ជាតិ
ឆ្លៀតពេល​ថ្ងៃសម្រាក យុវតី មេសា មកអុំទូកជូនភ្ញៀវកម្សាន្តនៅកំពង់ភ្លុក ដើម្បី​រកប្រាក់​រៀនសូត្រ​
07, Jan 2023 , 10:59 am        
រូបភាព
កញ្ញា ថន់ មេសា សិស្សថ្នាក់ទី១២ និងជាអ្នកអុំទូកដឹកទេសចរ នៅសហគមន៍ធម្មជាតិ កំពង់ភ្លុក ខេត្តសៀមរាប។
កញ្ញា ថន់ មេសា សិស្សថ្នាក់ទី១២ និងជាអ្នកអុំទូកដឹកទេសចរ នៅសហគមន៍ធម្មជាតិ កំពង់ភ្លុក ខេត្តសៀមរាប។
សៀមរាប៖ យុវតី ថន់ មេសា ជាសិស្សកំពុងសិក្សានៅថ្នាក់ទី១២ ក្នុងសហគមន៍ទេសចរណ៍ធម្មជាតិ កំពង់ភ្លុក ខេត្តសៀមរាប។ យុវតីឈាមជ័រអ្នកនេសាទរូបនេះ តែងយកពេលវេលាផ្ទាល់ខ្លួនពីការសិក្សា មកផ្ដល់សេវាដឹកភ្ញៀវទេសចរតាមទូក ក្នុងសហគមន៍ខ្លួន។ ទោះបានកម្រៃស្ដួចស្ដើង តែយុវតីរូបនេះសប្បាយចិត្តដែលបានជួយសម្រួលបន្ទុកគ្រួសារខ្លះ និងផ្គត់ផ្គង់ការសិក្សារបស់ខ្លួន។ កូនស្រីអ្នកនេសាទរូបនេះ មានក្ដីស្រមៃធំ គឺចង់ធ្វើជាគ្រូបង្រៀនផ្នែកគីមីវិទ្យា។

ចាប់កំណើតនៅសហគមន៍ទេសចរណ៍ធម្មជាតិ កំពង់ភ្លុក នៃបឹងទន្លេសាប ក្នុងខេត្តសៀមរាប យុវតី ថន់ មេសា មានវ័យ១៧ឆ្នាំ ជាអ្នកដឹកភ្ញៀវទេសចរទស្សនាសហគមន៍ទេសចរណ៍កំពង់ភ្លុក។ រយៈពេលជាង១ឆ្នាំហើយ ដែល មេសា ចូលរួមជាមួយសហគមន៍ក្នុងការផ្ដល់សេវាទេសចរណ៍នេះ។ 


អ្នកអុំទូកដឹកទេសចរ កំពុងអង្គុយលើទូករង់ចាំភ្ញៀវ នៅសហគមន៍ធម្មជាតិ កំពង់ភ្លុក។

ឆ្លៀតពីការសិក្សា នៅថ្ងៃចុងសប្ដាហ៍ និងថ្ងៃបុណ្យជាតិនានា យុវតីមានឈាមជ័រជាអ្នកនេសាទរូបនេះ តែងមកអុំទូកជូនទេសចរទស្សនាក្នុងព្រៃសហគមន៍របស់​នាង រួមជាមួយប្អូនប្រុសម្នាក់ទៀត ដែលមានអាយុប្រហែល១០ឆ្នាំ កំពុងរៀននៅថ្នាក់ទី៥។ កំពុងអុំទូក ជូនអ្នកសារព័ត៌មាន ThmeyThmey25 ទស្សនាព្រៃក្នុងសហគមន៍កំពង់ភ្លុក​ នៅ​ថ្ងៃ​ចូលឆ្នាំសកល២០២៣នេះ​ យុវតី មេសា ប្រាប់ពីមូលហេតុមកធ្វើជាអ្នកអុំទូកដូច្នេះ៖ «ថ្ងៃទំនេរចេះមកអុំទូកដើម្បីរកលុយខ្លះទុករៀន បើថ្ងៃរៀនអត់មកទេ មកតែថ្ងៃចុងសប្ដាហ៍ បុណ្យទានអីទេ។ ណាមួយយើងក្មេងអ៊ីចេះ ហើយណាមួយយើងនៅរៀនទៀត អត់អាចទៅធ្វើការងារអីធ្ងន់ៗទេ ហើយយើងធ្វើការងារតិចតួចអ៊ីចេះ បានប្រាក់ខ្លះសម្រាប់យកទៅរៀន»។


