ជាតិ
យុវជនសកម្ម សេវាល្អ
ពោធិ៍សាត់៖ ពលរដ្ឋឃុំក្បាលត្រាច បារម្ភពីសុវត្ថិភាពពេលបុណ្យទាន ដែលបង្កដោយក្មេងទំនើង
08, Jan 2023 , 2:29 pm        
រូបភាព
ពលរដ្ឋក្នុងឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ បារម្ភពីសុវត្ថិភាព នៅពេលពិធីបុណ្យទានក្នុងឃុំម្ដងៗ។
ពលរដ្ឋក្នុងឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ បារម្ភពីសុវត្ថិភាព នៅពេលពិធីបុណ្យទានក្នុងឃុំម្ដងៗ។
ដោយ៖ ដៀប ចាន់លីកា (យុវជនឃុំក្បាលត្រាច) 
ស្រុកក្រគរ, ពោធិ៍សាត់៖ បញ្ហាក្មេងទំនើង វាយតប់គ្នា គ្មានសណ្តាប់ធ្នាប់ នៅពេលមានពិធីបុណ្យម្ដងៗ នៅតែបន្តកើតមានឡើង នៅក្នុងភូមិសាស្ត្រឃុំក្បាលត្រាច។ ដ្បិតសកម្មភាពនេះ កើតឡើងមិនសូវញឹកញាប់ ប៉ុន្តែវាក៏បានធ្វើឱ្យពលរដ្ឋព្រួយបារម្ភពីសុវត្ថិភាពខ្លួនផងដែរ។

 
អ្នកស្រី ឯក សុខឡាំង ជាពលរដ្ឋមួយរូបរស់នៅភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ លើកឡើងថា ការវាយតប់គ្នាដែលបង្កឡើងដោយយុវជន តែងកើតឡើងនៅពេលមានការរាំរែក ដែលរៀបចំឡើងពេលមានពិធីបុណ្យទាន ឬកម្មវិធីនានាក្នុងឃុំ។ រាល់ពេលទៅចូលរួមកម្មវិធីបុណ្យទាននានា ដែលមានរៀបចំក្នុងភូមិខ្លួនម្ដងៗ ស្ត្រីរូបនេះ គូសបញ្ជាក់ថា មិនដែលមានអារម្មណ៍សុវត្ថិភាពឡើយ។ 
មិនត្រឹមតែបារម្ភពីសុវត្ថិភាពខ្លួនឡើយ ស្ត្រីវ័យ៥៣ឆ្នាំរូបនេះ ក៏បារម្ភពីសុវត្ថិភាពរបស់កូនៗអ្នកស្រីដែរ អំឡុងពេលពួកគេធ្វើដំណើរទៅរៀន ដែលអាចប្រឈមនឹងគ្រោះថ្នាក់ ដែលបង្កដោយក្មេងទំនើងនេះ។ អ្នកស្រីបន្ថែមថា៖«ខ្ញុំរាល់ថ្ងៃកូនទៅរៀន កុំតែខ្លាចកូនអត់ចេះទេ កុំអីខ្ញុំមិនឱ្យកូនទៅរៀនទេ»។  
 
ពលរដ្ឋរស់នៅភូមិកំពង់លើរូបនេះ ក៏តែងតែលើកឡើងពីកង្វល់របស់ខ្លួន ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចដែរ ប៉ុន្តែសកម្មភាពវាយតប់គ្នា ហាក់មិនអាចលុបបំបាត់បាននៅឡើយ។ 
 

អ្នកស្រី ឯក សុខឡាំង ជាពលរដ្ឋមួយរូបរស់នៅភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ។ 

មិនខុសពី អ្នកស្រី សុខឡាំង ប៉ុន្មានឡើយ លោក ផា គា ជាពលរដ្ឋមួយរូបទៀត រស់នៅភូមិកំពង់លើ ការបារម្ភពីបញ្ហាក្មេងទំនើងវាយតប់គ្នា បង្កអសន្តិសុខ ដែលតែកើតមានជាហូរហែ នៅពេលមានកម្មវិធីបុណ្យទានម្ដងៗក្នុងឃុំខ្លួនដែរ។ លោក ផា គា ក៏មើលឃើញដែរថា អាជ្ញាធរមានការយកចិត្តទុកដាក់ខ្លាំងដែរ ដោយការពង្រាយកម្លាំងសមត្ថកិច្ចដើម្បីគ្រប់គ្រង និងដោះស្រាយស្ថានការណ៍នានឹងកន្លែងកម្មវិធីនោះតែម្តង។
 

