ជាតិ
យុវជនសកម្ម សេវាល្អ
កំពង់ធំ៖ ក្នុងឆ្នាំ២០២២ ឃុំក្ដីដូងគ្មានករណីរំលោភផ្លូវភេទលើស្ត្រី និងកុមារីឡើយ
09, Jan 2023 , 4:53 pm        
រូបភាព
 សកម្មភាពចុះផ្សព្វផ្សាយនៅក្នុងមូលដ្ឋានឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាពេលកន្លងមក។ រូបភាពផ្ដល់ដោយលោក លៀង កែវ មេប៉ុស្ដិ៍នគរបាលឃុំក្ដីដូង។
សកម្មភាពចុះផ្សព្វផ្សាយនៅក្នុងមូលដ្ឋានឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាពេលកន្លងមក។ រូបភាពផ្ដល់ដោយលោក លៀង កែវ មេប៉ុស្ដិ៍នគរបាលឃុំក្ដីដូង។
ដោយ៖ បូណា កញ្ញា(យុវជនឃុំក្ដីដូង) 

ស្រុកកំពង់ស្វាយ, កំពង់ធំ៖ ​មិនមានករណីរំលោភបំពានផ្លូវភេទលើស្ត្រី និងកុមារី កើតឡើងឡើយ ក្នុងភូមិសាស្ត្រឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅក្នុងឆ្នាំ២០២២។ លោក លៀង កែវ មេប៉ុស្ដិ៍នគរបាលឃុំក្តីដូង ពន្យល់ថាដោយសារការចុះផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹង ដល់អាណាព្យាបាល ផ្នែកផ្លូវច្បាប់ និងការយល់ដឹងពីពលរដ្ឋផ្ទាល់។

 
ជុំវិញករណីរំលោភបំពានផ្លូវភេទនេះ លោក លៀង កែវ បញ្ជាក់ថា រយៈពេលជាង១០ឆ្នាំមកហើយ ដែលនៅក្នុងឃុំខ្លួន មិនដែលមានករណីរំលោភបំពានលើស្ត្រី និងកុមារីនេះកើតឡើង​។ លោកពន្យល់បន្ថែមដូច្នេះ៖ «កាលពីប្រហែលជាង១០ឆ្នាំមុនអី វា(ករណីរំលោភផ្លូវភេទ)មានខ្លះៗដែរ។ ប្រហែលជា១ ឬ២ករណីអីដែរ ដែលកើតលើក្មេងពេញវ័យ។ ខ្លះត្រូវគ្នាដល់ក្រោយមក ខ្លាចម៉ែឪអី ក៏ទៅជាប្ដឹងវិញចឹង និងមានក្មេងដូចជា១ករណីអីដែរ ជាករណីឪពុកនឹងកូន»។ 
 
សម្រាប់លោកមេប៉ុស្ដិ៍រូបនេះ ករណីដែលបង្កជាករណីរំលោភបំពានកើតឡើង គឺបណ្ដាលមកពីយុវជន ឬអ្នកប្រព្រឹត្តនោះមិនមានចំណេះដឹង, ការប្រើប្រាស់គ្រឿង, សេពគ្រឿងស្រវឹង និងមើលវីដេអូអាសអាភាសជាដើម។ ចំណែកករណីមួយចំនួនទៀត ជាការរួមភេទដោយព្រមព្រៀងគ្នា តែក្រោយមកប្ដឹងខាងប្រុសវិញ ពេលឪពុកម្ដាយដឹងជាដើម។ កន្លងមកអ្នកប្រព្រឹត្តត្រូវបានដោះស្រាយ តាមផ្លូវច្បាប់ ពោលគឺកសាងសំណុំរឿងទៅតុលា ដោយចាត់ការតាមនីតិវិធីច្បាប់។ 
 
បើតាមសម្ដីរបសស់លោក លៀង កែវ ករណីរំលោភបំពានមានភាពប្រសើរនេះ ដោយសារការដាក់ចេញនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ទាំង៧ចំណុច របស់រដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនឹងនោះ អាជ្ញាធរមានសមត្ថកិច្ច ក៏តែងតែចុះអប់រំ ផ្សព្វផ្សាយ លើបញ្ហាការរំលោភបំពានផ្លូវភេទលើស្ត្រី​ និង ផ្លូវច្បាប់ជាដើម។ 
 
ជាមួយគ្នានេះ លោក លៀង កែវ ក៏បន្តការអំពាវនាវដល់អាណាព្យាបាល ដែលមានក្មេងស្រី ឱ្យមានការប្រុងប្រយ័ត្ន ជាពិសេសកុំឱ្យពួកគេទៅឃ្វាលគោ ឬទៅកន្លែងស្ងាត់ ឬទុកនៅផ្ទះម្នាក់ឯងឡើយ ដើម្បីចៀសវាង ការរំលោភបំពាននេះកើតឡើង ជាយថាហេតុណាមួយ៕ 
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្មសេវាល្អ 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 
 
 
 

Tag:
 ThmeyThmey
  ការរំលោភផ្លូវភេទ
  ក្ដីដូង
  កំពង់ធំ
© រក្សាសិទ្ធិដោយ thmeythmey.com