ជាតិ
យុវជនសកម្ម សេវាល្អ
កំពង់ធំ៖ អាជ្ញាធរឃុំក្ដីដូងជួសជុលផ្លូវរាល់ឆ្នាំ ដោយសារគ្រោះទឹកជំនន់ និងការដឹកជញ្ជូន
13, Jan 2023 , 4:59 pm        
រូបភាព
 គ្រោះទឹកជំនន់ និងការដឹកជញ្ជូន ធ្វើឱ្យផ្លូវក្នុងឃុំក្ដីដូងខូច។
គ្រោះទឹកជំនន់ និងការដឹកជញ្ជូន ធ្វើឱ្យផ្លូវក្នុងឃុំក្ដីដូងខូច។
ដោយ៖ ហេង សោភា (យុវជនឃុំក្ដីដូង)

ស្រុកកំពង់ស្វាយ, កំពង់ធំ៖ ក្នុងឆ្នាំ២០២២នេះ ឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ជួបនឹងបញ្ហាគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ដែលបណ្ដាលឱ្យដំណាំស្រូវពលរដ្ឋខូចខាត ជាពិសេសគឺហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវ និងប្រព័ន្ធលូ ដាច់ និងខូចខាត។ គ្រោះធម្មជាតិនេះ ធ្វើឱ្យអាជ្ញាធរឃុំ ត្រូវចំណាយថវិកាឃុំ ជួសជុលជារៀងរាល់ឆ្នាំ ដើម្បីបំពេញ និងឆ្លើយតបតម្រូវការប្រើប្រាស់របស់ពលរដ្ឋមូលដ្ឋាន។



មូលហេតុដែលបណ្ដាលឱ្យផ្លូវខូចខាតនេះ ត្រូវបានលោក ថូ ថាំង មេឃុំក្តីដូង  មើលឃើញថា ដោយសារការដឹកជញ្ជូន ដោយឡានដឹកដីលក់ ឡានដឹកខ្សាច់ ឡានដឹកស្រូវ និងគ្រោះទឹកជំនន់។ លោកបន្ថែមថា បញ្ហាទឹកជំនន់ឆ្នាំនេះ មានសភាពធ្ងន់ធ្ងរជាងឆ្នាំមុនៗ។ 
  

លោក ថូ ថាំង មេឃុំក្ដីដូង។
 
លោកមេឃុំបានអះអាងទៀតថា បើទោះជាឃុំដឹងពីមូលហេតុ នៃការខូចខាត ដោយសារការដឹកជញ្ជូនក៏ដោយ ក៏អាជ្ញាធរឃុំមិនអាចបញ្ឈប់អាជីវកម្មទាំងនោះបានឡើយ។ លោក ថូ ថាំង ពន្យល់បន្ថែម៖«ខាងអ្នកឡានដឹកដីគេមានអាជ្ញាបណ្ណពីខេត្តរបស់គេ យើងឃាត់អត់បានទេ។ ឡានដឹកស្រូវ ប្រជាជនធ្វើស្រែទៅ បើមិនអាចគាត់ដឹក ស្រូវវាស្ទះ។ បើផ្នែកខាងដឹកខ្សាច់បើខូច គេធ្វើសង»។ 
 
បើតាមលោកមេឃុំក្តីដូង គ្រោះទឹកជំនន់នេះ បណ្ដាលឱ្យផ្លូវក្នុងឃុំខូចខាត និងដាច់ដោយអន្លើៗ សរុបចំនួន១៩កន្លែង និងបាក់លូផងដែរ។ នាកិច្ចសម្ភាសន៍ជាមួយយុវជនឃុំក្ដីដូង កាលពីចុងខែវិច្ឆិកា លោក ថូ ថាំង មេឃុំក្ដីដូង បញ្ជាក់ថា ការខូចខាតហេដ្ឋារចនាសម្ព័ន្ធមិនដូចគ្នានោះទេ។ ដូច្នេះមុននឹងជួសជុលហេដ្ឋារចនាសម្ព័ន្ធខូចខាតទាំងនោះ សមាជិកឃុំត្រូវពិភាក្សា ដើម្បីដាក់ចុះអាទិភាព ដល់ភូមិដែលខូចខាតធ្ងន់ជាងគេ និងជាបន្តបន្ទាប់។ នេះជាការអះអាងរបស់ លោក លោក ថូ ថាំង មេឃុំក្ដីដូង។ 
 
ពាក់ព័ន្ធនឹងការធ្វើ ឬជួសជុលផ្លូវវិញ គឺត្រូវកាត់ការដាច់ថ្លៃជួសជុលពីក្រុមហ៊ុនធ្វើផ្លូវយ៉ាងតិច៣ស្ថាប័ន ទើបអាចដំណើរការធ្វើ ឬជួសជុលបាន។ ហើយការជួសជុល ឬធ្វើផ្លូវទៀតសោត ត្រូវទទួលបានយល់ព្រមពីពលរដ្ឋក្នុងឃុំ យ៉ាងតិច៦០ភាគរយផងដែរ នេះបើតាម លោក ថូ ថាំង៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្មសេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 

Tag:
 ThmeyThmey
  ជួសជុលផ្លូវ
© រក្សាសិទ្ធិដោយ thmeythmey.com