លោក ផា គា ជាពលរដ្ឋមួយរូបរស់នៅភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ។ 

យ៉ាងណាក៏ដោយ លោក ផា គា បានសំណូមពរឱ្យអាជ្ញា គួរមានវិធានការបន្ថែមទៀត ដើម្បីគ្រប់គ្រងក្មេងទំនើង ដែលតែងបង្កអសន្តិសុខក្នុងភូមិ-ឃុំខ្លួន កាន់តែមានប្រសិទ្ធភាព។ 
 
លោក ម៉ៅ រដ្ឋា មេប៉ុស្ដិ៍នគរបាលឃុំក្បាលត្រាច។

ជុំវិញបញ្ហានេះ លោក ម៉ៅ រដ្ឋា មេប៉ុស្ដិ៍នគរបាលឃុំក្បាលត្រាច ទទួលស្គាល់ថាបញ្ហាក្មេងទំនើង គឺពិតជាកើតមានឡើងក្នុងភូមិសាស្ត្រឃុំក្បាលត្រាចពិតមែន ហើយបញ្ហានេះ អាជ្ញាធរឃុំ មិនបានព្រហើយកន្តើយឡើយ។ បើតាមលោក ម៉ៅ រដ្ឋា ដើម្បីទប់ស្កាត់ករណីនេះ សមត្ថកិច្ចប៉ុស្តិ៍ បានសហការជាមួយប្រជាការពារភូមិ ក្នុងការយាមល្បាត និងដាក់កម្លាំងការពារ រក្សាសណ្ដាប់ធ្នាប់ នៅពេលមានកម្មវីធី ឬពិធីបុណ្យនានាទៅតាមទំហំនៃកម្មវីធី។ 
 
លោក ម៉ៅ រដ្ឋា ពន្យល់បន្ថែមពីស្ថានការបច្ចុប្បន្នដូច្នេះ៖ «មួយរយៈនេះ វា (ក្មេងទំនើង) មានដែរ ប៉ុន្តែវាមិនធ្ងន់ធ្ងរទេ។ យើងអាចបង្ក្រាប។ យើងអាចកំណត់មុខសញ្ញាបាន។ ហើយក្នុងពិធីបុណ្យភាគច្រើន អត់ហ៊ានធ្វើសកម្មភាពទេ ដោយសារកម្លាំងយើងនៅហ្នឹង។ ភាគច្រើន(ធ្វើសកម្មភាព) នៅខាងក្រៅ តាមផ្លូវសាធារណៈ»។ 
 
សម្រាប់ជនបង្កដែលកម្លាំងសមត្ថកិច្ចបានបង្ក្រាបបាន ត្រូវបានដាក់ពិន័យឱ្យធ្វើការងារពលកម្មនានា សម្រាប់ជាប្រយោជន៍សាធារណ ឬប្រយោជន៍ក្នុងឃុំ។ ការងារទាំងនោះ ដូចជា កាយលូ ដាក់លូ ជម្រះស្មៅ ជាដើម។ នេះជាការបញ្ជាក់របស់លោក ម៉ៅ រដ្ឋា ដោយលោកបន្ថែមទៀតថា សមត្ថកិច្ច នៅតែបន្តដាក់កម្លាំងយាមល្បាត នៅពេលមានកម្មវិធីបុណ្យទានដដែល បើទោះជាស្ថានការណ៍បច្ចុប្បន្ន ហាក់ថមថយចុះក៏ដោយ៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្មសេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 

Tag:
 ThmeyThmey
  ក្មេងទំនើង
  អសន្តិសុខ
  ក្បាលត្រាច
© រក្សាសិទ្ធិដោយ thmeythmey.com