ជាតិ
យុវជនសកម្ម សេវាល្អ
កំពង់ធំ៖ គម្រោងអភិវឌ្ឍន៍ឃុំក្ដីដូងក្នុងឆ្នាំ២០២៣ ផ្តោតសំខាន់លើការជួសជុលផ្លូវ
15, Jan 2023 , 6:59 pm        
រូបភាព
ដោយ៖ ហេង សោភា(យុវជនឃុំក្ដីដូង)

ស្រុកកំពង់ស្វាយ, កំពង់ធំ៖ ​បញ្ហាគ្រោះទឹកជំនន់ដែលបានកើតឡើងក្នុងភូមិសាស្ត្រ ឃុំក្ដីដូង ក្នុងស្រុកកំពង់ស្វាយ ក្នុងឆ្នាំ២០២២ បានបណ្ដាលឱ្យ ផ្លូវ និងលូ ខូចខាតជាច្រើន។ តាមការបញ្ជាក់របស់មេឃុំក្តីដូង ​ភូមិអូរសំបួរ ជាភូមិមួយក្នុងចំណោមភូមិទាំង៤នៃឃុំក្តីដូង ដែលរងគ្រោះដោយសារគ្រោះធម្មជាតិនេះ ធ្ងន់ធ្ងរជាងគេ។

 
បន្ទាប់ពីគ្រោះទឹកជំនន់ស្រកចុះ អាជ្ញាធរឃុំក្ដីដូង បានវាយតម្លៃនៃការខូចខាត។ លោក ថូ ថាំង មេឃុំក្ដីដូងបានប្រាប់ប្រាប់យុវជនឃុំក្ដីដូង កាលពីចុងខែវិច្ឆិកាថា គ្រោះទឹកជំនន់បានធ្វើឱ្យស្រូវពលរដ្ឋជាង ៧០០ហិកតា ត្រូវខូចខាត។ ចំណែកផ្លូវ និងលូ បាក់បែកជាអន្លើៗចំនួន១៩កន្លែង។ 
  
លោក ថូ ថាំង មេឃុំក្ដីដូង។ 

បន្ទាប់ពីស្ថានភាពខាងលើនេះ លោក ថូ ថាំង បញ្ជាក់ថា ការអភិវឌ្ឍ និងជួសជុលផ្លូវឡើងជាអាទិភាពសំខាន់ជាងគេ និងជាសកម្មភាពការងារចម្បង ក្នុងគម្រោងអភិវឌ្ឍន៍ឆ្នាំ២០២៣។ លោក អះអាងបន្ថែមទៀតថា៖ «មិនមានអ្វីសំខាន់ជាងផ្លូវឡើយ​! បើគ្មានផ្លូវបើកប្រជាពលរដ្ឋបង្កបង្កើនផល ដឹកយកមកលក់ម៉េចបាន? តែដាច់ផ្លូវហើយ ស្រូវចុះថោកអត់មានអ្នកទៅយក(ទិញ)»។
 
លោកបន្ថែមទៀតថា ផ្លូវធ្វើដំណើរមិនត្រឹមតែចូលរួមក្នុងការលើកកម្ពស់ជីវភាពប្រជាជនប៉ុណ្ណោះទេ ការមានផ្លូវប្រើប្រាស់នឹងធ្វើឱ្យមានភាពប្រសើរឡើង នូវការទៅទទួលសេវាសាធារណៈនានាដូចជា សេវានៅសាលាឃុំ, មណ្ឌលសុខភាព និងការទៅសាលារបស់សិស្សានុសិស្ស។ 
 
យ៉ាងណាមិញ ការជួសជុលផ្លូវនេះ ត្រូវឆ្លងកាត់ការដេញថ្លៃគម្រោង យ៉ាងតិចក្រុមហ៊ុនឯកជនចូលរួមចំនួន៣ ដើម្បីដេញថ្លៃយកគម្រោងជួសជុលនេះ។ ការណ៍នេះដើម្បីទទួលបានផ្លូវមានគុណភាព និងចំណាយលុយតិច។ ការជួសជុលផ្លូវនេះទៀតសោតក៏ត្រូវមានការចូលរួមពីពលរដ្ឋផងដែរ គឺមានការគាំទ្រពីពលរដ្ឋដើម្បីសម្រេចចិត្តធ្វើ
យ៉ាងតិច៦០ភាគរយផងដែរ៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្មសេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 

Tag:
 ThmeyThmey
  ភ្លឺបំភ្លឹផ្លូវ
  ឃុំក្ដីដូង
  កំពង់ធំ
© រក្សាសិទ្ធិដោយ thmeythmey.com