ជាតិ
យុវជនសកម្ម សេវាល្អ
កំពង់ធំ៖ សាលាបឋមសិក្សាក្ដីដូង ត្រូវការសៀវភៅបន្ថែមដាក់បណ្ណាល័យ​ ដើម្បីជំរុញការអានរបស់សិស្ស
10, Jan 2023 , 7:59 am        
រូបភាព
 លោក ហេង សារ៉ុម នាយកសាលាបឋមសិក្សាក្ដីដូង កាត់បញ្ចូលជាមួយរូបសិស្សអានសៀវភៅ ក្នុងបរិវេនសាលានេះ។
លោក ហេង សារ៉ុម នាយកសាលាបឋមសិក្សាក្ដីដូង កាត់បញ្ចូលជាមួយរូបសិស្សអានសៀវភៅ ក្នុងបរិវេនសាលានេះ។
ដោយ៖ យន តាន់អា(យុវជនឃុំក្ដីដូង) 

ស្រុកកំពង់ស្វាយ, កំពង់ធំ៖ សាលាបឋមសិក្សាក្ដីដូង ស្ថិតក្នុងភូមិក្ដីដូង ឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ត្រូវការសៀវភៅបន្ថែមសម្រាប់សិស្សអាន ដាក់ក្នុងបណ្ណាល័យ ដោយសារសៀវភៅមួយមួយចំនួន ក្នុងបណ្ណាល័យចាស់ និងសៀវភៅដដែល ដែលសិស្សអានរួច។ 
 
នៅសាលាបឋមសិក្សាក្ដីដូង មានសៀវភៅសម្រាប់សិស្សអាននៅក្នុងបណ្ណាល័យ មានប្រមាណ១ពាន់ក្បាល ក្នុងនោះមានជាប្រភេទរឿងនិទានខ្លី, ប្រលោមលោក, សៀវភៅអប់រំ និងសៀវភៅបំណិនជីវិត​ជាដើម។ ប៉ុន្តែសៀវភៅទាំងនោះ លោក ហេង សារ៉ុម ដែលជានាយករងនៃសាលាបឋមសិក្សាក្ដីដូង លើកឡើងថា បានមកពីមន្ទីរអប់រំ អង្គការ និងសប្បុរសជនជាដើម។  លោក ហេង សារ៉ុម បន្ថែមដូច្នេះថា៖ «បច្ចុប្បន្ន សៀវភៅក្នុងបណ្ណាល័យខ្វះដែរ ដោយសារ (សៀវភៅ) រឿងវាដដៃល។ តាំងពីកូវីដ-១៩មក យើងមិនដែលទិញចូលទេ។ ប៉ុន្តែមិនទាន់មានអង្គការ ឬខាងសហគមន៍ណា គេជួយថែមទៀតទេ។ ហើយសៀវភៅខ្លះនោះ មានចាស់ខ្លះខូចខ្លះទៅ ប្រហែលជា២០ភាគរយ»។ 
 
សៀវភៅខ្លះចាស់ និងខ្លះជាសៀវភៅដដែលសម្រាប់សិស្សអាន កន្លងមកសាលាមួយនេះ ក៏ធ្លាប់ស្នើសុំសៀវភៅអានបន្ថែម​ សម្រាប់ដាក់បណ្ណាល័យ ទៅកាន់មន្ទីរអប់រំខេត្តកំពង់ធំ​ដែរ ប៉ុន្តែមិនទាន់បានការឆ្លើយតបនៅឡើយ​។ ​«ខាងរដ្ឋយើង ខ្ញុំតែងដាក់សំណើស្នើសុំរហូតដែរតែអត់បាន។ បានតែសៀវភៅសិក្សាគោល សៀវភៅរឿងនិទានអីអត់បានទេ ប្រហែលជាគ្មានកម្មវិធីហ្នឹង»។ នេះបើតាមការអះអាងរបស់លោក ហេង សារ៉ុម ដោយលោកបន្តទៀតថា សៀវភៅ ឬបណ្ណាល័យនេះ មានសារៈសំខាន់ណាស់ សម្រាប់សិស្សានុសិស្ស។ នាយករងសាលារូបនេះ បាន​ប្រដូចការអានសៀវភៅ ដូចទៅនឹងគ្រូបង្រៀន ដល់សិស្សានុសិស្សដូច្នោះដែរ។ លោកពន្យល់បន្ថែមដូច្នេះ៖ «បណ្ណាល័យមានសារៈសំខាន់ ព្រោះបណ្ណាល័យជួយពង្រីកចំណេះដឹងការអាន និងការសរសេរ»។ 
 
ដោយទទួលស្គាល់ពីសារៈសំខាន់នេះ សាលាមួយនេះ បានបែងចែកវេនចូលបណ្ណាល័យតាមថ្នាក់នីមួយៗ ដើម្បីប្រាកដថា សិស្សទាំងនោះបានចូលបណ្ណាល័យ ក្រៅពីម៉ោងសេរី ដែលសិស្សអាចចូលបណ្ណាល័យបាន។ ក្រៅពីរៀបចំវេនចូលបណ្ណាល័យ លោកនាយករងថា សិស្សទាំងនោះ ត្រូវយកសៀវភៅសរសេរទៅជាមួយ ដើម្បីកត់រាល់ពាក្យ ដែលពួកគេឆ្ងល់ ឬមិនយល់ រួចស្វែងរកពាក្យទាំងនោះ នៅក្នុងវចនានុក្រម សម្ដេចសង្ឃរាជ ជួន ណាត​។ 
 
​បើកទ្វារបង្រៀនតាំងពីឆ្នាំ១៩៨០ សាលាបឋមសិក្សាក្ដីដូង មានទីតាំងស្ថិត​ក្នុងភូមិក្ដីដូង ឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ​។ បច្ចុប្បន្នសាលា​នេះ មានបង្រៀនចាប់ពីថ្នាក់មេតេយ្យសិក្សា រហូតដល់ថ្នាក់ទី៦ ដោយមានសិស្សសរុប ២៤២នាក់ ក្នុងនោះសិស្សស្រីមាន១១៧នាក់។ ចំណែកគ្រូបង្រៀនមានចំនួន១០នាក់ ក្នុងនោះគ្រូជាស្ត្រីចំនួនស៤នាក់៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 
 
 
 
 

Tag:
 ThmeyThmey
  បណ្ណាល័យ
  ​ឃុំក្ដីដូង
  កំពង់ធំ
© រក្សាសិទ្ធិដោយ thmeythmey.com