ជាតិ
យុវជនសកម្ម សេវាល្អ
កំពង់ធំ៖ ទោះមិនមានអំពើចោរកម្ម តែមេប៉ុស្ដិ៍ឃុំក្ដីដូង បន្តស្នើឱ្យពលរដ្ឋកុំប្រហែសរបស់ទ្រព្យ 
លោក លៀង កែវ មេប៉ុស្ដិ៍នគរបាលឃុំក្ដីដូង។
×![]()
ដោយ៖ បូណា កញ្ញា (យុវជនឃុំក្ដីដូង)
ស្រុកកំពង់ស្វាយ, កំពង់ធំ៖ អំពើចោរកម្ម លួចប្លន់ទ្រព្យសម្បត្តិពលរដ្ឋ លែងជាបញ្ហាប្រឈមធ្ងន់ធ្ងរ និងគួរឱ្យបារម្ភ សម្រាប់ពលរដ្ឋក្នុងឃុំក្ដីដូងនោះឡើយ។ លោក លៀង កែវ មេប៉ុស្ដិ៍ឃុំក្ដីដូង បញ្ជាក់ដូច្នេះ និងពន្យល់ថា អាជ្ញាធរបានរៀបចំកម្លាំងល្បាតជាប្រចាំ ខណៈពេលដែលមានពិធីបុណ្យទាននានាក្នុងឃុំ កម្លាំងសមត្ថកិច្ច និងកម្លាំងប្រជាការពារ ក៏មានសកម្មភាពយាមល្បាត និងការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋានដែរ។
មុនការឈានដល់ស្ថិរភាពផ្នែកសន្តិសុខ ចៀសពីចោរកម្មដូចបច្ចុប្បន្ននេះ លោក លៀង កែវ ថាកន្លងមក ឃុំខ្លួនក៏ធ្លាប់ប្រឈមនឹងបញ្ហាចោរកម្ម លួចទ្រព្យសម្បត្តិពលរដ្ឋជាប្រចាំ នាពេលមានពិធីបុណ្យទានម្ដង។ លោកបញ្ជាក់បន្ថែមដូច្នេះ៖ «ជាក់ស្ដែងពីមុន គឺលួច(ម៉ូតូ)នៅឯវត្ត និងការនៅឯភូមិ ទាំងថ្ងៃតែម្ដង»។
បន្ទាប់ពីការលួចទាំងថ្ងៃនេះកើតឡើង កម្លាំងប៉ុស្ដិ៍ សហការនឹងកម្លាំងប្រជាការពារ តែងដាក់កម្លាំងការពារ និងការរៀបចំឱ្យមានការកិបសំបុត្រម៉ូតូ។ ការណ៍នេះ ត្រូវបានលោកមេប៉ុស្ដិ៍រូបនេះថា វាជំរុញឱ្យការលួចម៉ូតូទាំងថ្ងៃនៅទីវត្តអារាម មង្គលការ ឬពិធីបុណ្យនានា លែងមានក្នុងមូលដ្ឋានខ្លួន។
បើទោះជាមានការរៀបចំបែបនេះក្ដី ប៉ុន្តែក្នុងឆ្នាំ២០២២នេះ ក៏មានការលួចមួយករណីផងដែរ។ ដោយមើលឃើញថា ពលរដ្ឋមួយចំនួនក្នុងមូលដ្ឋានខ្លួន នៅមានការធ្វេសប្រហែសក្នុងការរក្សាទ្រព្យនេះ លោក លៀង កែវ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋក្នុងឃុំ បង្កើនការប្រុងប្រយ័ត្នជានិច្ច បើទោះជាក្នុងភូមិ ឃុំ ខ្លួនមានស្ថិរភាពសន្តិសុខក៏ដោយ។ លោកក៏អំពាវនាវឱ្យពលរដ្ឋដែលមានលេខទំនាក់ទំនងគ្រប់ខ្នងផ្ទះនោះ រាយការណ៍មកកាន់អាជ្ញាធរ ពេលជួបបញ្ហាបាត់បង់ទ្រព្យសម្បត្តិ ឬបញ្ហាផ្សេងៗ៕
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
Tag:
ThmeyThmey
ចោរកម្ម
សន្តិសុខ
សុវត្ថិភាព
កំពង់ធំ
© រក្សាសិទ្ធិដោយ thmeythmey.com