ព័ន្ធ ក្នុងការបន្តសុពលភាពបញ្ជិកាឱសថ និងវ៉ាក់សាំង ដែលធ្លាប់បានចរាចរនៅកម្ពុជា ព្រមទាំងបន្តជំរុញការនាំយកឱសថ វ៉ាក់សាំង ឬសម្ភាៈ និងបរិក្ខារពេទ្យរបស់គុយបាទៅកម្ពុជា ទន្ទឹមនឹងបំណងរបស់គុយបា ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើធុរកិច្ចឱសថជាមួយកម្ពុជាបន្ថែមផងដែរ។
បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជាអំពីលទ្ធផលនៃទស្សនកិច្ចនេះ ការងារដែលបានឯកភាពខាងលើ នឹងអាចចាប់ផ្តើមអនុវត្តពីឆ្នាំ២០២៣ បន្ទាប់ពីភាគីកម្ពុជា បញ្ជាក់ផែនការ និងតម្រូវការជាលាយលក្ខណ៍អក្សរ តាមយន្តការការទូត។

សូមជម្រាបថា ទស្សនកិច្ចផ្លូវការរបស់ប្រតិភូកម្ពុជា នៅប្រទេសគុយបា មានគោលបំណងពង្រឹងកិច្ចសប្រតិបត្តិការក្នុងវិស័យសុខាភិបាល ពិសេសផ្តោតលើការពិនិត្យលទ្ធភាព ធ្វើកិច្ចសហការផ្នែកឱសថ សម្រាប់ការព្យាបាលជំងឺមហារីក និងជំងឺទឹកនោមផ្អែមជាដើម វ៉ាក់សាំងសម្រាប់បង្ការជំងឺកុមារ និងជំងឺកូវីដ-១៩ ឧបករណ៍ បរិក្ខារពេទ្យជាដើម។ ទស្សនកិច្ចនេះ ក៏ផ្តល់ឱកាសឱ្យប្រតិភូកម្ពុជា ស្វែងយល់បន្ថែមពីការងារថែទាំសុខភាពបឋម របស់ប្រទេសគុយបា និងការបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកវេជ្ជសាស្ត្រទូទៅ និងឯកទេសផងដែរ។

អំឡុងទស្សនកិច្ចនេះ លោកស្រី ឱ វណ្ណឌីន និងគណៈប្រតិភូ បានធ្វើទស្សនកិច្ចសិក្សា នៅមជ្ឈមណ្ឌលត្រួតពិនិត្យឱសថ រោងចក្រផលិតវ៉ាក់សាំង រោងចក្រផលិតឱសថ ជាពិសេសឱសថព្យាបាលជំងឺមហារីក និងទឹកនោមផ្អែម មន្ទីរពេទ្យ និងមជ្ឈមណ្ឌលព្យាបាលជំងឺមហារីកជាតិគុយបា។ គណៈប្រតិភូ ក៏បានពិនិត្យ ស្វែងយល់ និងពិភាក្សាអំពីការងារផ្តល់សេវាសុខភាពបឋម និងការផ្គត់ផ្គង់ឱសថដល់ឱសថស្ថាន និងដល់អ្នកជំងឺនៅក្នុងសហគមន៍ នៃប្រទេសគុយបាផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com