ជាតិ
ផលិតផលក្នុងស្រុក កំពុងត្រូវប៉ាន់សម្រាប់ទេសចរ តែការផលិតនៅមានកម្រិត
14, Jan 2023 , 2:29 pm        
រូបភាព
ភ្នំពេញ៖ ផលិតផលក្នុងស្រុក ជាផ្នែកមួយ​យ៉ាងសំខាន់ក្នុងការទាក់ទាញទេសចរ ជាពិសេសភ្ញៀវបរទេសតែងចង់ស្វែងយល់ពីផលិតផលធ្វើឡើងពីវត្ថុធាតុដើមក្នុងស្រុក។ យ៉ាងណាមិញ ដំណើរការនៃការផលិត ហាក់ដូចជាមិនសូវមានភាពទូលំទូលាយនៅ​ឡើយ ពីព្រោះម្ចាស់អាជីវកម្ម ឬអ្នកផលិតមួយចំនួននៅមិនយល់ដឹងពីទីផ្សារ ក៏ដូចជាការវេចខ្ចប់ជាដើម។ ដោយឡែក ផលិតផលនាំចូលពីប្រទេសជិតខាងមានច្រើនជាងផលិតផលិតក្នុងស្រុក ដោយសារការ​​ផ្គត់ផ្គង់ទីផ្សារមិនបានគ្រប់គ្រាន់។



សហគ្រិន ឬម្ចាស់អាជីវកម្ម ដែលយកផលិតផលក្នុងស្រុក មកដាក់តាំងបង្ហាញក្នុងពិព័រណ៍ពាណិជ្ជកម្ម ឬព្រឹត្តិការណ៍ទេសចរណ៍នានា តែងត្រូវបានលើកទឹកចិត្ត និងគាំទ្រពីសំណាក់ក្រសួងទេស​ចរណ៍ ព្រមទាំងសមាគមផលិតផលក្នុងស្រុកនានា។ ជាមួយគ្នានេះ អ្នកជំនាញទេសចរណ៍ ក៏បានជំរុញឱ្យម្ចាស់អាជីវកម្មផលិតផលក្នុងស្រុក បង្កើនការផលិតឱ្យបានប្រសើរជាងនេះ ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក។
 
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍ បានលើកឡើងថា តម្រូវការផលិតផលក្នុងស្រុកបានកើន ប៉ុន្តែការផលិតហាក់មិនមានស្តង់ដានៅឡើយ។ បើទោះទីផ្សារបានជំរុញលើផលិតផលក្នុងស្រុកច្រើន ក៏ទំនិញនាំចូលមានច្រើនជាង។ ចំណែក ផលិតផលខ្លះវេចខ្ចប់មិនសូវមានស្តង់ដា ឯសហគ្រិនមួយចំនួនទៀត ផ្តោតតែការនាំចេញច្រើនជាងដាក់លក់លើទីផ្សារក្នុងប្រទេស។


លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា។ រូបភាព៖ ទំព័រហ្វេសប៊ុក លោកស្រី ឆាយ ស៊ីវលីន

អ្នកទេសចរតែងសាកល្បងទទួលយកអ្វីដែលថ្មី ទៅតាមតំបន់នីមួយៗ ដោយនាំយករបស់ទាំងនោះត្រឡប់ទៅ​វិញ។ មិនខុសគ្នាពីភ្ញៀវខ្មែរដែលទៅកម្សាន្តនៅប្រទេសជិតខាង តែងនាំយកផលិតផលទាំងនោះមកប្រទេសកំណើត។ បច្ចុប្បន្ន ផលិតផលដែលមានតម្រូវការខ្លាំង មានដូចជា ផលិតផលបែបកសិកម្មចំណីអាហារ សម្ភារធ្វើដោយដៃ ក្រណាត់សូត្រខ្មែរ សប្បិកម្ម ចម្លាក់ជាដើម។
 
«តាមការសង្កេត មានតែក្រណាត់សូត្រប៉ុណ្ណោះ ដែលអាចផ្គត់ផ្គង់ទីផ្សារបានគ្រប់គ្រាន់។ ប៉ុន្តែ ផលិតផលដែលមានស្តង់ដា ឃើញថាតម្លៃរាងថ្លៃ ព្រោះអាចមកពីវត្ថុធាតុដើម កម្លាំងពលកម្ម ទើបពិបាកដាក់លក់លើទីផ្សារ»។ នេះជាការបញ្ជាក់របស់លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា។
 
ដោយឡែក លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក បានប្រាប់សារព័ត៌មានThmeyThmey25 តាមទូរស័ព្ទថា រាល់ការដាក់តាំងពិព័រណ៌ គឺមិនសូវមានផលិតផលក្នុងស្រុកនោះឡើយ ភាគច្រើនជាផលិតផលនាំចូល។ លើសពីនេះ ម្ចាស់អាជីវកម្មចេះផលិត តែមិនចេះធ្វើទីផ្សារ ទើបធ្វើឱ្យចរាចរនៃផលិតផលនេះ នៅមានកម្រិត។
 
