ជាតិ
យុវជនសកម្ម សេវាល្អ
កំពង់ធំ៖ នៅឃុំក្ដីដូង មានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍៧នាក់ និងប្រជា​ការពារភូមិ៤១នាក់
14, Jan 2023 , 7:59 am        
រូបភាព
 លោក លៀង កែវ មេប៉ុស្ដិ៍នគរបាលឃុំក្បាលត្រាច។
លោក លៀង កែវ មេប៉ុស្ដិ៍នគរបាលឃុំក្បាលត្រាច។
ដោយ៖ បូណា កញ្ញា (យុវជនឃុំក្ដីដូង) 
 
ស្រុកកំពង់ស្វាយ, កំពង់ធំ៖ បច្ចុប្បន្ននៅឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានកម្លាំងប៉ុស្តិ៍នគរបាលចំនួន៧នាក់ និងប្រជាការពារភូមិចំនួន៤១នាក់ ដែលកំពុងបម្រើសេវាសាធារណៈ និងការពារសុវត្ថិភាព និងសណ្តាប់ធ្នាប់នៅក្នុងឃុំ។ លោក លៀង កែវ មេប៉ុស្ដិ៍នគរបាលឃុំក្ដីដូង កម្លាំងប៉ុស្ដិ៍ត្រូវបានបែងចែកជា២ក្រុម គឺក្រុមប្រចាំនៅប៉ុស្ដិ៍ និងក្រុមយាមល្បាត ដើម្បីការពារ និងដោះស្រាយបញ្ហានានាដែលកើតមាននៅក្នុងឃុំ។



ក្រៅពីការបែងចែកក្រុមនេះ លោកមេប៉ុស្ដិ៍បន្ថែមថា កម្លាំងសមត្ថកិច្ចខ្លួនក៏មានការរៀបចំឱ្យមាន​កម្លាំង ប្រចាំការផងដែរ។ លោកពន្យល់បន្ថែមដូច្នេះ៖«ចំពោះម៉ោងប្រចាំការ ពេលព្រឹក ដល់ល្ងាចយើងធ្វើការងាររដ្ឋបាល ដល់យប់ម៉ោង៦ ឬ៧យប់ហ្នឹងដល់ព្រឹកទៅ។ បើមានរឿងអី យើងទៅសម្របសម្រួលដោះស្រាយ ឃាត់ខ្លួនអីទៅ»។ 
 
​សម្រាប់ប្រជាការពារភូមិវិញ លោក លៀង កែវ បញ្ជាក់ថា មិនមានភារកិច្ចប្រចាំការដូចនគរបាលឡើយ គឺទាល់តែត្រូវការកម្លាំងពួកគាត់ ពេលមានករណីចាំបាច់ណាមួយ និងពិធីបុណ្យទាននានា ដើម្បីជួយរក្សាសណ្ដាប់ធ្នាប់ និងសន្តិសុខជាដើម សហការនឹងកម្លាំងនគរបាល។ ម្យ៉ាងទៀតប្រជាការពារ មិនមានប្រាក់ខែ ពីរដ្ឋាភិបាលសម្រាប់ពួកគាត់ឡើយ។ 
 
មេប៉ុស្ដិ៍រូបនេះ និយាយបន្ថែមជុំវិញចំនួនកម្លាំងប៉ុស្ដិ៍នគរបាលបច្ចុប្បន្ន៖ «ប្រសិនបើយើងបែងចែកកម្លាំងពេញ គឺពី៨នាក់ ទៅ១២នាក់។ ដល់ពេលអត់ (គ្រប់) អ៊ីចឹង យើងដាក់តាមហ្នឹង​។ តែបើយើងខ្វះ យើងយកប្រជាការពារជួយទៅ គឺអត់ស្ទះទេ»។ 
 
ជាមួយគ្នានេះ ដើម្បីអាចដោះស្រាយបញ្ហាដល់ពលរដ្ឋទាន់ពេលវេលា លោក លៀង កែវ បានសំណូមពរឱ្យពលរដ្ឋ មានស្មារតីក្នុងការរាយការណ៍ព័ត៌មាន មកកាន់កម្លាំងសមត្ថកិច្ច នៅពេលមានបញ្ហាណាមួយ ​កើតឡើងក្នុងមូលដ្ឋានខ្លួនផងដែរ៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្មសេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 

Tag:
 ThmeyThmey
  កម្លាំងនគរបាល
  ក្ដីដូង
  លៀង កែវ
© រក្សាសិទ្ធិដោយ thmeythmey.com