ជាតិ
យុវជនសកម្ម សេវាល្អ
កំពង់ធំ៖ សិស្សសាលាបឋមសិក្សាក្ដីដូង ១៣នាក់ បានឈប់រៀនព្រោះជីវភាពខ្វះខាត ក្នុងឆ្នាំ២០២២ 
សាលាបឋមសិក្សាក្ដីដូង ស្ថិតក្នុងឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ រូបភាពផ្ដល់ដោយ លោក ហេង ភារ៉ុម។
×![]()
ដោយ៖ យន់ តាន់អា (យុវជនឃុំក្ដីដូង)
ស្រុកកំពង់ស្វាយ, កំពង់ធំ៖ ក្នុងឆ្នាំសិក្សា២០២២កន្លងទៅ សិស្សសាលាបឋមសិក្សាក្ដីដូង ស្ថិតក្នុងឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ចំនួន១៣នាក់បោះបង់ការសិក្សា ក្នុងនោះសិស្សស្រីចំនួន៤នាក់។ លោក ហេង ភារ៉ុម នាយករងនៃសាលាបឋមសិក្សាក្ដីដូង បានឱ្យដឹងថា សិស្សដែលបោះបង់ការសិក្សានោះ ដោយសារជីវភាពគ្រួសារខ្វះខាត ទើបត្រូវឈប់រៀន ដើម្បីជួយរកចំណូលសម្រាប់គ្រួសារពួកគេ។
លោក ហេង ភារ៉ុម បញ្ជាក់ប្រាប់យុវជនឃុំក្ដីដូង កាលពីចុងខែវិច្ឆិកាកន្លងទៅ សិស្សដែលបោះបង់ការសិក្សាទាំងនោះ ត្រូវបានជំនួសដោយការងារប្រើប្រាស់កម្លាំងពលកម្ម ដើម្បីជួយសម្រាលបន្ទុកគ្រួសារពួកគេ។ ការងារដែលពួកគេធ្វើទាំងនោះដូចជា រើសគ្រាប់ស្វាយចន្ទី ការងារហាល ឬវាសជន្លេន រត់តុក្នុងកម្មវិធីមង្គលការជាដើម។
សម្រាប់លោកនាយករងរូបនេះ ការបោះបង់ការសិក្សារបស់សិស្សទាំងវ័យក្មេងជាកង្វល់ដ៏ធំមួយរបស់ខ្លួន ក៏ដូចជាគ្រូដទៃទៀត។ កន្លងមកលោកគ្រូអ្នកគ្រូ តែងតែព្យាយាមទំនាក់ទំនងទៅកាន់សិស្សានុសិស្សទាំងនោះ មកបន្តការសិក្សារបស់ពួកគេ ប៉ុន្តែពួកគេបដិសេដ ក្រោមហេតុផលជួយរកចំណូលជួយគ្រួសារ។ លោក ហេង ភារ៉ុម រៀបរាប់ដូច្នេះ៖ «យើងតែងតេ(ទូរស័ព្ទ)ហៅដែរ ជួនកាលគាត់ថា គាត់ឈប់រៀនហើយជួយការងារម៉ែឪ ខ្លះថាទៅរកលុយម៉ែឪក្រ ហើយយើងក៏មិនដឹងធ្វើម៉េច ហើយយើងតែងប្រជុំ និងប្រាប់ឃុំផងដែរ»។
បញ្ហាដែលធ្វើឱ្យសិស្សបោះបង់ការសិក្សាមួយទៀតនោះ គឺការមិនជំរុញពីអាណាព្យាបាល ឬការមិនយល់ពីតម្លៃ នៃការអប់រំនៅសាលារៀន របស់អាណាព្យាបាល។ លោក ហេង ភារ៉ុម បន្ថែមទៀតថា៖ «តែងតេសួរនាំ ពេលខ្លះឪពុកម្ដាយហ្នឹងឱ្យឈប់បណ្ដោយ ជួយរកលុយជួយការងារនេះ ការងារនោះ។ បើនិយាយពីពិបាកនោះ ដូចមិនពិបាកនោះទេ គាត់ចេះតែចង់បានលុយពីកូន ឱ្យកូនធ្វើការងារទាំងក្មេង»។
សម្រាប់លោក ហេង ភារ៉ុម ការអប់រំនៅសាលាពិតជាសំខាន់ណាស់ ដែលវាជាកាតព្វកិច្ចមួយរបស់អាណាព្យាបាលគ្រប់រូបដែលត្រូវបញ្ជូនកូនៗរបស់ពួកគេមកសាលារៀន យ៉ាងហោចណាស់ឱ្យពួកគេទទួលបានការអប់រំ ត្រឹមថ្នាក់ទី៩ដែរ។ លោកក៏បានអំពាវនាវឱ្យអាណាព្យាបាលគ្រប់រូបបន្តជំរុញ និងគាំទ្រ ដល់ការបញ្ជូនកូនៗរបស់ពួកគេមកសាលារៀនឱ្យបានគ្រប់ៗគ្នា៕
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
Tag:
ThmeyThmey
សិស្សបោះបង់ការសិក្សា
សាលាបឋមសិក្សាក្ដីដូង
© រក្សាសិទ្ធិដោយ thmeythmey.com