FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
មេ FIFA បង្ហាញជំហគាំទ្រ Umtiti និង Banda ក្រោយពួកគេរងការរើសអើងអំឡុងពេលប្រកួត
05, Jan 2023 , 5:59 pm        
រូបភាព
លោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) បានដាស់តឿនទៅកាន់អ្នកគាំទ្រឱ្យបញ្ឈប់ការរើសអើងជាតិសាសន៍ចំពោះកីឡាករខ្សែការពារ Samuel Umtiti និងមិត្តរួមក្រុមកីឡាករ Lameck Banda អំឡុងពួកគេលេងឱ្យក្រុម Lecce ទល់ Lazio នាថ្ងៃទី៤ ខែមករា។



បើតាមការចុះផ្សាយរបស់កាសែតអ៊ីតាលី Gazzetta dello Sport អំឡុងការប្រកួតដែលក្រុម Lecce យកឈ្នះលើក Lazio ដោយលទ្ធផល ២-១ ត្រូវបានផ្អាក់រយៈពេលខ្លី ខណៈដែលប្រព័ន្ធផ្សព្វផ្សាយក្នុងកីឡដ្ឋានបានប្រកាសឱ្យអ្នកគាំទ្រក្នុងកីឡដ្ឋានបញ្ឈប់ការស្រែកដោយប្រើពាក្យមិនសមរម្យលើកីឡាករ។
 
ក្នុងហេតុការណ៍នោះអ្នកគាំទ្រក្រុម Lazio បានស្រែកដោយប្រើពាក្យរើសអើងជាតិសាសន៍សំដៅចំៗទៅកាន់ Umtiti និង Banda ដែលកំពុងលេងឱ្យក្រុមម្ចាស់ផ្ទះ Lecce ខណៈដែលក្រុម Lazio បានបើកការនាំមុខមុន ១​-០។ ភ្លាមៗនោះ អ្នកគាំទ្រក្រុមម្ចាស់ផ្ទះក៏បាននាំគ្នាស្រែកឈ្មោះ Umtiti ខ្សែការពារសញ្ជាតិបារាំង ដើម្បីលុបបំបាត់ការស្រែករើសអើងពីសំណាក់អ្នកគាំទ្រក្រុម Lazio ហើយប្រធានក្លិប Lecce លោក Saverio Sticchi Damiani បាននិយាយប្រកាសលើកទឹកចិត្តដល់ Umtiti ថាធ្លាប់ជាជើងឯក World Cup ផងដែរ។ 
 
Umtiti ដែលបានផ្លាស់ទៅកាន់ក្លិប Lecce ពីក្រុម Barcelona ក្នុងនាមជាកីឡាករខ្ចីជើង នាហេតុការណ៍នោះរូបគេបានស្នើសុំឱ្យអាជ្ញាកណ្តាលបន្តការប្រកួតឡើងវិញ ខណៈរូបគេបានសុំប្តូរចេញ មុនដើរចាកចេញពីទីលានទាំងទឹកភ្នែកទៅកាន់បន្ទប់ផ្លាស់សម្លៀកបំពាក់។ 
 
«ការប្រមាថរើសអើងជាតិសាសន៍ត្រូវបានលុបបំបាត់ ប្រែមកវិញដោយការលើកទឹកចិត្តចំពោះកីឡាករម្ចាស់ជើងឯករបស់យើង។»។ ក្លិប Lecce បានចេញសេចក្តីថ្លែងការណ៍ក្រោយចប់ការប្រកួតបែបនេះ។
 
ក្រោយតែពីមានហេតុការណ៍នេះកើតឡើង ក៏បានលេចឮទៅដល់លោក Infantino ប្រធាន FIFA។ ប្រធានស្ថាប័នបាល់ទាត់កំពូលមួយនេះក៏បានបង្ហាញអំពីការគាំទ្រចំពោះ Umtiti និង Banda នៅបណ្តាញសង្គមដូច្នេះថា៖«សាមគ្គីភាពជាមួយ Samuel Umtiti និង Lameck Banda យើងគួរតែស្រែកឱ្យឮៗថា ប្រឆាំងនឹងការរើសអើងជាតិសាសន៍។ សូមឱ្យមនុស្សល្អក្រោកឈរឡើង ដើម្បីបិទមាត់អ្នករើសអើងជាតិសាសន៍ទាំងអស់តែម្តង។»៕
 
 
 
 

Tag:
 Gianni Infantino
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com