ជាតិ
កម្ពុជា សង្ឃឹមមានទេសចរចិនច្រើនឡើងវិញនៅឆ្នាំ២០២៣នេះ
08, Jan 2023 , 9:59 am        
រូបភាព
កម្សាន្តតាមឆ្នេរនៃខេត្តព្រះសីហនុ និងប្រាសាទអង្គរវត្ត ខេត្តសៀមរាប។ រូបភាព៖ អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលខេត្តព្រះសីហនុ
កម្សាន្តតាមឆ្នេរនៃខេត្តព្រះសីហនុ និងប្រាសាទអង្គរវត្ត ខេត្តសៀមរាប។ រូបភាព៖ អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលខេត្តព្រះសីហនុ
ភ្នំពេញ៖ កម្ពុជា សង្ឃឹមមានទេសចរចិនច្រើនឡើងវិញនៅឆ្នាំ២០២២៣ ក្រោយរដ្ឋាភិបាលចិន បានបើកឱ្យជនជាតិចិន ធ្វើដំណើរក្រៅប្រទេសឡើងវិញ។ ជាមួយគ្នានេះ កម្ពុជា ក៏បានដកចេញវិធានការសុខាភិបាលដោយគ្មានលក្ខខណ្ឌ តាំងពីឆ្នាំ២០២២ មក។

  
 
ក្រសួងទេសចរណ៍ បានត្រៀមខ្លួនឡើងវិញ លើគុណភាពសេវាកម្មទទួលទេសចរណ៍ចិននាថ្ងៃទី៥ មករានេះ។ ក្នុងនោះ ក្រុមហ៊ុនអាកាសចរណ៍ និងអាជីវកម្មសណ្ឋាគារចំនួន ១០ ត្រូវបានវាយតម្លៃ លក្ខណៈសម្បត្តិ សម្រាប់ទទួលទេសចរចិនផងដែរ។ កាលពីឆ្នាំ២០២២ កម្ពុជា ក៏ទទួលបានទេសចរចិនជាង ៩ម៉ឺននាក់ រយៈពេល១១ខែ ដោយកើន ១១៣ភាគរយ។  
 
ចិន ជាទេសចរអន្តរជាតិធំបំផុតក្នុងតំបន់ និងពិភពលោក ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយកម្ពុជា បូករួមទាំង ការសហប្រតិបត្តិការ ដែលតភ្ជាប់ជើងហោះហើរ ដឹកជញ្ចូន ព្រមទាំងយុទ្ធសាស្រ្តទីផ្សាររវាងចិន-កម្ពុជា។ លើសពីនេះ កម្ពុជា ជាប្រទេសដែលបានទទួលនូវការវាយតម្លៃពីអង្គការសុខភាពពិភពលោកប្រទេសឈានមុខគេក្នុងការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ទាំងដូសមូលដ្ឋាន និងដូសជំរុញ ច្រើនជាងគេផងដែរ។ 
 

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី  បានប្រកាសអំពីការស្វាគមន៍ទេសចរចិន អំឡុងពេលបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ នាព្រឹកថ្ងៃទី២  ខែមករា ឆ្នាំ២០២២។

យ៉ាងណាមិញ កម្ពុជា បានយកចិត្តទៅលើយុទ្ធសាស្រ្ត និងផែនការសកម្មភាពជាច្រើនដើម្បីទាក់ទាញទេសចរចិន។ ដូចជា បង្កើតក្រុមការងារមជ្ឈមណ្ឌល China-Ready Center ការបណ្តុះបណ្តាលភាសា និងវប្បធម៌ចិនដល់មន្ត្រី បុគ្គលិក។ បន្ថែមទៅលើ ការពង្រឹងមគ្គុទេសក៏ទេសចរណ៍ភាសាចិន ដើម្បីទាក់ទាញអ្នកវិនិយោគចិន។ កម្ពុជា ត្រូវពង្រឹងលើផ្នែក សណ្ឋាគារ និងសេវាកម្មនៅទេសចរណ៍, ភោជនីយដ្ឋាន, ការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍, សេវាដឹកជញ្ចូនទេសចរណ៍, រមណីយដ្ឋាន និងសេវាកម្មកម្សាន្តផ្សេងទៀត។ 
 
សម្តេច ហ៊ុន សែន ក៏បានប្រកាសស្វាគមន៍វត្តមានទេសចរចិន មកកម្សាន្តនៅកម្ពុជាផងដែរ។ ជាពិសេស កម្ពុជាគឺជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ មានសុវត្ថិភាព ផ្ដល់ភាពកក់ក្ដៅ និងមានការត្រៀមខ្លួនរួចជាស្រេចចំពោះវត្តមានភ្ញៀវទេសចរចិន។
 
«ឆ្នាំនេះកម្ពុជាទទួលបានភ្ញៀវទេសចរ២លាន២សែននាក់ដែរ។ ហើយបើទេសចរចិនចាប់ផ្ដើមបើកជើងហោះហើរកើនឡើងក្នុងមួយថ្ងៃៗរាប់សិបជើង ពេលនោះយើងនឹងទទួលបានភ្ញៀវទេសចរចិនបាន២លាននាក់ ស្មើនឹងមុនពេលកូវីដ១៩ នោះ។ វានឹងធ្វើឱ្យមានកំណើនទេសចរនៅកម្ពុជា»។ សម្តេច ហ៊ុន សែន ថ្លែងដូច្នេះ។ 
 
គួរឱ្យដឹងដែរថា នៅឆ្នាំ២០១៩ ទេសចរចិនបានចេញក្រៅប្រទេសមានប្រមាណ ១៥៥លាននាក់ ស្មើនឹង ១០ភាគរយ បើធៀបនឹងទេសចរពិភពលោកសរុប ១៥០០លាននាក់ ដោយមានការចំណាយប្រមាណ ២៥៨ប៊ីលានដុល្លារ ស្មើនឹង ១ ភាគ ៥ នៃចំណាយទេសចរណ៍ពិភពលោក ១,៣ទ្រីលានដុល្លារ។ 
 
សម្រាប់ប្រទេសចំនួន៥នៃតំបន់អាស៊ាន ទទួលបានទេសចរចិនចំនួន ៣២,២លាននាក់ ស្មើនឹង ២២ភាគរយ នៃទេសចរអន្តរជាតិ។ ក្នុងនោះថៃទទួលបានទេសចរ ១១លាននាក់, វៀតណាមបាន ៥,៨លាននាក់, សិង្ហបុរី បាន ៣,៤ លាននាក់ ,ម៉ាឡេស៊ីទទួលបាន ៣,១លាននាក់ និងកម្ពុជាមាន ២,៣លាននាក់៕
 
 

Tag:
 ThmeyThmey
  ក្រសួងទេសចរណ៍
  ទេសចរចិន
© រក្សាសិទ្ធិដោយ thmeythmey.com