ប្រធានសមាគមរូបនេះ បញ្ជាក់ដូច្នេះថា៖ «អ្វីដែលខ្ញុំមើលឃើញគឺបញ្ហាទីផ្សារ និងមួយទៀតគឺដើមទុន ផលិតនាំចេញ វេចខ្ចប់ នៅមិនទាន់អាចប្រកួតប្រជែងជាមួយផលិតផលប្រទេសជិតខាងនៅឡើយ។ បើទោះជាមាន ក៏មានតិច»។


លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក។ រូបភាព៖ ទំព័រហ្វេកប៊ុក លោក ធួន ស៊ីណាន។

ទន្ទឹមនឹងនេះ​ លោក ធួន ស៊ីណា​ន បានសំណូមពរឱ្យម្ចាស់អាជីវកម្ម ត្រូវស្វះស្វែងរកដៃគូសហការ ដើម្បីផ្សព្វផ្សាយ ផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមកទាំងការផលិត និងដើមទុន។ ក្នុងន័យការអភិវឌ្ឍ ឱ្យសមស្របទៅនឹងដំណើរមកដល់នៃទេសចរក្នុង និងក្រៅប្រទេសផងដែរ។
 
ចំណែក កញ្ញា ស៊ឹង សុផា នាយិកា​ក្រុមហ៊ុន សិលា ផិបភើរ (Sela Pepper) ជារោងចក្រកែច្នៃម្រេចក្នុងស្រុក ​បានចែករំលែកពីបទពិសោធមួយចំនួន ដែលផ្សារភ្ជាប់នឹងប្រព័ន្ធផ្សព្វផ្សាយសម្រាប់ទាក់ទាញអតិថិជន។ បច្ចុប្បន្នដំណើរការផលិតនៃផលិតផលក្នុងស្រុកមានការកើនឡើង និងគាំទ្រគួរឱ្យកក់សម្គាល់ ដោយសារមានចូលរួមពីរាជរដ្ឋាភិបាល អង្គការដៃគូរ ជួយផ្សព្វផ្សាយ ធ្វើទីផ្សារ ដូចនេះហើយទើបធ្វើឱ្យផលិតផលក្នុងស្រុកមានការរីកចម្រើន។
 
កញ្ញា សុផា បន្តដូច្នេះ៖ «ដោយសារតែក្នុងឆ្នាំ២០២២ទើបតែធូរស្រាលពីកូវីដ ទើបដំណើរដើមឆ្នាំមិនសូវបានល្អ ចំពោះពាក់កណ្ដាលឆ្នាំ យើងសង្កេតឃើញថាការលក់មានការប្រសើរឡើង។ ចំពោះ ឆ្នាំ២០២៣ អ្វីដែលយើងរំពឹងទុក គឺការទំនាក់ទំនងជាមួយភ្ញៀវ​ និងបង្កើតការផ្សព្វផ្សាយពីផលិតផលទៅកាន់ទីផ្សារអន្តរជាតិ»។


កញ្ញា​ ស៊ឹង សុផា នាយិកា​ក្រុមហ៊ុន Sela Pepper ។ រូបភាព៖ កញ្ញា ស៊ឹង សុផា។

សូមជម្រាបដែរថា កាលពីឆ្នាំ២០២២កន្លងទៅ ស្ថិតក្នុងពិព័រណ៍ពាណិជ្ជកម្មឆ្នាំ២០២២ (Cambodia Biz fair 2022) នៅខេត្តព្រះសីហនុ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានលើកទឹកចិត្តឱ្យម្ចាស់អាជីវកម្ម នាំយកផលិតផលក្នុងស្រុកទូទាំងប្រទេសកម្ពុជាមកដាក់តាំងពិព័រណ៍ក្នុងព្រឹត្តិការណ៍ទេសចរណ៍នានា។  សកម្មភាពនេះ  ដើម្បី​លើកស្ទួយផលិតផលក្នុងស្រុក ជំរុញជីវភាពប្រជាពលរដ្ឋមូលដ្ឋានដែលជាអ្នកផលិត ព្រមទាំងអាចបង្ហាញប្រាប់ភ្ញៀវទេសចរ ឬអ្នកទិញឱ្យបានដឹងពីទីតាំងផលិត ប្រភពជឿទុកចិត្ត និងទីផ្សារលក់ផលិតផលទាំងនោះផងដែរ៕            
 

Tag:
 ThmeyThmey25
 ​ ផលិតផលក្នុងស្រុក
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com