FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ភ្នាក់ងារ Benzema ថា ខ្សែប្រយុទ្ធ Real Madrid អាចលេងនៅវគ្គ ១៦ក្រុមឱ្យបារាំង តែ​ត្រូវក្រុមគ្រូបង្វឹក បញ្ជូនគេទៅផ្ទះវិញ
28, Dec 2022 , 4:59 pm        
រូបភាព
ភ្នាក់ងារផ្ទាល់របស់ខ្សែប្រយុទ្ធ ​Karim Benzema បានអះអាងថា ខ្សែប្រយុទ្ធរបស់ក្រុម Real Madrid អាចលេងឱ្យបារាំងបានតាំងពីវគ្គ ១៦ក្រុមចុងក្រោយ ប៉ុន្តែរូបគេត្រូវបានបញ្ជូនទៅផ្ទះវិញមុនដោយលោក Didier Deschamps និងបុគ្គលិកពេទ្យក្នុងក្រុមជម្រើសជាតិ។ នេះបើតាមការបង្ហោះរបស់លោក Karim Djaziri លើ Twitter ដែលជាភ្នាក់ងាររបស់ Benzema ថ្ងៃទី២៧ ខែធ្នូ។



Benzema វ័យ ៣៥ឆ្នាំ មុនការប្រកួតព្រឹត្តិការណ៍ World Cup មកដល់ រូបគេបានរងរបួសភ្លៅអំឡុងពេលហ្វឹកហាត់ជាមួយក្រុមក្នុងប្រទេសកាតា កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ជាហេតុបណ្តាលឱ្យរូបគេ គ្មានវត្តមានជួយក្រុមបារាំងប្រកួត World Cup ​​តាំងពីវគ្គចែកពូលរហូតដល់វគ្គផ្តាច់ព្រ័ត្រ។ ទោះបីរបួសមុនប្រកួតមកដល់ Benzema មិនត្រូវបានលោក Deschamps ដកឈ្មោះចេញពីក្រុមបញ្ជីកីឡាករទាំង ២៦រូបឡើយ ហើយភ្លាមៗនោះសហព័ន្ធបាល់ទាត់បារាំងថាខ្សែប្រយុទ្ធ Real Madrid ត្រូវការពេល ៣សប្តាហ៍ដើម្បីជាសះស្បើយ។
 
លោក Didier Deschamps ក្រោយពីពិគ្រោះយោបល់ជាមួយគ្រូពេទ្យក្រុមជម្រើសជាតិបារាំងលោក Frank Le Gall រួចមក ក៏បានសម្រេចចិត្តលើរបួស ហើយតម្រូវឱ្យ Benzema ដកខ្លួនចេញពីក្រុមជម្រើសជាតិតែម្តង។ Benzema បានចាកចេញពីក្រុមជម្រើសជាតិដោយវិលត្រលប់ទៅកាន់ទីលានហ្វឹកហាត់របស់ក្រុម ​Real Madrid ដើម្បីបន្តហ្វឹកហាត់ត្រៀមការប្រកួតរបស់ក្រុម។ ហើយក្រោយចប់ World Cup ភ្លាមរូបគេបានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិ ដោយបង្កជាភាពភ្ញាក់ផ្អើល។
 
តាមរយៈការបង្ហោះរិះគន់នៅលើបណ្តាញសង្គម Twitter របស់លោក Karim Djaziri ថ្ងៃទី២៧ ធ្នូ​ រួមជាមួយឃ្លីបវីដេអូដែលបង្ហាញពី Benzema បានស្កេនបញ្ហារបួសនៅក្នុងមន្ទីពេទ្យនៅក្នុងប្រទេសកាតា បញ្ជាក់ថា Benzema អាចវិលត្រលប់ការប្រកួតនៅវគ្គ ១៦ក្រុមវិញបាន។
 
«ខ្ញុំបានពិគ្រោះជាមួយក្រុមអ្នកឯកទេសជំនាញចំនួន ៣នាក់ដែលបានបញ្ជាក់ពីរោគវិនិច្ឆ័យរបស់ Benzema ហើយបានអះអាងថា Benzema អាចចូលប្រកួតវិញនៅវគ្គ ១៦ក្រុមចុងក្រោយ។ យ៉ាងហោចណាស់រូបគេក៏អាចស្ថិតក្នុងបញ្ជីឈ្មោះកីឡាករអង្គុយកៅអីបម្រុងដែរ ហេតុអ្វីបានជាអ្នកបានសួរនាំរូបគេឱ្យចាកចេញយ៉ាងឆាប់រហ័ស។»។ លោក Djaziri បាននិយាយបែបនេះ។
 
លោក Djaziri ក៏បានបន្ថែមដែរថា ក្រោយតែពីការចាកចេញពីក្រុមជម្រើសជាតិពីប្រទេសកាតាមក បាន ១សប្តាហ៍ Benzema បានចូលហ្វឹកហាត់ដោយរត់វិញបាន ។ ហើយក្រោយពេលហ្វឹកហាត់បាន ៣០នាទីខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំ ក៏បានអាចចូលលេងការប្រកួតមិត្តភាពសម្រាប់ Real Madrid។ ភ្នាក់ងាររូបនេះក៏បានចោទប្រកាន់ទៅកាន់ក្រុមជម្រើសជាតិបារាំងថានិយាយបោកប្រាស់ ខុសពីការពិត។
 
គ្មានវត្តមាន Benzema បារាំងបានឈានជើងដល់វគ្គផ្តាច់ព្រ័ត្រ World Cup 2022 ប៉ុន្តែពួកគេត្រូវបានអាហ្សង់ទីនបំបាក់ក្នុងការស៊ុតបាល់ពិន័យ ១១ម៉ែត្រកាត់សេចក្តីលទ្ធផល ៤-២។ មិត្តរួមក្រុមវ័យក្មេង Kylian Mbappe ក្លាយជាកីឡាករឈ្នះស្បែកជើងមាសជាមួយការស៊ុតបាល់បញ្ចូលទី ៨គ្រាប់នៅគ្រប់ការប្រកួត និងស៊ុត Hat-trick វគ្គផ្តាច់ព្រ័ត្រ ខណៈតំបន់លេងរបស់ Benzema ត្រូវជំនួសដោយ Olivier Giroud ហើយរូបគេស៊ុតបញ្ចូលទី៤ គ្រាប់។
 
Karim Benzema នឹងវិលត្រលប់មកកាន់ការប្រកួតវិញក្នុងក្របខណ្ឌ La Liga របស់អេស្ប៉ាញដែលវិលមកក្នុងសប្តាហ៍នេះ ដោយ Real Madrid ធ្វើដំណើរទៅកាន់ទឹកដីរបស់ក្រុម Real Valladolid ថ្ងៃទី៣០ ខែធ្នូ៕
 
 
 

Tag:
 Karim Benzema
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com