កញ្ញា ថន់ មេសា សិស្សថ្នាក់ទី១២ និងជាអ្នកអុំទូកដឹកទេសចរ នៅសហគមន៍ធម្មជាតិ កំពង់ភ្លុក ខេត្តសៀមរាប។

សម្រាប់យុវតីអ្នកភូមិត្នោតកំបត់ ការងារជាអ្នកអុំទូកនេះ មិនបាន​ផ្ដល់កម្រៃក្រាស់ក្រែលសម្រាប់យុវតីរូបនេះទេ ពោលគឺនាងទទួល២ដុល្លារក្នុងមួយជើងៗ។ ដោយ​ឡែក  តម្លៃសំបុត្រសម្រាប់ភ្ញៀវជិះទូកវិញ គឺមានតម្លៃ ១ម៉ឺនរៀល​សម្រាប់ភ្ញៀវជាតិ និង ២ម៉ឺនរៀល​សម្រាប់ភ្ញៀវបរទេស។ បើតាមកញ្ញា មេសា នៅថ្ងៃបុណ្យធំៗនាង​ អាចដឹកភ្ញៀវបាន២ជើង ជាក់ស្ដែងថ្ងៃចូលឆ្នាំសកល។ 


កញ្ញា មេសា និងប្អូនប្រុស កំពុងអុំទូក។ 

ទោះចំណូលពីការងារជាអ្នកអុំទូកនេះមិនផ្ដល់កម្រៃច្រើន ដល់យុវតីកូនអ្នកនេសាទរូបនេះ តែនាងសប្បាយចិត្តដែលអាចរកចំណូលបាន ជាជាងយកពេលវេលាទាំងនោះ​ទៅប្រើប្រាស់អត់ប្រយោជន៍។ ក្រៅពីសប្បាយចិត្តដែលបានកម្រៃ យុវតីរូបនេះក៏សប្បាយចិត្តដែរ បានជួបមនុស្សថ្មីៗ និងបានជូនពួកគេ ទស្សនាទឹកដីរបស់ខ្លួន ក៏ដូចជាបានផ្សព្វផ្សាយពីតំបន់ខ្លួន។ 


ទេសចរទស្សនាថ្ងៃលិច នៅសហគមន៍ធម្មជាតិ កំពង់ភ្លុក។

ក្រៅពីជំនាញអុំទូក យុវតីរស់នៅបឹងទន្លេសាបរូបនេះ មិនចេះនេសាទ ដូចឪពុកម្ដាយខ្លួនឡើយ ដោយសារអាណាព្យាបាលមិនដែលឱ្យនាង​ទៅជាមួយ និង​ជំនួសដោយការបញ្ជូនខ្លួនទៅរៀន។ បច្ចុប្បន្នយុវតីដែលមានបងប្អូន៤នាក់រូបនេះ ជាសិស្សស្រឡាញ់ការសិក្សាមុខវិជ្ជាគីមីវិទ្យា និងរៀន​បង្គួរមួយរូប។ 
ដោយស្រឡាញ់ផ្នែកគីមីវិទ្យា អ្នកឃុំកំពង់ភ្លុករូបនេះ មានក្ដីស្រមៃ​ចង់ធ្វើជាគ្រូបង្រៀនផ្នែកគីមីវិទ្យា។ ប៉ុន្តែ​ មេសា មិនដឹងទេ ថាតើ​ឪពុក​ម្ដាយ​របស់​ខ្លួន​អាច​មាន​លទ្ធ​ភាព​បញ្ជូននាងទៅបន្តការសិក្សានៅសាកលវិទ្យាល័យក្នុង​​រាជធានីភ្នំពេញ​ដូចក្ដីបំណងនោះទេ។ ទោះជាយ៉ាងណា យុវតីកូនអ្នកនេសាទនៅ​បឹងទន្លេសាបរូបនេះ នៅតែសង្ឃឹម ពីអនាគតជាគ្រូបង្រៀនគីមីវិទ្យារបស់ខ្លួន៕


 ផ្ទះពលរដ្ឋរស់នៅក្នុងឃុំកំពង់ភ្លុក នៃសហគមន៍ធម្មជាតិ កំពង់ភ្លុក ខេត្តសៀមរាប។ 
 

Tag:
 ThmeyThmey25
  សហគមន៍កំពង់ភ្លុក
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com