ជាតិ
យុវជនសកម្ម សេវាល្អ
កំពង់ធំ៖ បញ្ហាក្មេងទំនើងវាយតប់គ្នាពេលរាំរែកអំឡុងបុណ្យទាន ហាក់ស្ងប់ស្ងាត់នៅឃុំក្ដីដូង
09, Jan 2023 , 8:59 pm        
រូបភាព
 សកម្មភាពចុះផ្សព្វផ្សាយនៅក្នុងមូលដ្ឋានឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាពេលកន្លងមក។ រូបភាពផ្ដល់ដោយលោក លៀង កែវ មេប៉ុស្ដិ៍នគរបាលឃុំក្ដីដូង។
សកម្មភាពចុះផ្សព្វផ្សាយនៅក្នុងមូលដ្ឋានឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាពេលកន្លងមក។ រូបភាពផ្ដល់ដោយលោក លៀង កែវ មេប៉ុស្ដិ៍នគរបាលឃុំក្ដីដូង។
ដោយ៖ បូណា កញ្ញា(យុវជនឃុំក្ដីដូង) 
ស្រុកកំពង់ស្វាយ, កំពង់ធំ៖ បញ្ហាក្មេងទំនើងវាយតប់គ្នា អំឡុងពេលរាំរែក នាពិធីបុណ្យទាន ក្នុងមូលដ្ឋានឃុំក្ដីដូង ស្រុកកំពង់ស្វាយ ត្រូវបានលោក លៀង កែវ មេប៉ុស្ដិ៍នគរបាលឃុំនេះ មើលឃើញហាក់មានស្ងប់ស្ងាត់ មួយរយៈចុងក្រោយនេះ។ ការណ៍នេះដោយសារ ការរៀបចំកម្លាំងល្បាត និងគ្រប់គ្រងសណ្ដាប់ធ្នាប់ ក្រោមការសហការរវាងកម្លាំងសមត្ថកិច្ច និងកម្លាំងប្រជាការពារភូមិ។



មេប៉ុស្ដិ៍រូបនេះអះអាងដូច្នេះ៖«កន្លងមកមាន តែឥឡូវវាណាយទៅ បើអត់មានកម្មវិធីក៏អត់ដែរ​។ តែតាំងពីកូវីដ-១៩មក អត់សូវមានកម្មវិធីក៏អត់ដែរ។ ឥឡូវពិធីការបុណ្យអីអត់សូវមានដែរ តែយើងមកពីយើងដាក់កម្លាំងការពារដែរ។ ហើយការដាក់កម្លាំងការពារនេះ ម្ចាស់កម្មវិធីដែលរៀបចំ គឺត្រូវមានរៀបចំកម្លាំងការពារ ដើម្បីសណ្ដាប់ធ្នាប់ និងចោរកម្មផង»។ 
លោកបន្ថែមថា បើប្រៀបធៀបនឹងរយៈពេលប្រមាណជា៥ឆ្នាំមុន បញ្ហាក្មេងទំនើងបង្ករឿងនេះមានការថយចុះច្រើន ពោលគឺការវាយតប់គ្នាអំឡុងពិធីបុណ្យទាននេះ គឺកើតឡើងញឹកញាប់ណាស់។ លោក លៀង កែវ បន្តទៀតថា កន្លងមកការបង្កជម្លោះដោយសារក្មេងទំនើង តែងកើតឡើងអំឡុងពេលរាំរែកប៉ះគ្នា ឬជាន់ជើងគ្នា, ជម្លោះដោយសារពាក្យសម្ដី និងការឌឺដងជាដើម។ 
 
បើទោះជាបច្ចុប្បន្ននេះ ក្នុងឃុំក្ដីដូងមានសន្តិសុខ និងសណ្ដាប់ធ្នាប់ មិនមានការបង្ករឿងដោយសារក្មេងទំនើងក្នុងមូលដ្ឋានខ្លួន នាអំឡុងពិធិបុណ្យទាននានាក៏ដោយ ក៏អាជ្ញាធរមានសមត្ថកិច្ច ក៏នៅកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ ប្រជាការពារ និងម្ដងម្កាលមានជំនួយកម្លាំងពីខាងស្រុកបន្ថែមផងដែរ ដើម្បីការពារសុវត្ថិភាព សណ្ដាប់ធ្នាប់ ដល់ពលរដ្ឋ៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្មសេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 
 

Tag:
 ThmeyThmey
  កម្លាំងនគរបាល
  ក្ដីដូង
 លៀង កែវ
© រក្សាសិទ្ធិដោយ thmeythmey.com