ជាតិ
យុវជនសកម្ម សេវាល្អ
ឧត្ដរមានជ័យ៖ ក្នុងសង្កាត់បន្សាយរាក់ លែងមានក្មេងទំនើងបង្កអសន្តិសុខ នាពិធីបុណ្យទាននានា 
លោក ម៉ែន សំ នាយប៉ុស្ដិ៍នគរបាលសង្កាត់បន្សាយរាក់
×![]()
ដោយ៖ ឆាត សាលឿម (យុវជនសង្កាត់បន្សាយរាក់)
ក្រុងសំរោង, ឧត្ដរមានជ័យ៖ បញ្ហាក្មេងទំនើង បង្កអសន្តិសុខ ឬបង្ករឿងវាយគ្នា នាកម្មវិធី បុណ្យទាននានា លែងមានករណីនេះកើតឡើងទៀតហើយក្នុងសង្កាត់ខ្លួន។ ចំពោះមូលហេតុវិញត្រូវបាន មេប៉ុស្ដិ៍នគរបាលបន្សាយរាក់ លោក ម៉ែន សំ បញ្ជាក់ថា ដោយសារការរៀបចំឱ្យមានកម្លាំងយាមល្បាត និងគ្រប់គ្រងសណ្ដាប់ធ្នាប់ពីកម្លាំងប្រជាការពារ និងកម្លាំងសមត្ថកិច្ច។
នាកិច្ចសម្ភាសន៍ជាមួយយុវជនសង្កាត់បន្សាយរាក់ លោក ម៉ែន សំ មានប្រសាសន៍ដូច្នេះ៖«ឥឡូវនេះក្មេងទំនើងលែងមាន ដោយសារមានប្រជាការពារអ៊ីចឹងវាខ្លាច។ ទី២ក្រុមក្មេងទំនើងមួយចំនួន ត្រូវបានចំណាកស្រុកទៅរកស៊ី។ សំខាន់គឺប្រជាការពារ មានរាល់គ្រប់កម្មវិធី វិធីបុណ្យ»។
លោកបញ្ជាក់ទៀតថា ដោយសារមើលឃើញពីសារៈសំខាន់នៃប្រជាការពារ ក្នុងការការពារសណ្ដាប់ធ្នាប់ សន្ដិសុខ និងបញ្ហាក្មេងទំនើងវាយតប់នេះទើបអាជ្ញាធរមានសមត្ថកិច្ចតម្រូវឱ្យម្ចាស់កម្មវិធី ត្រូវមានប្រជាការពារ។ ការណ៍នេះដើម្បីសន្ដិសុខ សណ្ដាប់ធ្នាប់ និងចរាចរណ៍។
ដ្បតិតែបច្ចុប្បន្នក្មេងទំនើងមិនមែនជាបញ្ហាប្រឈមក្នុងសង្កាត់បន្សាយរាក់ក៏ដោយ ក៏កម្លាំងសមត្ថកិច្ច នៅតែបន្តយកចិត្តទុកដាក់ លើបញ្ហាក្មេងទំនើងផងដែរ។ លោក ម៉ែន សំ អះអាងដូច្នេះ៖« (ក្មេងទំនើង)ពីមុនវាមាន តែឥឡូវវាមានហើយក៏មិនប្រាកដថាអត់មានរហូតដែរ។ សមត្ថកិច្ចនៅតែបន្តប្រឹងប្រែងបន្តសុខ សុវត្ថិភាព ក្នុងកម្មវិធីបុណ្យកុំឱ្យមានបញ្ហា»។
ជុំវិញការរៀបចំឱ្យមានប្រជាការពារភូមិនេះ លោក ម៉ែន សំ បន្ថែមថា អាជ្ញាធររៀបចំឱ្យមានគ្រប់ភូមិទាំងអស់គឺក្នុងភូមិមានប្រជាជនប្រមាណជា១០នាក់៕
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
© រក្សាសិទ្ធិដោយ thmeythmey.com